សុខភាព
៥ ខែនេះ កុមារ និងស្ត្រីមានផ្ទៃពោះជាង ៥៣ ម៉ឺននាក់ ទៅពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា កើនឡើង ១៧%
លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥ មិថុនា នេះថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មាន ទារក កុមារមានជំងឺ និងស្ត្រីមានផ្ទៃពោះចំនួន ៥៣៥ ៣៧៧ នាក់ បានទៅពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) បើធៀបទៅនឹងរយៈពេល ៥ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៤ ឃើញថា មានការកើន ១៧%។

លោកបានបន្តថា ក្នុងនោះ កុមារមានជំងឺធ្ងន់ចំនួន ៧៧ ៩៩៥ នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកើន ១៨% ធៀបឆ្នាំ ២០២៤ កុមារចំនួន ១៣ ១៨៤ នាក់ ត្រូវបានទទួលការវះកាត់ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន ៤៥៨ នាក់។

លោកបានបន្តទៀតថា ចំពោះផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) វិញ ស្ត្រីមានផ្ទៃពោះបានឆ្លងទន្លេ មានចំនួន ៧ ៨២៩ នាក់ កុមារចំនួន ៨៨១ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ(ភ្នំពេញ) តិចជាង ២ ដង ធៀបនឹងឆ្នាំ ២០២៤ (ប៉ុន្តែក្នុងខែឧសភា នាឆ្នាំនេះ កើនជាង ៤ ដង) នៅសៀមរាបមានចំនួន ៨៣៥ នាក់។ ចំណែកអត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យមានត្រឹម ០.៣% ខណៈមន្ទីរពេទ្យមានគ្រែសរុបចំនួន ២ ០៨៧ គ្រែ និងមានបុគ្គលិកបម្រើការងារ ចំនួន ២ ៦០០ នាក់ហើយ អត្រាប្រើប្រាស់គ្រែទូទៅ មាន ១០០% និង ១៣០%។

ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ កាលពីរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១ លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលពិធីប្រគល់ និងទទួលថវិកា ១ លានដុល្លារនេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។



លោក គី សន់ទី បានមានប្រសាសន៍ថា «តាងនាមយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ័្មនទី ៧ (គន្ធបុប្ផាទី ៣) ក្នុងខេត្តសៀមរាប ព្រមទាំងកូនចៅប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលការថែទាំព្យាបាល សង្រ្គោះជីវិត នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា សូមគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខុមាលភាពកុមារ និងមាតា និងតែងតែបន្តឧបត្ថម្ភថវិកាចំនួន ១ លានដុល្លារអាមេរិក ជាលើកទី ១៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត
ពេជ ចន្ទមុន្មី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជាប្រយោជន៍ក្នុងបេសកកម្ម ពិនិត្យព្យាបាល សង្គ្រោះកុមារកម្ពុជា ជាកូនចៅ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព គួរជាទីទុកចិត្ត និងពុំមានការរើសអើង
យើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលី បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយថែរក្សាសម្តេចទាំងទ្វេ និងឥស្សរជនឆ្នើមជាតិទាំងឡាយ មាន សម្តេច ទ្រង់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនគ្រប់លំដាប់ថ្នាក់ បានជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ៤៣ លានដុល្លារអាមេរិក សម្រាប់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


