Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសក្តែងៗថា ណាតូនិង EU កំពុងធ្វើសង្គ្រាមជាមួយខ្លួន

បានផុស

នៅ

ស្ថានភាពកាន់តែឡើងកម្តៅហើយដោយពេលនេះ ប្រទេសរុស្ស៊ីបានប្រកាសដោយចំហថា អង្គការណាតូ និងសហភាពអឺរ៉ុប (EU) កំពុងធ្វើសង្គ្រាមជាមួយនឹងខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥។

តាមការផ្សាយរបស់ RT, អ្នកការទូតកំពូលរុស្ស៊ីរូបនេះនិយាយដោយឥតលាក់លៀមថា វិបត្តិនៅអ៊ុយក្រែនគឺបង្កឡើងដោយបស្ចិមប្រទេស ដែលតាមរយៈនោះ អង្គការណាតូនិង EU បានប្រកាសសង្គ្រាមពិតប្រាកដលើប្រទេសរុស្ស៊ី ហើយពួកគេកំពុងចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនោះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូបថត៖ Reuters)

នេះមិនមែនទើបលើកដំបូងឡើយដែលរុស្ស៊ីចង្អុលចំៗថា ណាតូកំពុងធ្វើសង្គ្រាមជាមួយខ្លួន។ ជាក់ស្តែង នៅពាក់កណ្តាលខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ក៏ប្រកាសដែរថា ណាតូ ​កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន។

លោកព្រមានថា «គ្មានអ្វីត្រូវសង្ស័យទៀតឡើយ ហើយក៏មិនចាំបាច់រកព័ស្តុងតាងអ្វីបន្ថែមទៀតដែរ ណាតូកំពុងចូលរួមក្នុងសង្គ្រាមយ៉ាងជាក់ស្តែង តាមរយៈការផ្តល់ជំនួយយោធាឲ្យទីក្រុងកៀវ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov

សូមជម្រាបជាថ្មី បើយោងតាមវិទ្យាស្ថាន Kiel របស់ប្រទេសអាល្លឺម៉ង់, មានប្រទេសចំនួន៤១ មានចំណែកក្នុងសង្រ្គាមរបស់អ៊ុយក្រែនចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈជំនួយយោធា មនុស្សធម៌ ឬហិរញ្ញវត្ថុ។

ការគាំទ្រភាគច្រើនបានមកពីសមាជិក ណាតូ ដោយរដ្ឋចំនួន ២៩ ក្នុងចំណោមរដ្ឋទាំង ៣២ របស់ខ្លួនបានផ្តល់មូលនិធិ ក៏ដូចជាប្រព័ន្ធអាវុធនានាចាប់ពីរថពាសដែក កាំភ្លើងធំ យន្តហោះ និងប្រព័ន្ធការពារដែនអាកាស រហូតដល់ដ្រូន មីស៊ីល និងសព្វាវុធផ្សេងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វិមានក្រឹមឡាំង ប្រាប់ទៅលោកត្រាំ៖ «រុស្ស៊ីជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម