ស្វែងរក ឬរក្សាមិត្តភាពនៅពេលពេញវ័យ គឺខុសគ្នាជាងកាលនៅតូចៗ។ ឧបមាថាបច្ចុប្បន្ន អ្នកជាមនុស្សមិនមានមិត្តច្រើនទេ ហើយតែងតែសួរខ្លួនឯងជានិច្ចថា ហេតុអ្វីមិនមានគេរាប់អានដូចអ្នកផ្សេងទៀត។
នេះជាអ្វី ដែលអ្នកគួរពិចារណា៖
១. ពូកែត្អូញត្អែររកលេខដាក់គ្មាន
ប្រសិនបើអ្នកជាមនុស្សពូកែត្អូញត្អែរឥតឈប់ឈរ អំពីការងារ ឬក្នុងខ្លួនអត់មានប្រាក់ទេ ឬក៏ជីវិតជួបតែរឿងអយុត្តិធម៌ច្រើនជាងគេ។ល។
ជាការពិត មនុស្សជុំវិញខ្លួននឹងមិនចំណាយពេលច្រើនជាមួយអ្នកដាច់ខាត។ ព្យាយាមកែប្រែអាកប្បកិរិយាអវិជ្ជមានទាំងនោះចោលភ្លាម មិនអ៊ីចឹង កុំបន្ទោសថាគ្មានអ្នកណាមករាប់រកឲ្យសោះ។
២. បោះបង់មិត្តចោលនៅពេលមានទំនាក់ទំនងជាមួយអ្នកផ្សេង
នៅពេលអ្នកមានស្នេហា ឬចាប់ផ្ដើមជួបនរណាថ្មី អ្នកក៏ទុកមិត្តចាស់ចោល។ ពេលមួយបើបែកបាក់ស្នេហា អ្នកក៏មកនិយាយឲ្យពួកគេស្ដាប់។ នោះហើយជាមូលហេតុដែលគ្មាននរណាទំនេរមកអង្គុយស្ដាប់រឿងបែកបាក់របស់អ្នក។ ធ្លាប់ធ្វើយ៉ាងម៉េចដាក់មិត្ត នោះគេនឹងធ្វើបែបនោះដាក់អ្នកវិញ។
៣. ជាមនុស្សអាត្មានិយម
ភាពអាត្មានិយម ចូលរួមចំណែកយ៉ាងធំក្នុងការបំបែកមិត្តភាព។ មិត្តភាពគឺតម្រូវឱ្យផ្ដល់ពេលវេលាខ្លះដល់គ្នា សូម្បីតែពេលអ្នកមិនចង់នៅជាមួយក្រុមមិត្តក៏ដោយ។ តែបើសិនអ្នក ជាមនុស្សមានសំពាយអាត្មានិយម ជាប់ខ្លួនមកហើយ ធានាថា គ្មាននរណាគេ ហ៊ានមកក្បែរឡើយ។
៤. មិនខ្វល់ពីមិត្ត
ប្រសិនបើអ្នកមិនខ្វល់ពីអ្វីដែលកំពុងកើតឡើងចំពោះមិត្តទេ គេក៏មិនខ្វល់ពីអ្នកវិញដូចគ្នា។ ការជួយយកអាសារ ការយកចិត្តទុកដាក់ លើកទឹកចិត្ត សុទ្ធតែជាការសំខាន់ត្រូវផ្ដល់ឱ្យគ្នាទាំងគ្រាសប្បាយឬទុក្ខព្រួយ។ បើសិនអ្នកទៅរកមិត្តតែពេលអាសន្ន លុះស្រណុករត់ចោលគ្នា ច្បាស់ណាស់ថា អ្នកគ្មានមិត្តសូម្បីម្នាក់ឡើយ។
៥. ពូកែដ្រាម៉ា
បើអ្នកជាមនុស្សពូកែដ្រាម៉ា ដូចកុនល្ខោន ស្អីបន្តិចក៏ស្ដីបន្ទោសអ្នកដទៃ ហើយពូកែយករឿងសម្ងាត់របស់គេមកផ្សព្វផ្សាយជាសាធារណៈ ឬព្យាយាមធ្វើឱ្យនរណាម្នាក់ខឹងសម្បារ ឬពូកែខាងបញ្ចុះបញ្ចូលឲ្យបង្កជម្លោះរវាងគ្នា ធានាថា គ្រប់គ្នានឹងរត់ទៅឲ្យឆ្ងាយពីអ្នកមិនខាន។
៦. ពូកែច្រណែន
ពូកែច្រណែននៅពេលដែលមិត្តទិញសម្ភារថ្មី ឬបានធ្វើការនៅកន្លែងល្អ? ប្រាកដណាស់ អ្នកមិនអាចរកអ្នកណាបានមកធ្វើជាមិត្តឡើយ ព្រោះគេរអានឹងអ្នក។ ផ្ទុយទៅវិញ ក្នុងនាមជាមិត្តល្អ អ្នកគួរតែអបអរជាមួយមិត្តភក្ដិ ហើយមានចិត្តសាទរចំពោះពួកគេ នៅពេលពួកគេទទួលបានជោគជ័យ នោះទើបទំនាក់ទំនងកាន់ល្អទ្វេរឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មកអានទស្សនៈអំពីមិត្តភាពក្នុងគំនិតសេដ្ឋីៗ ស្តាប់ទៅភ្ញាក់ខ្លួន
ចុចអាន៖ ហេតុផលធំៗដែលមិនគួរឲ្យមិត្តភក្ដិ និង សង្សារខ្ចីលុយ