Connect with us

KPT+

យើងអាចរៀនសូត្រអ្វីខ្លះ ពីគ្រោះឧបទ្ទវហេតុ លិចទូកដ ដឹកសិស្ស នៅស្រុកលើកដែក ខេត្តកណ្ដាល?

បានផុស

នៅ

រយៈពេល​ ២យប់ ៣ថ្ងៃ កិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ ត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ តុលានេះ ដោយបានរុករកជនរងគ្រោះចំនួន ១៥នាក់ មានស្រី ៤នាក់ ក្នុងនោះស្លាប់ចំនួន ១១នាក់ មានស្រី ៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្ដីអាឡោះអាល័យសោកសង្រេង មិនមែនកើតតែលើក្រុមគ្រួសារ ញាតិមិត្តរបស់ជនរងគ្រោះប៉ុណ្ណោះទេ ពោលគឺបានជ្រួតជ្រាបពេញបេះដូងជនានុជនខ្មែរគ្រប់ស្រទាប់ រហូតដល់ថ្នាក់ដឹកនាំកំពូល និងព្រះមហាក្សត្រ ដោយបាន បន់ស្រន់ជូនពរ ផ្ដល់កម្លាំងចិត្ត ជួយរំលែកទុក្ខ ឧទ្ទិសកុសល តាមបណ្ដាញសង្គម ព្រមទាំងបានផ្ដល់ជំនួយនានាជាបន្តបន្ទាប់ ដល់គ្រួសារសព និងជនរងគ្រោះ។ ទង្វើនេះបានបង្ហាញពីសន្ដានចិត្តមហាគ្រួសារខ្មែរមានតាំងពីសម័យបុរេប្រវត្តិមក ដែលតែងតែរាប់អានរួមសុខរួមទុក្ខ ចែករំលែក មិនកាន់ជើងបក្សពួក ជួយគ្នាអ្នកសុចរិត ទោះខ្សត់ធនធាន ក៏ជួយតាមកម្លាំងកាយកម្លាំងចិត្ត ពិសេសក្នុងគ្រាមានគ្រោះអាសន្នអន់ក្រ។

ដោយក្ដីស្រឡាញ់ការសិក្សា ចង់មានចំណេះឱ្យខ្លួនមានអនាគតល្អ ដើម្បីជួយគ្រួសារ និងស្ដារសង្គមជាតិដែលកំពុងអភិវឌ្ឍនៅឡើយនេះឱ្យកាន់តែរីកចម្រើន និងស្មើមុខមាត់ក្នុងអន្តរជាតិ ទើបញ៉ាំងឱ្យកុមារ និងយុវសិស្សយើង មានឆន្ទៈតស៊ូពុះពារ ឥតរួញរា ទោះធ្វើដំណើរទៅគ្រឹះស្ថានសិក្សានៅឆ្ងាយ ហើយត្រូវឆ្លងស្ទឹងទន្លេខែទឹកជន់ដោយទូកដតូចក្ដី ក៏ទៅ ខណៈភូមិឋានមិនទាន់មានស្ពានឆ្លងនៅឡើយ។

ទូកដទទឹង ដែលធ្លាប់តែដឹកនាំជូនដំណើរប្រជាពលរដ្ឋ និងសិស្សានុសិស្សជាប្រចាំនោះ បែរជាជួបគ្រោះឧបទ្ទវហេតុលិចកណ្ដាលទន្លេ នៅវេលាយប់ម៉ោង ៧ នាថ្ងៃទី១៣ ខែតុលា ដែលការណ៍នេះត្រូវបានសមត្ថកិច្ចលើកឡើងថា កើតឡើងដោយសារម្ចាស់ទូកដដាក់លើសចំណុះ មានការធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។

ចំណែកកុមារដែលនៅរស់រានមានជីវិត កុមារី វី ចាន់បូរ៉ា បានលើកឡើងថា ទូកដបានដាក់លើសចំណុះ ដោយមានរឺម៉ក ១ទៀត ហើយទូកខំបើកលឿនឱ្យឆាប់ដល់គោលដៅ តែអកុសលមានទូកជិះបញ្ច្រាសមក រលកវាយទឹកចូលទូកលិចតែម្តង។ ឯកុមារាម្នាក់ទៀត ឈ្មោះ សូត្រ រក្សា លើកឡើងថា អ្នករត់ទូកដបានឱ្យក្មេងៗកុំផ្ដុំគ្នាជិះនៅក្បាលទូកដ គឺឱ្យថយក្រោយវិញ តែក្មេងៗមិនស្ដាប់ ហើយទូកដ បើកកាន់តែលឿន គាប់ជួនទឹកចូលទូកបូមចេញមិនទាន់ និងរលកទឹកផងនោះ ធ្វើឱ្យក្បាលទូកដលិចចូលទឹក ហើយក្រឡាប់លិចតែម្ដង។ ចំណែកអ្នករត់ទូកដ លើកឡើងថា ក្មេងៗនៅក្បាលទូក អង្គុយទម្លាក់ជើងឈូសទឹកលេង គាត់បានឱ្យថយក្រោយ ក៏ក្មេងៗមិនស្ដាប់ ខណៈទឹកទន្លេជន់ហូរខ្មួលខ្មាញ់ទៀតនោះ ទើបបណ្ដាលឱ្យទូកលិច។

កុមារីដែលបានរួចជីវិតបានប្រាប់ថា ដោយសារនាងដោះកាតាបចេញ ហើយឡើងលើរឺម៉ក ហើយពេលចូលទឹក ក៏ផ្ងារខ្លួនរហូតអណ្ដែតដល់ច្រាំង ទាំងខ្លួនមិនចេះហែលទឹក ក៏ស្រែកឱ្យគេជួយបន្ត។ ចំណែកកុមារាវិញ មិនបានតោងគេឯងដូចក្មេងៗឯទៀត ហើយឱបកាតាបស្នោបណ្ដែតទឹក ដោយមានអ្នករត់ទូកដជួយផងដែរ ទន្ទឹមពេលកុមារាទើបចេះហែលទឹកតិចៗ រហូតអណ្ដែតដល់ច្រាំង។

បច្ចុប្បន្ន ​នគរបាល​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ម្ចាស់​អាជីវកម្ម​ទូក-ដ ហើយ ក្រោយ​ពី​មាន​សោកនាដកម្ម​លិច​ទូក-ដ បណ្ដាល​ឱ្យ​កូន​សិស្ស​ចំនួន ១១នាក់​បាត់បង់​ជីវិត​ ខណៈ​អ្នក​បើក​ទូក-ដ ដែល​កំពុង​សម្រាក​ព្យាបាល ក៏​ត្រូវ​បាន​ឃ្លាំមើល និង​ត្រូវ​អនុវត្តនីតិវិធី​តាម​ផ្លូវ​ច្បាប់​ដូច​គ្នា។

គ្មានមនុស្សល្អជាណាចង់ឱ្យកើតមានគ្រោះថ្នាក់ ខណៈឧបទ្ទវហេតុ ជាគ្រោះមើលមិនឃើញ តែយើងអាចបង្ការបាន ដោយសេចក្ដីប្រុងប្រយ័ត្ន។ ការធ្វើដំណើរតាមជលយាននានាដោយសុវត្ថិភាព យើងគប្បីដឹងពីគុណភាពជនយានថា មានធ្លុះធ្លាយ ឬខូច គាំងឧបករណ៍បញ្ជាបើកបរ ឬទេ? ដើម្បីជួសជុលប៉ះប៉ូវឱ្យហើយ។ ឯការព្រមឡើងជិះ និងការផ្ទុកមនុស្ស ឬរបស់នានា ក៏ត្រូវមើលកំណត់សមាមាត្រនឹងទំហំជលយាន ទន្ទឹមពេលត្រូវមានសម្ភារៈជំនួយគ្រាមានអាសន្ន ដូចជាទូកបម្រុង និងអាវពោង និងពោងការពារជាដើម។

អ្នករស់នៅតំបន់មានទឹកជន់ ឬទឹកជុំវិញភូមិឋាន ឬអ្នកធ្វើដំណើរតាមផ្លូវទឹកជាប្រចាំ គប្បីចេះហែលទឹក ឬបង្រៀនកុមារតូចៗឱ្យចេះហែលទឹក។ ឯអ្នកមិនចេះហែលទឹក គួរចេះបណ្ដែតខ្លួនក្នុងទឹក និងសង្រ្គោះខ្លួនតាមវិធីដូចតទៅ៖

១. ពេលអាសន្នក្នុងទឹក ហាមតោងគ្នា

២. ត្រូវផ្លាស់ទីឱ្យឆ្ងាយពីគ្នារៀងៗខ្លួន

៣. កុំប្រឹងស្រវេស្រវា តែត្រូវត្រឡប់ខ្លួនងើយ ក ឱ្យផ្ងារមកលើលក្ខណៈជាដំណេក ហើយផ្ដោតចំណុចត្រង់ច្រមុះឱ្យផុតពីទឹកដើម្បីដកដង្ហើម។

៤. ពេលត្រឡប់ខ្លួនផ្ងារមកលើរួចហើយ ដៃ និងជើងត្រូវត្រដាងឱ្យអស់ ហើយព្យាយាមយកដៃបក់ទឹកចុះទៅក្រោមស្រាលៗដើម្បីទប់ខ្លួនកុំឱ្យលិច។

៥. ពេលគិតថា អាចម្ចាស់ការលើខ្លួនឱ្យអណ្ដែតបានហើយ ចាប់ផ្ដើមងាកក្បាល និងខ្លួនឆ្ពោះទៅរកច្រាំង រួចហើយយកជើងធាក់ទឹក ឬបក់ទឹកពីក្រៅចូលមកក្នុងឱ្យតំណាលគ្នា គឺក្នុងចន្លោះភ្លៅ លក្ខណៈដូចកំពុងទះដៃ ត្រូវបក់ទៅបក់មករហូត បក់ដោយ​ស្រាលៗ​ទៅតាម​កម្លាំងអណ្ដែតនោះ។ ចាំទុក ដៃ និងជើងមានតួនាទីធ្វើឱ្យខ្លួនអណ្ដែតផង និងឆ្ពោះទៅរកច្រាំងផង។

៦. ប្រសិនជាមានរលកធំៗ ត្រូវតម្រង់ខ្លួន ឬក្បាលឱ្យទទឹងគ្នា និងខ្សែទឹករលក បែបនេះគឺជៀសវាងរលកបោកទឹកបុកចូលច្រមុះ អាចបណ្ដាលឱ្យឈ្លក់។

៧. ការបណ្ដែតខ្លួន និងធាក់កាយមករកត្រើយ ឬច្រាំង មិនត្រូវតម្រង់មកច្រាំង​ដោយត្រង់ភ្លឹងនោះទេ តែត្រូវតម្រង់យកបញ្ឆិតឱ្យរៀងស្របនឹងខ្សែទឹកហូរ។

តាំងពីយប់កើតហេតុមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានស្រាវជ្រាវរុករកជនរងគ្រោះ ដែលមានដូចជា៖

– ជួយសង្គ្រោះបានចំនួន ៤នាក់ ស្រី ១នាក់ រួមមាន៖

១. ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដ

២. ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដទទឹង

៣. ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស

៤. ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស

– រកឃើញសាកសពចំនួន ១១នាក់ ស្រី ៣នាក់ មុខរបរសិស្ស​ រួមមាន៖

១. ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ឆ្នាំ, ២. ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ ១២ឆ្នាំ, ៣. ឈ្មោះ ចិន្ដា ជូលី ភេទស្រី អាយុ ១៣ឆ្នាំ, ៤. ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ ១៤ឆ្នាំ, ៥. ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ ១៤ឆ្នាំ, ៦. ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ ១៤ឆ្នាំ, ៧. ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ ១៣ឆ្នាំ, ៨. ឈ្មោះ សុន សុផាត ភេទប្រុស អាយុ ១៣ឆ្នាំ, ៩. ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ ១២ឆ្នាំ, ១០. ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ ១២ឆ្នាំ និង១១. ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៣ឆ្នាំ។​

ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានអំណោយសម្រាប់គ្រួសារសព ១គ្រួសារ៖ អង្ករ ១០០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រមា១ កន្ទេល១ និងក្រណាត់ស ​៨ម៉ែត្រ), ត្រីខ ៤០កំប៉ុង មី ៦កេសតូច ថវិកា ៨សែនរៀល​។​ ចំពោះ អ្នករស់រានមានជីវិតទទួលបានក្នុងម្នាក់ៗ៖ អង្ករ ១០០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រមា១ កន្ទេល១ និងក្រណាត់ស ​៨ម៉ែត្រ) ត្រីខ ៤០កំប៉ុង, មី ៦កេសតូច, ថវិកា ៤សែនរៀល​។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារសពក្នុង០១គ្រួសារ ២០លានរៀល, លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ឧបត្ថម្ភថវិកា ៤លានរៀល, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឧបត្ថម្ភ​ថវិកា ៤លានរៀល។ លោកស្រី ម៉ែន នារីសោភ័គ​អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកផ្លែឈើស្រស់ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ឧបត្ថម្ភ​ជូនដល់​​កងកម្លាំង​។ ជាមួយគ្នានេះ ក៏មានសាធារណជន និងសប្បុរសជននានាក្នុងប្រទេសក៏បានចូលរួមជួយឧបត្ថម្ភផងដែរ។

ប្រជាពរលដ្ឋខ្មែរ សូមចូលរួមសោកស្តាយជាទីបំផុតក្នុងសោដនាកម្មដែលបានកើតឡើងនេះ សូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឱ្យវិញាណក្ខន្ធកុមារទាំង១១ បានសុគតិភព។ សូមកាត់ចិត្តដោយទទួលស្គាល់សច្ចភាពធម្មជាតិពិត ជីវិតមិនឋិតថេរ គ្មានអ្វីទៀងទាត់, កិច្ចការបន្ទាប់ យើងរស់នៅត្រូវប្រុងប្រយ័ត្ន ត្រៀមបង្ការ និងជួយគ្នាកុំឱ្យកើតមានរឿងអកុសលដដែលបន្តទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម