Connect with us

សុខភាព

វិបត្តិ​នៃ​ការ​ហូប​អាហារ​លើ​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​៖ តើ​ត្រូវ​ពិសា​អាហារ និង​ទឹក​យ៉ាង​ដូច​ម្តេច​?

បានផុស

នៅ

​ជាទូទៅ​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល តែង​តែ​មាន​វិបត្តិ​នៃ​ការ​ហូប​អាហារ (​ឈ្លក់​) ។ ការ​ឈ្លក់​អាហារ គឺ​នៅ​ពេល​លេប​ចូល​ទៅ ធ្វើ​ឲ្យ​អាហារ ឬ​ទឹកធ្លាក់​ចូល​ក្នុង​បំពង់ខ្យល់ ដោយសារ​ការ​ខ្សោយ​សាច់ដុំ​បិទ​មិន​ជិត​នៃ​រន្ធ​បំពង់ខ្យល់​ នៅ​ចំហៀង​ខាង​ណាមួយ​។ នៅ​ពេល​មាន​កាកសំណល់​ធ្លាក់​ចូល​តាម​បំពង់ខ្យល់​ទៅដល់​សួត វា​ធ្វើ​ឲ្យ​មានការ​រលាក​សួត ឬ​អាច​ស្លាប់​បាន​នៅ​ពេល​ឈ្លក់​អាហារ​ធ្ងន់ធ្ងរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ជំនាញ​ខាង​ចលនា​បង្ហាត់បង្រៀន​ការ​លេប​អាហារ និង​ទឹក​ឲ្យ​មាន​សុវត្ថិភាព ចំពោះ​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ចូលរួម​ផ្តល់​ចំណេះដឹង​សំខាន់ៗ​ដូច​ខា​ងក្រោម​៖

១) យើង​ត្រូវ​ធ្វើតេស្ត​ឲ្យ​អ្នកជំងឺ​ផឹកទឹក​៩០​ម​.​ល បើ​សិន​គាត់​ឈ្លក់ ចាំបាច់​ត្រូវ​ដាក់​សុង​ក្រពះ​ដើម្បី​ផ្ដល់​អាហារ​ជូន​គាត់​

២) ធ្វើ​លំ​ហាត់​ចលនា​នៅ​មាត់ ដូចជា​បូញ​មាត់​ទៅមុខ ទាញ​មក​ក្រោយ​វិញ ខ្ជឹប​មាត់ ហា​មាត់ ធ្វើ​ចលនា​ថ្គាម​ក្រោម​ងាក​ទៅ​ចំហៀង (​ស្ដាំ ឬ​ឆ្វេង​)

៣) ធ្វើ​លំ​ហាត់​អណ្ដាត​ដូចជា លៀន​អណ្ដាត​ចេញ​ក្រៅ ទាញ​ចូល​មកវិញ ក្រលៀស​អណ្ដាត​ក្នុង​មាត់ ដើម្បី​ពង្រឹង​កម្លាំង​សាច់ដុំ​អណ្ដាត​ឲ្យ​ខ្លាំង​ ក្នុង​ការ​ជួយ​រុញច្រាន​អាហារ​ចូល​ទៅ​ក្នុង​បំពង់ក​

៤) ធ្វើ​លំ​ហាត់​ដោយ​ស្រែក អា​ហ៏ៗ​ៗ​ៗ​ៗ​ៗ ឲ្យ​វែង​ដើម្បី​ពង្រឹង​សាច់ដុំ​ខាងក្នុង​បំពង់ក និង​បង្កើន​កម្លាំង​ដកដង្ហើម​។​

៥) ស្រែក អ៊ីៗ​ៗ​ៗ​ៗ ឲ្យ​វែង ដើម្បី​បង្កើន​កំបាំង​សាច់ដុំ​ខ្ជឹប​បំពង់ខ្យល់ សម្រាប់​ទប់​អាហារ ឬ​ទឹក​កុំ​ឲ្យ​ធ្លាក់​ចូល​បំពង់ខ្យល់​ពេល​លេប​អាហារ​។​

៦) យុទ្ធសាស្ត្រ​ពិសា​អាហារ និង​ទឹក​ឲ្យ​មាន​សុវត្ថិភាព​

– ត្រូវតែ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​

– បញ្ចុក ឬ​ហូប​អាហារ​តាម​មាត់​

– ឈប់​ផ្ដល់​អាហារ និង​ទឹក បើ​សិន​អ្នកជំងឺ​ក្អក ឬ​អស់​កម្លាំង​

– បន្ត​អង្គុយ​ត្រង់​ខ្លួន​យ៉ាងហោចណាស់ ៣០​នាទី​ទៀត​ក្រោយ​ពិសា​រួច​

– សូម​ប្រាកដ​ថា អ្នកជំងឺ​លេប​អាហារ​អស់ពី​ក្នុង​មាត់​សិន​មុន​ឲ្យ​ពិសា​ទៀត​

– សំអាត​មាត់ ដុសធ្មេញ​ឲ្យ​បាន​ទៀងទាត់​

«​ប្រសិនបើ​លោកអ្នក​មាន​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​មាន​វិបត្តិ​ក្នុង​ការ​ពិសា​អាហារ (​ហូប​ឈ្លក់​) សូម​មេត្តា​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញៗ​បន្ថែម​ទៀត ដោយ​ល្អិតល្អន់​បំផុត​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ពី​ជំងឺ​វៀច​ឆ្អឹងច្រមុះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម