KPT+
បញ្ហា និងផលប៉ះពាល់ជាច្រើន បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន
គ្រឿងញៀនជាសារធាតុចម្រាញ់ពីរុក្ខជាតិ ឬជាសារធាតុគីមីដែលផ្សំគ្នា ហើយមានសមត្ថភាពធ្វើឲ្យមានការផ្លាស់ប្ដូរ និងមុខងារផ្សេងៗ របស់រូបរាងកាយមនុស្ស ឬសត្វ និងជាពិសេសប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។
មានមូលហេតុជាច្រើន ដែលនាំឲ្យមនុស្សធ្លាក់ខ្លួន ការប្រើប្រាស់គ្រឿងញៀនដូចជា៖ មានការអូសទាញពីមិត្តភក្កិ ការចង់សប្បាយ ចង់ដឹងចង់ស្គាល់ និងសាកល្បង ដើម្បីទប់ទល់ការងងុយដេក ដើម្បីឲ្យមានចំណង់រួមភេទ ឬទ្រាំនឹងការរួមភេទឲ្យបានយូរ ដើម្បីធ្វើឲ្យមានភាពក្លាហាន ត្រូវគេពង្វក់ ឬបង្ខំឲ្យប្រើ ដោយសារលង់ខ្លួនប្រើហើយ និងដើម្បីបំបាត់ទុក្ខកង្វល់ជាដើម។

ទាក់ទងនឹងបញ្ហានេះដែរ គេអាចចាត់ចំណាត់ថ្នាក់គ្រឿងញៀនជា ៣ ប្រភេទទៅតាមធម្មជាតិសកម្មរបស់វាគឺ៖ ទីមួយ. គ្រឿងញៀនដែលមានឥទ្ធិពល បំបាត់ការឈឺចាប់ ឬសម្រួលអារម្មណ៍ Depressants ដែលមានដូចជា៖ អាភៀន ម័រហ្វីន ហេរ៉ូអ៊ីន កូដេអ៊ីន .ល.។ ទីពីរ. គឺគ្រឿងញៀនដែលមានឥទ្ធិពល ធ្វើឲ្យភ្ញោចសរសៃប្រសាទដូចជា៖ កូកាអ៊ីន កាហ្វេអ៊ីន អំហ្វេតាមីន។ រីឯទីបី. គឺគ្រឿងញៀនដែលមានឥទ្ធិពល ធ្វើឲ្យវង្វែងស្មារតីរួមមាន PCP( phencyclidine). LSD (Lysergic Acid Diethylamide)។
ទន្ទឹមនឹងចំណាត់ថ្នាក់ខាងលើ គ្រឿងញៀនក៏ត្រូវបានគេបែកចែកជា ៣ ប្រភេទផងដែរ គឺ៖
ទីមួយ. គ្រឿងញៀនដែលបន្ថយសកម្មភាពខួរក្បាល៖ រួមមានអាភៀន និងហេរ៉ូអ៊ីនជាដើម ចំពោះការប្រើប្រាស់គ្រឿងញៀនប្រភេទនេះ ក្នុងកម្រិតទាបវាអាចធ្វើឲ្យបុគ្គលមានអារម្មណ៍សម្រាកស្រួលខ្លួន។ ក៏ប៉ុន្តែប្រសិនបើបុគ្គលប្រើប្រាស់ វាក្នុងកម្រិតខ្ពស់វិញ នោះអាចធ្វើឲ្យបុគ្គលមានលក្ខណៈធីងធោង និងមិនដឹងខ្លួន ហើយវាអាចធ្វើឲ្យបុគ្គលមានចំណង់ ក្នុងការប្រើប្រាស់យ៉ាងខ្លាំង។ ក្នុងនោះប្រតិកម្ម នៃការដាច់គ្រឿងញៀនមានអការៈដូចជា៖ គ្រុនក្ដៅរសាប់រសល់ នៅមិនស្ងៀម វង្វេង ចង់ក្អួត រាករូស ថប់បារម្ភ និងប្រកាច់។
ទីពីរ. គឺគ្រឿងញៀន ដែលជំរុញសកម្មភាពខួរក្បាល។ មានដូចជា៖ កូកាអ៊ីន និងថ្នាំគ្រាប់មួយចំនួនដូចជា អេស្តាស៊ី និងអំហ្វេតាមីន។ ចំពោះការប្រើប្រាស់ក្នុងកម្រិតទាប នោះវានឹងធ្វើឲ្យបុគ្គលជាអ្នកញៀន មានអារម្មណ៍វាងវៃ និងស្រឡះក្នុងខ្លួន។ ប៉ុន្តែបើសិនមានការប្រើប្រាស់ក្នុងកម្រិតខ្ពស់វិញ នោះវានឹងធ្វើឲ្យបុគ្គលមានអារម្មណ៍តានតឹង ស្លន់ស្លោ និងរសាប់រសល់ ហើយបុគ្គលដែលប្រើប្រាស់សារធាតុប្រភេទនេះ អាចនឹងមានការពិបាកក្នុងការគ្រប់គ្រងការគិត និងអាចមានមមាល មានគំនិតសង្ស័យ និងវង្វេង។
ទីបី. គឺគ្រឿងញៀនដែលធ្វើអោយមមាល។ ជាទូទៅមានគ្រឿងញៀន ដែលបន្ថយសកម្មភាពខួរក្បាល នឹងគ្រឿងញៀន ដែលជំរុញសកម្មភាពខួរក្បាលជាច្រើន ដែលអាចធ្វើអោយបុគ្គលមានមមាលដូចជា Pcp និង Lsd ជាដើម។ ក្នុងនោះ Lsd អាចមានឥទ្ធិពលរហូតដល់លើសពី ១២ ម៉ោង និងធ្វើឲ្យមនុស្សខ្លះ ឬអ្នកប្រើប្រាស់មានលក្ខណៈ រំភើបចិត្តខ្លាំង វង្វេង និងសង្ស័យច្រើន កាលណាប្រើប្រាស់គ្រឿងញៀនទាំងនេះ លើសកម្រិត។

ការប្រើប្រាស់គ្រឿងញៀន៖
គ្រឿងញៀន ត្រូវបានគេប្រើប្រាស់តាមរបៀបច្រើនយ៉ាង ហើយវិធីដែលគេប្រើប្រាស់ញឹកញាប់ជាងគេមានដូចជា៖ កាជក់ រួមមានកញ្ឆាអាភៀន និងកូកាអ៊ីនជាដើម។ ចំណែកឯ ការផឹក ចុកនឹងហូប រួមមានថ្នាំគ្រាប់ និងកញ្ឆាជាដើម។ ជាទូទៅកូកាអ៊ីន និងកាវជាដើម អ្នកប្រើប្រាស់អាចហិត ឬហឺតគ្រឿងញៀនទាំងនេះ តាមច្រមុះបាន។ ចំណែកឯ ការចាក់មានហេរ៉ូអ៊ីន និងកូកាអ៊ីនវិញ ជាវិធីដ៏មានគ្រោះថ្នាក់បំផុត ព្រោះវាប្រឈមនឹងការឆ្លងមេរោគអេដស៍។
ផលប៉ះពាល់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន៖
ការប្រើប្រាស់គ្រឿងញៀននាំឲ្យមានបញ្ហា និងផលប៉ះពាល់ជាច្រើនដូចជា៖
១. បញ្ហាផ្លូវចិត្ត។ ដោយហេតុថា គ្រឿងញៀនមានឥទ្ធិពលទៅលើខួរក្បាល ដូចនេះអ្នកដែលប្រើគ្រឿងញៀន អាចមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងតានតឹង។ គ្រឿងញៀនប្រភេទខ្លះ អាចធ្វើឲ្យបុគ្គលមាន សភាពវង្វេង និងមានគំនិតសង្ស័យ។
២. បញ្ហាសុខភាពផ្លូវកាយ។ បញ្ហានេះកើតមានឡើង អាស្រ័យទៅតាមវិធី ដែលបុគ្គលប្រើប្រាស់គ្រឿងញៀន។ ដូចជាការជក់គ្រឿងញៀន អាចបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងសួត។ ចំណែកឯ ការចាក់វិញ អាចបណ្ដាលឲ្យឆ្លងជំងឺអេដស៍ជាដើម។
៣. បញ្ហាគ្រួសារ។ ជារឿយៗ ការញៀនគ្រឿងញៀន នាំឲ្យមានជម្លោះ នឹងមានបញ្ហានៅក្នុងគ្រួសារ។
៤. គ្រោះថ្នាក់។ អ្នកដែលញៀនគ្រឿងញៀន អាចទទួលរងនូវគ្រោះថ្នាក់ ស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀនផ្សេងៗ ដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ ការបំពានច្បាប់.ល.។
៥. បញ្ហាសង្គម។ អ្នកញៀនគ្រឿងញៀន តែងតែចំណាយពេលយ៉ាងច្រើន ជាមួយគ្រឿងញៀន។ ដូចនេះហើយ បានជាពួកគេមិនអាចសិក្សា ធ្វើការងារ ឬចូលរួមក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
៦. បញ្ហាហិរញ្ញវត្ថុ។ ការប្រើប្រាស់គ្រឿងញៀន ត្រូវការចំណាយប្រាក់កាស ដោយសារតែអ្នកប្រើប្រាស់គ្រឿងញៀន ជាទូទៅច្រើនមានប្រាក់ចំណូលទាប ដូចនេះការប្រើប្រាស់គ្រឿងញៀន បណ្ដាលឲ្យមានភាពក្រីក្រ។
៧. បញ្ហាផ្លូវច្បាប់។ អ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួន អាចចូលរួមសកម្មភាពឧក្រិដ្ឋកម្ម ដើម្បីឲ្យបានគ្រឿងញៀនមកប្រើប្រាស់។ ជាទូទៅ នៅក្នុងសង្គមការញៀនគ្រឿងញៀន គឺជាឧក្រិដ្ឋកម្មមួយរួចទៅហើយ ដូចនេះបុគ្គលអាចនឹងជាប់ពន្ធនាគា រប្រសិនបើត្រូវបានគេរកឃើញថា មានប្រើប្រាស់គ្រឿងញៀន។
៨. មរណភាព។ ការញៀនគ្រឿងញៀន អាចបណ្ដាលឲ្យស្លាប់ ដោយសារការប្រើលើសកម្រិតនិងដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ៕
ឯកសារយោង៖
១. ខាន់ សារ៉េត ចិត្តវិទ្យាសហគមន៍ ឆ្នាំ ២០១៣
២. ខាន់ សារ៉េត ចិត្តវិទ្យាមិនធម្មតា ឆ្នាំ ២០១៣
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


