Connect with us

សុខភាព

តើ​ជំងឺភ្នែក​ឡើងបាយ អាច​បញ្ចប់​ការ​មើល​ឃើញ​របស់​អ្នក​ឬទេ​?

បានផុស

នៅ

១) អ្វី​ទៅជា​ភ្នែក​ឡើងបាយ​?

​ភ្នែក​ឡើងបាយ គឺជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវភ្នែក ដែល​ស្ថិត​នៅ​ក្រោយ​កូនក្រមុំ ដោយ​កែវភ្នែក​ ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរជា​មាន​ភាព​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជាហេតុ​បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លងកាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​ នៅ​បាត​ភ្នែក​បាន​ធ្វើ​ឲ្យ​គំហើញ​មានការ​ថយ​ចុះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) អាការៈ និង​រោគសញ្ញា​ភ្នែក​ឡើងបាយ

​រោគសញ្ញា​ចម្បង​នៃ​ជំងឺ​ភ្នែក​ឡើងបាយ គឺ​ការ​ថយ​ចុះ​នៃ​គំហើញ​បន្តិច​ម្តងៗ ហើយ​អ្នកជំងឺ​ក៏​អាច​មាន​អាកា​រៈ​ផ្សេងៗ​ទៀត​ដូច​ខាង​ក្រោម​

– មើល​ឃើញ​រាង​ច្បាស់​បន្តិច នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល​។​

– មើល​ឃើញ​បែកផ្សែង និង​ស្រវាំងភ្នែក​ជាង​ធម្មតា នៅ​ពេល​ដែល​ស្ថិត​នៅក្រោម​ពន្លឺ​ថ្ងៃ​ភ្លឺ​ខ្លាំង ឬ​នៅ​ពេល​មាន​ពន្លឺ​ភ្លើង​ចាំង​មក​ចំ​ភ្នែក​នៅ​ពេល​យប់​។​

– កូនក្រមុំ​មាន​ពណ៌​ស និង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ នៅ​ពេល​ដែល​បាយ​ឡើង​ក្រាស់​ខ្លាំង​។​

– ក្នុង​ករណី​កម្រិត​បាយ​នៅ​តិច អ្នកជំងឺ​មើល​ឆ្ងាយ​មិន​ច្បាស់ ដោយមាន​ការ​ផ្លាស់ប្តូរ​វ៉ែនតា​សម្រាប់​មើល​ឆ្ងាយ​ញឹកញាប់ ប៉ុន្តែ​អ្នកជំងឺ​អាច​មើល ឬ​អាន​អក្សរ​ជិតៗ​បាន​ដោយ​មិនចាំបាច់​ពាក់​វ៉ែនតា​មើល​ជិត​។​

– ក្នុង​ករណី​កម្រិត​បាយ​ឡើង​ស្រអាប់​ខ្លាំង អ្នកជំងឺ​មិន​អាច​មើល​ឃើញ​ច្បាស់​ទាំង​ឆ្ងាយ និង​ទាំង​ជិត​។​

៣) មូលហេតុ​បង្ក​ជំងឺ​

​មូលហេតុ​ដែល​អាច​បណ្តា​ល​ឲ្យ​មាន​ជំងឺភ្នែកឡើងបាយ​រួមមាន​

– អាយុ​ច្រើន និង​ភាព​ចាស់ជរា​

– ជំងឺ​ទឹកនោមផ្អែម​

– ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​

– ជំងឺ​រលាក​ប្រ​ស្រី​ភ្នែក​

– ការប៉ះទង្គិច ឬ​របួស​ទៅលើ​គ្រាប់ភ្នែក​

– ការធ្វើការងារ​ ដែល​ស្ថិត​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ជា​ញឹកញាប់​

– ការកើតមាន​ពី​កំណើត​ទៅលើ​កុមារ ឬ​ទារក (​ដូចជា​ក្នុង​កំឡុងពេល​ម្តាយ​មាន​ជំងឺ​ស្អូច​ជាដើម​)

– ការប្រើប្រាស់​រយៈពេល​យូរ​ហួស​កម្រិត នូវ​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ជំងឺ​រលាក​ភ្នែក ឬ​ក្រហម​ភ្នែក​ដែល​មាន​ផ្ទុក​នូវ​សារជាតិ​ស្តេ​រ៉ូ​អ៊ី​ត​

៤) ផលវិបាក​

​ក្នុង​ករណី​មិនបាន​ទទួល​ការ​ព្យាបាល​ភ្នែក​ឡើងបាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុក​ឲ្យ​បាយ​ភ្នែក​ទុំ​ខ្លាំង​ពេក អ្នកជំងឺ​អាច​មាន​ផលវិបាក​ដូច​ខាង​ក្រោម​

– ងងឹតភ្នែក​ទាំងស្រុង​

– រលាក​ឈឺ​ចុកចាប់​ក្នុង​ភ្នែក និង​ឈឺក្បាល​ខ្លាំង ក្នុង​ករណី​មានការ​ឡើង​នូវ​សម្ពាធ​ទឹក​ក្នុង​ភ្នែក ឬ​កើតជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ ដែល​បង្ក​ដោយ​បាយ​ភ្នែក​

– រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​មានការ​ដាច់​ធ្លាក់​កែវភ្នែក​ ដែល​មាន​ឡើងបាយ​ទៅ​ក្នុង​ផ្នែក​ខាងក្រោយ​នៃ​ភ្នែក​

៥) ការព្យាបាល និង​ថែទាំ​ក្រោយពេល​វះកាត់​

– ភ្នែក​ឡើងបាយ​អាច​ព្យាបាល​បាន និង​អាច​ផ្តល់​នូវ​ការ​មើលឃើញ​ច្បាស់​មកវិញ ក្រោយពី​ធ្វើការ​វះកាត់​យក​កែវ​ ដែល​មាន​ឡើងបាយ​ចេញ ដោយ​វេជ្ជបណ្ឌិត​ឯកទេស នៅ​តាម​មន្ទីរពេទ្យ​ភែ្ន​ក​នានា​ទូទាំង​ប្រទេស​។​

– ដើម្បី​ជៀសវាង​នូវ​ផលវិបាក​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​បន្ទាប់ពី​ធ្វើការ​វះកាត់​ភែ្ន​ករួច អ្នកជំងឺ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​ជា​ចាំបាច់​របស់​គ្រូពេទ្យ ដោយ​ត្រូវ​មក​ពិនិត្យ​ភ្នែក​ឡើងវិញ​ឲ្យ​បាន ៣ ទៅ ៤ ដង តាម​ការ​ណាត់​ជួប​រប​ស់​គ្រូពេទ្យ​ភែ្ន​ក ត្រូវ​ដាក់​ថ្នាំ​ភែ្ន​ក​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​ពាក់​វ៉ែនតា​ការពារ​ភ្នែក មិន​ត្រូវ​ឈ្លី​ភ្នែក មិន​ត្រូវ​លើក​របស់​ធ្ងន់​ហួសកម្លាំង និង​មិន​ត្រូវ​ឲ្យ​ទឹក​ចូល​ភ្នែក​រយៈពេល ៤ ទៅ ៥​សប្តាហ៍​។​

៦) វិធានការ​ការពារ

​ដើម្បី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​ភ្នែក​ឡើងបាយ ដែល​បង្ក​ដោយ​មូលហេតុ​ផ្សេងៗ​ក្រៅ​អំពី​ជរាភាព​

– សូម​ការពារ​កុំ​ឲ្យ​ការ​ប៉ះទង្គិច ឬ​មាន​របួស​ផ្ទាល់​ទៅលើ​គ្រាប់ភ្នែក​

– សូម​ពាក់​របាំង​ការពារ ឬ​វ៉ែនតា​ការពារ​ភ្នែក​រាល់ពេល​ធ្វើការ​ងារ​ណា​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ទៅលើ​ភ្នែក និង​មុខ​របស់​អ្នក​

– សូម​ពាក់មួក និង​វ៉ែនតា​ការពារ​កាំ​រស្មី​ព្រះអាទិត្យ​

– សូម​កុំ​ប្រើប្រាស់​ថ្នាំ​ភ្នែក​ដោយ​គ្មាន​ការពិនិត្យ និង​វេជ្ជបញ្ជា​ត្រឹមត្រូវ​

“​ប្រសិនបើ​មាន​បញ្ហា​ភ្នែក សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការ​ប្រឹក្សា និង​ពិនិត្យ​ព្យាបាល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ខ្ពស់​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​គន្លឹះ​ទាំង​ដប់ ដើម្បី​សុខភាព​ល្អ និង​អាយុ​វែង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម