Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! Anutin Charnvirakul ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ

បានផុស

នៅ

នាថ្ងៃទី៥​ខែ​កញ្ញា​ឆ្នាំ​២០២៥​នេះ សភាបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រី​ទី​៣២​របស់ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anutin ទទួលបានសំឡេងគាំទ្រ ៣១១ ទល់នឹងសំឡេង​គាំទ្រ ១៥២​របស់​លោក Chaikasem Nitisiri នៃ គណបក្ស​ភឿថៃ ខណៈ​មាន ២៧​សំឡេងអនុប្បវាទ។ ការ​ជាប់​ឆ្នោត​នេះ ក៏​បាន​មក​ពី​ការគាំទ្រពីគណបក្សប្រជាជន ដែលបានទាមទារ​ឲ្យ​លោករំលាយសភាក្នុងរយៈពេល ៤​ខែ និងធ្វើប្រជាមតិសម្រាប់រដ្ឋធម្មនុញ្ញថ្មី។

មុន​បោះឆ្នោតថ្ងៃនេះ លោក Anutin ធ្លាប់​បាននិយាយថា គោលដៅរបស់គាត់គឺដើម្បីប្រគល់អំណាចជូនប្រជាជន និងដឹកនាំប្រទេសថៃតាមរយៈការផ្លាស់ប្តូរដ៏ខ្លីមួយ នៅ​មុន​ការបោះឆ្នោតថ្មី។

ជ័យជម្នះរបស់លោកកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បានដកតំណែង​អតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា ពីបទបំពានច្បាប់ក្រមសីលធម៌ក្នុងការហៅ​ទូរសព្ទ​ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។ លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ។

សូម​ជម្រាប​ថា លោក Anutin Charnvirakul មានឈ្មោះហៅក្រៅថា «នូ» គឺជាអ្នកជំនួញ ជាអ្នកនយោបាយ​ថៃដ៏លេចធ្លោម្នាក់ផង ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រីពីឆ្នាំ២០២៣ រហូតដល់លាលែងពីតំណែងនៅ​ពាក់កណ្តាល​​ខែ​មិថុនា​ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ លោក Anutin កាន់​តំណែង​ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងរដ្ឋាភិបាលរបស់លោកប្រាយុធ​ ចាន់​អូចា​ និងជាបុគ្គលសាធារណៈមួយរូប ដែលទទួលបន្ទុកគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ​។

លោក Anutin មាន​សាលោហិត​​មកពីខេត្តក្វាងទុងប្រទេសចិន ដោយ​មានឈាមជ័រជាកូនកាត់ ថៃ-ចិន ដែលកើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៦៦ នៅទីក្រុងបាងកក និងជាកូនប្រុស​របស់​ លោក Chavarat Charnvirakul អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរដ្ឋាភិបាលលោក Abhisit Vejjajiva។ លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាលា Assumption College និងឧត្តមសិក្សាផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Hofstra នៃ​ទីក្រុង​ញូវយ៉ក​ ស​ហរដ្ឋអាមេរិក​ក្នុងឆ្នាំ ១៩៨៩ ។

មិនតែប៉ុណ្ណោះ លោកគឺជាអ្នកស្នងមរតករបស់ក្រុមហ៊ុនសំណង់ដ៏ធំមួយនោះគឺ Sino-Thai Engineering and Construction PCL ដោយបានសាងសង់គម្រោងធំរបស់រដ្ឋាភិបាលជាច្រើន ដូចជា អាកាសយានដ្ឋានសុវណ្ណភូមិរបស់​ទីក្រុងបាងកក។

ចំណែកឯ ជីវិតឯកជន​វិញ លោក Anutin បានឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន​៣ដង លើកដំបូងនៅឆ្នាំ១៩៩០ ដោយបន្សល់កូនពីរនាក់ក្នុងបន្ទុក។ ក្រោយមក លោកបានរៀបការលើកទី២ ជាមួយភរិយាថ្មី ហើយ​ក៏លែងលះគ្នាម្ដងទៀត។ បច្ចុប្បន្ន​លោក​កំពុងមានទំនាក់ទំនងស្នេហាជាមួយភរិយាទី៣ និងបានប្រកាសជាផ្លូវការផងដែរ។

ដោយឡែក ងាកមកាន់អាជីពជាអ្នកនយោបាយឯនេះវិញ នៅឆ្នាំ ១៩៩៦ លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ដោយក្លាយជាទីប្រឹក្សា របស់​ លោក Prachuap Chaiyasan (រដ្ឋមន្ត្រីក្រសួងការបរទេស) និងធ្វើជាអនុរដ្ឋមន្ត្រីក្រសួងសាធារណៈការពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៥ និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងនាំ ២០០៤។

បន្ទាប់មក លោក Anutin ត្រូវបានហាមឃាត់ពីតំណែងនយោបាយរយៈពេល៥ឆ្នាំ ដោយសារតែ​ជា​ប់​បម្រាម ព្រោះតែ​ជា​សមាជិកភាពនៃគណបក្ស​ថៃ​រ៉ាក់​ថៃដែល​ត្រូវ​រំលាយ​ដោយ​​តុលាការ​ធម្មនុញ្ញ​។ ក្រោយផុត​កំណត់​សិទ្ធិ​នយោបាយ​នៅ​ឆ្នាំ ២០១២ លោក​បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិក​គណបក្ស Bhumjaithai ដែល​ជា​គណបក្ស​មេ​របស់​លោក Chavarat Charnvirakul ជា​ឪពុក​របស់​លោក​ ដែលផ្លាស់​មក​ពី​គណបក្ស​អំណាច​ប្រជាជន។​ នៅឆ្នាំដដែល លោកបាន​ជាប់​ឆ្នោត​ជា​មេ​បក្ស​បន្ត​ពី​ឪពុក​របស់​គាត់។

ចំណែកឯនៅក្នុងតួនាទីក្នុង​រដ្ឋសភាឯណោះវិញ លោកធ្លាប់ជាសមាជិកសភា និងបានកាន់តំណែងជារដ្ឋមន្ត្រីជាច្រើន រួមមាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

នៅក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin បានប្រឈមនឹងបញ្ហាក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ រហូតដល់សង្គម និងបុគ្គលិកពេទ្យមួយចំនួនបានរិះគន់និងប្រតិកម្មជាសាធារណៈបែបអវិជ្ជមានលើការអនុវត្ត និងការគ្រប់គ្រង​ស្ថានការណ៍។ លោកបានបញ្ចេញមតិប្រមាថមើលងាយជនបរទេសជាបន្តបន្ទាប់។

ដោយកាលណោះ លោកសរសេរនៅលើគណនី Twitter ថា ជនបរទេស (ពួកលោកខាងលិច) បានភៀសខ្លួនពីប្រទេសពួកគេដើម្បីសុវត្ថិភាពក្នុងប្រទេសថៃ។ ជនបរទេសជាច្រើនស្លៀកពាក់កខ្វក់និងមិនងូតទឹក ទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស ហើយនេះជាហេតុផលដែលប្រទេសថៃកំពុងឆ្លងដោយវីរុស SARS-CoV-2 ។

ជាងនេះទៅទៀត លោកក៏ជាអ្នកជំរុញឬគាំទ្រ ក្នុងការធ្វើឲ្យ​រុក្ខជាតិ​កញ្ឆា​ក្លាយជា​ទំនិញ​ឈានមុខគេ និងស្របច្បាប់នៅក្នុង​ផ្នែកវេជ្ជសាស្រ្ត។ នៅខែឧសភា ឆ្នាំ២០២២ គាត់បាននិយាយថា ក្រសួងនឹងផ្តល់ឲ្យរុក្ខជាតិកញ្ឆាចំនួន១លានដើម ដល់​គ្រួសារថៃ សម្រាប់ការដាំដុះដោយគ្មានអាជ្ញាប័ណ្ណ។ កាលណោះ ថៃបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែល​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​​មាន​ការ​លក់​និង​ប្រើប្រាស់​កញ្ឆា​ ដែល​នាំ​​ឲ្យ​​មាន​កំណើន​ហាង​លក់ និងផលិតផលកញ្ឆា​យ៉ាង​ច្រើនសន្ធឹកសន្ធាប់៕

ដោយ៖ ឈាង

ចុចអាន៖ អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម