Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស​ទាមទារ​ឲ្យ​ដោះលែង​សមាជិកដែល​ប្រយុទ្ធ​ថ្ងៃ​៧តុលា ជាថ្នូរ​នឹង​ចំណាប់ខ្មាំង

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយរបស់ The Telegraph ក្រុមហាម៉ាសបានទាមទារឲ្យមានការដោះលែងក្រុម​សកម្មប្រយុទ្ធដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៧​​ខែតុលាលើប្រទេសអ៊ីស្រាអែល។ ការ​ទាមទារ​នេះ​ ធ្វើ​ឡើងអំឡុងពេលការចរចាបទឈប់បាញ់ និង​ដោះលែង​ចំណាប់ខ្មាំង​ដោយប្រយោល ជាមួយអ៊ីស្រាអែលនៅក្នុង​ទីក្រុង​គែវ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហាម៉ាស ត្រូវគេរាយការណ៍ថាបានស្នើសុំ​ឲ្យ​សមាជិកនៃអង្គភាពឥស្សរជន Nukhba របស់ខ្លួនដែលបានដឹកនាំការវាយលុកកាលពីថ្ងៃទី៧​ខែតុលាឆ្នាំ​២០២៣​ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃជនជាតិប៉ាឡេស្ទីនដែលបានកំណត់សម្រាប់ការដោះលែង ជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅតែត្រូវបានឃុំខ្លួន​ក្នុងតំបន់ហ្គាហ្សា។

ការទាមទារនេះ បង្កជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ៊ីស្រាអែល ដែលកន្លង​មក​បានបដិសេធឥតឈប់ឈរក្នុងការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនក្នុងអំឡុង​ការវាយប្រហារកាលពីថ្ងៃទី៧​ខែ​តុលា ដោយលើកឡើងពីផលប៉ះពាល់ផ្នែកនយោបាយ និងសន្តិសុខនៃទង្វើបែបនេះ។

សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល បានចុះផ្សាយ​ថា ក្រុមហាម៉ាសក៏ចង់​ឲ្យមានការដោះលែងអ្នកទោស ដែលមានឋានៈខ្ពស់ជាច្រើននាក់ ដែលជាប់ពន្ធនាគារអស់មួយជីវិតពីបទរៀបចំការវាយប្រហារក្នុងអំឡុងពេលចលនា​ប្រឆាំង​អ៊ីស្រាអែល​កាល​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៥​ផង​ដែរ។

នៅក្រោមគ្រោងការណ៍​បណ្តោះអាសន្ននៃកិច្ចព្រមព្រៀងដែលផ្តល់ដោយអាមេរិក អ៊ីស្រាអែលនឹងដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ២៥០​នាក់ ក្នុងចំណោម​ជន​ជាតិ​ប៉ាឡេស្ទីន​ ២៨៥​នាក់ដែលកំពុង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ មន្ត្រីអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងវេតូការ​ទាមទារ​របស់​ហាម៉ាស ក្នុង​ការ​ដោះលែង​សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន ដោយ​ក្នុង​នោះ​មាន​ទាំងលោក Marwan Bargouti ដែលជាមេដឹកនាំ Fatah ដ៏មានប្រជាប្រិយដែលប្រជាជនប៉ាឡេស្ទីនមួយចំនួនមើលឃើញថាជាប្រធានាធិបតីនាពេលអនាគតដ៏មានសក្តានុពល។

រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល​លោក Itamar Ben-Gvir និងមន្ត្រីសន្តិសុខ​ជាច្រើននាក់​ទៀត​ តាមសេចក្តីរាយការណ៍បានព្រមាននាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹងការដោះលែងអ្នកជាប់ឃុំដែលមានឋានៈខ្ពស់បែបនេះ។

ការចរចាបានបន្តកាលពីថ្ងៃចន្ទនៅទីក្រុងរមណីយដ្ឋានអេហ្ស៊ីប Sharm el-Sheikh ដោយមានគណៈប្រតិភូមកពីអ៊ីស្រាអែល ក្រុមហាម៉ាស និងតំណាងសហរដ្ឋអាមេរិកចូលរួមដោយប្រយោល។ អ្នកចរចាអ៊ីស្រាអែលលោក Ron Dermer នឹងទៅ​ដល់​នា​ថ្ងៃអង្គារ​ទី​៧ខែ​តុលា​នេះ ដោយមានការចូលរួម​ពី​បេសកជនរបស់ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គឺ​លោក Steve Witkoff និង​​លោក Jared Kushner។

លោក ត្រាំ បានជំរុញ​ឲ្យ​ភាគីទាំងអស់«ចាត់វិធានការ​យ៉ាងលឿន» ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដោយនិយាយថា «ដំណាក់កាលទីមួយ»ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងអ្នកទោស គួរតែត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។

ការខ្វែងគំនិតគ្នានៅតែមានលើពេលវេលានៃការដកកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចេញពីតំបន់ហ្គាហ្សា និងយន្តការសម្រាប់ការរំសាយអាវុធក្រោមផែនការសន្តិភាព ២០ចំណុចរបស់លោក ត្រាំ។ សំណើ​នេះ​អំពាវនាវ​​​ឲ្យ​​​ហ្កាហ្សា​​ក្លាយ​ជា​តំបន់​គ្មាន​យោធា​ដែល​គ្រប់គ្រង​ដោយ​កង​កម្លាំង​ស្ថិរភាព​អន្តរជាតិ ដែល​ទំនង​ជា​មាន​កង​ទ័ព​អារ៉ាប់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម