សុខភាព
តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ (Heart Failure) មិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមឲ្យបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។
តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចំបងដូចជា៖
– ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ
– អស់កំលាំង ល្ហិតល្ហៃជារឿយៗ
– ហើមជើងទាំងសងខាង
– ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា
– ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម
រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។
តើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
មូលហេតុដែលបណ្តាលឲ្យកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack)
– ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)
– ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)
– ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)
– ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)
– ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)
– ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។

បើអ្នកសង្ស័យថាមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ តើអ្នកគួរធ្វើដូចម្តេច?
កាលបើអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ គប្បីទៅជួបពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការសួរនាំយ៉ាងល្អិតល្អន់ និងពិនិត្យរាងកាយជូនអ្នក ហើយព្រមទាំងអាចស្នើសុំការពិនិត្យអមវេជ្ជសាស្រ្ត មួយចំនួនទៀតដើម្បីធ្វើរោគវិនិច្ឆ័យ ថាតើ អ្នកមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយឬទេ។
ការពិនិត្យអមវេជ្ជសាស្រ្តទាំងនោះរួមមាន៖
– ការថតសួត (Chest X-ray)
– ការពិនិត្យវាស់ចង្វាក់បេះដូង (ECG)
– ការពិនិត្យ អេកូបេះដូង (Echocardiography)
– ការពិនិត្យឈាម (Standard Blood Test)
– ការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនផ្សេងទៀត
តើត្រូវព្យាបាលជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយតាមវិធីណាខ្លះ?
បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាអ្នកមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាអោយថ្នាំមួយចំនួនដល់អ្នក ក្នុងគោលបំណងព្យាបាលបន្ថយរោគសញ្ញារំខាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រូពេទ្យនឹងស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកកើតមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ ហើយគាត់នឹងព្យាបាលបំបាត់មូលហេតុនេះទៅតាមតថភាពជាក់ស្តែងរួមមាន ការប្រើប្រាស់ថ្នាំ ការឆ្លុះសរសៃឈាម ការវះកាត់ជាដើម។
តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំឲ្យកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតំរូវឲ្យយើងមានទំលាប់រស់នៅ ដែលនាំឲ្យមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
– ឈប់ពិសារបារី និងគ្រឿងស្រវឹង
– ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយ បានត្រឹមត្រូវ និងជាប់លាប់បំផុត
– ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន
– បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី
– រក្សាទំងន់អោយសមស្រប តាមការណែនាំនៃវេជ្ជសាស្ត្រ
– កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍
អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ
អ្វីដែលគួរធ្វើមានដូចជា៖
– ត្រូវទទួលទានថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា
– ត្រូវរក្សាទំងន់ឲ្យបានសមស្រប
– ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក តាមការណែនាំនៃគ្រូពេទ្យ
– ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង
អ្វីដែលមិនគួរធ្វើមានដូចជា៖
– មិនត្រូវភ្លេចការទទួលទានថ្នាំឡើយ
– មិនត្រូវពិសារបារី និងសេពគ្រឿងស្រវឹងឡើយ
– មិនត្រូវបញ្ឈប់ថ្នាំព្យបាលតាមចិត្តខ្លួនឯងឡើយ
“បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកជួបពិភាក្សា ពិគ្រោះហយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេស ជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យជាក់លាក់មួយ ជាមួយមធ្យោបាយពិនិត្យអមគ្លីនិកស៊ីជម្រៅ ឈានដល់ការផ្តល់ជូនវិធីសាស្ត្រព្យាបាល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ក្នុងទំនុកចិត្តខ្ពស់៕”
អត្ថបទ ៖ ឌី ប៊ុណ្ណារ៉ា
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


