Connect with us

សុខភាព

តើការបរិភោគអាហារដែលមានជាតិប្រៃលើសលប់ អាចបណ្តាលឱ្យកើតជំងឺទឹកនោមប្រៃ ឬទេ?

បានផុស

នៅ

អំបិលមានតួនាទីសំខាន់ មិនអាចខ្វះបាន សម្រាប់សរីរាង្គរបស់យើង ដូចជា ចូលរួម និងការស្រូបយកសារធាតុចិញ្ចឹម ក៏ដូចជាជាតិទឹកចូលទៅក្នុងកោសិកា, ធ្វើឱ្យសាច់ដុំរបស់យើងកន្ត្រាក់បានល្អ ជាពិសេសសាច់ដុំបេះដូង, ជួយបញ្ជូនសារ បញ្ជូនព័ត៌មានពីសរីរាង្គយើងទៅកាន់ខួរក្បាល និងពីខួរក្បាល ត្រឡប់ទៅកាន់សរីរាងរបស់យើងដើម្បីឆ្លើយតបជាមួយនឹងបរិយាកាសខាងក្រៅ និងជួយរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួនដូចជាសម្ពាធឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អង្គការសុខភាពពិភពលោក បានណែនាំឱ្យញ៊ាំអំបិលនៅក្នុងមួយថ្ងៃ ៥ក្រាម ឬស្មើនឹង ២ក្រាមនៃជាតិសូដ្យូម។ តើការបរិភោគអាហារដែលមានជាតិប្រៃលើសលប់ អាចបណ្តាលឱ្យកើតជំងឺទឹកនោមប្រៃ ឬទេ?

តាមរយៈវីដេអូចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត វេជ្ជបណ្ឌិត ស៊ន បុប្ផាផល ឯកទេសតម្រងនោម និងលាងឈាម នៅមជ្ឈមណ្ឌលលាងឈាម និងវេជ្ជសាស្ត្រតម្រងនោម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ការបរិភោគអាហារដែលមានជាតិប្រៃលើសលប់ អាចបណ្តាលឱ្យកើតជំងឺទឹកនោមប្រៃ ប៉ុន្តែ អាចដោយប្រយោល មិនមែនដោយផ្ទាល់ទេ។ វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា ការបរិភោគអាហារដែលមានរសជាតិប្រៃលើសលប់ វាធ្វើឱ្យប្រឈមជាមួយនឹងជំងឺសរសៃឈាមបេះដូង ដូចជាការលើសឈាមជាដើម ហើយការលើសឈាមនេះហើយ គឺជាមូលហេតុដែលអាចធ្វើឱ្យមានជំងឺខ្សោយតម្រងនោម ឬទឹកនោមប្រៃ។

វេជ្ជបណ្ឌិត ស៊ន បុប្ផាផល ឯកទេសតម្រងនោម និងលាងឈាម

វេជ្ជបណ្ឌិតឯកទេសតម្រងនោម និងលាងឈាម រូបនេះ បានពន្យល់ថា ថ្វីត្បិតតែអំបិលមានសារប្រយោជន៍សម្រាប់សរីរាងរបស់យើង ប៉ុន្តែបើសិនជាយើងបរិភោគក្នុងបរិមាណមួយដែលលើសលប់ មានន័យថាលើសពី ៥ក្រាម នៃអំបិលក្នុងមួយថ្ងៃ វានឹងផ្តល់ផលវិបាកមួយចំនួនដល់សរីរាង្គរបស់យើង ដូចជា ប្រឈមនឹងជំងឺសរសៃឈាមបេះដូងដែលធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមខួរក្បាល ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមតម្រងនោម និងវាអាចធ្វើឱ្យយើងឡើងគីឡូផងដែរ។

ក្នុងចំណោមផលវិបាកដែលបានលើកឡើង វេជ្ជបណ្ឌិត ស៊ន បុប្ផាផល បានផ្តោតទៅលើផលវិបាកចំពោះតម្រងនោម ដោយបានបែងចែកជា២។ ទី១ គឺសំដៅទៅលើអ្នកជំងឺដែលមានបញ្ហាតម្រងនោមស្រេច ដូចជាមានខ្សោយតម្រងនោម ឬអ្នកមានជំងឺទឹកនោមប្រៃ និងទី២ សំដៅទៅលើអ្នកដែលមិនមានបញ្ហាតម្រងនោម។

ចំពោះ​អ្នកជំងឺដែលមានបញ្ហាតម្រងនោមស្រេច ដូចជាអ្នកមានខ្សោយតម្រងនោម ឬមួយក៏មានជំងឺទឹកនោមប្រៃ កាលណាដែលបរិភោគអាហារដែលមានរសជាតិប្រៃលើសលប់ វាធ្វើឱ្យសម្ពាធឈាមកើនឡើងនៅក្នុងខ្លួន ហើយសម្ពាធឈាមកើនឡើងនឹងហើយវាជាកត្តាបំផ្លាញដល់សរសៃឈាមតម្រងនោមរបស់យើង ដែលអាចធ្វើឱ្យជំងឺខ្សោយតម្រងនោមគាត់វិវឌ្ឍន៍កាត់តែលឿន។ សម្រាប់អ្នកជំងឺ ដែលមានជំងឺទឹកនោមប្រៃស្រាប់ ក្នុងករណីដែលពិសាអាហារដែលមានរសជាតិប្រៃលើសលប់ចូលទៅក្នុងខ្លួន វាជាហេតុផលមួយធ្វើឱ្យសម្ពាធឈាមរបស់គាត់ហក់ឡើង ពិបាកក្នុងការគ្រប់គ្រង កត្តានេះហើយនឹងធ្វើឱ្យស្ថានភាពតម្រងនោមគាត់កាន់តែវិវឌ្ឍន៍អាក្រក់ទៅៗ។

ដើម្បីបង្ការជំងឺទឹកនោមប្រៃ វេជ្ជបណ្ឌិត ស៊ន បុប្ផាផល បានណែនាំឱ្យបង្កើនការធ្វើម្ហូបអាហារ នៅផ្ទះខ្លួនឯង ព្រោះការធ្វើម្ហូបអាហារនៅផ្ទះខ្លួនឯង គឺអាចឱ្យយើងកំណត់ជាតិប្រៃ ឬក៏ជាតិអំបិលបានដោយងាយស្រួល ហើយអាចបន្ថែមនូវគ្រឿងទេសមួយចំនួនដូចជាខ្ញី ម្រេច ដើម្បីបន្លប់នូវតម្លូវការនៃជាតិប្រៃរបស់អណ្តាតរបស់យើង។ វេជ្ជបណ្ឌិតរូបនេះ ក៏បានលើកទឹកចិត្តឱ្យជ្រើសយកអាហារស្រស់ដូចជា បន្លែ ត្រី សាច់ស្រស់ៗ ជាជាងជ្រើសរើសយកអាហារកែច្នៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម