ទម្លាប់របស់មនុស្សម្នាក់ៗអាចនាំឲ្យខ្លួនគេទទួលបានភាពសប្បាយរីករាយ ឬជាទុក្ខព្រួយ។ ជាទូទៅមនុស្សយើងទម្លាប់កំណត់សម្រេចរឿងធំៗ ឬធ្ងន់ៗ ទើបហៅថា ក្ដីសុខ។ ពួកគេរមែងភ្លេចធ្វើរឿងតូចតាចដែលខ្លួនឯងសុទ្ធតែអាចធ្វើបាន ហើយវាក៏ធ្វើឲ្យជីវិតស្រស់បំព្រងរាល់ថ្ងៃ។ ខាងក្រោមនេះជារឿងតូចៗដែលអ្នកអាចធ្វើរាល់ថ្ងៃដើម្បីជីវិតផ្លាស់ប្ដូរទៅជាវិជ្ជមាន៖
១. មានចិត្តល្អ
មានសណ្តានចិត្តល្អ មានចិត្តទូលាយ ចំពោះមនុស្សជុំវិញខ្លួន និងសូម្បីចំពោះមនុស្សដែលមិនល្អដាក់យើងក៏ដោយ ព្រមទាំងការគោរពឲ្យតម្លៃលើអ្នកដទៃ។ ទង្វើបែបនេះមិនមែនចង់ទទួលបានពាក្យសរសើរ ឬល្អមើលតែសំបកក្រៅនោះទេ ប៉ុន្តែវាជាការបង្រៀនចិត្តគំនិតឲ្យបរិសុទ្ធចេញពីខាងក្នុង ហើយយើងនឹងទម្លាប់ធ្វើរឿងល្អដោយមិនបាច់ប្រឹងឬសម្ដែង។
២. រៀនរស់នៅឲ្យរីករាយ
ពាក្យនេះស្តាប់ទៅដូចមិនពិបាកធ្វើទេ ប៉ុន្តែវាពិតជាពិបាកធ្វើមែន។ ស្របពេលដែលជីវិតជួបតែបញ្ហាមិនចេះចប់ តើធ្វើយ៉ាងណាឲ្យរស់នៅរីករាយបាន? ធ្លាប់ឮគេនិយាយទេថា “ក្នុងអាក្រក់មានល្អ”។ ជឿទៅ! ពិភពលោកនេះមិនមែនសុទ្ធតែពណ៌ខ្មៅទេ វាគង់មានពណ៌ផ្សេងដូចគ្នា។ ជីវិតមិនខុសគ្នាទេដែរ នៅតាមផ្លូវជីវិតយើងគង់តែមានមនុស្សល្អ និងរឿងល្អតិចឬច្រើននៅជុំវិញយើង។ រៀនបំភ្លេចទុក្ខ រៀនបំភ្លេចអតីតកាល រៀនទទួលយកអ្វីដែលកំពុងកើត ហើយក៏រៀនរីករាយឲ្យក្លាយជាទម្លាប់របស់យើងរាល់ថ្ងៃ។
៣. ស្កប់ស្កល់នឹងអ្វីដែលទទួលបាន
កាលណាយើងចេះស្កប់ស្កល់ និងពេញចិត្តនូវអ្វីដែលខ្លួនទទួលបានមិនថាតូចឬធំក្តី ប្រៀបបានដូចជាយើងដាំសួនផ្កាចំរុះពណ៌បន្ថែមភាពស្រស់ស្អាតសម្រាប់ជីវិតខ្លួន។ កុំអន់ចិត្តនឹងជីវិតខ្លួន កុំប្រៀបធៀបជាមួយគេ គេរស់របៀបគេ យើងរស់របៀបយើង។ ក្ដីសុខសុភមង្គលរបស់យើងមិនមែនទាល់តែមានអ្វីដូចគេនោះឡើយ វាកើតចេញពីចិត្តយើងជាអ្នកកំណត់ប៉ុណ្ណោះ។
៤. អានសៀវភៅឬមើលរឿងជួយលើកទឹកចិត្ត
អានសៀវភៅឬមើលរឿងជាគន្លឹះដ៏មានថាមពលខ្វះពុំបាន ព្រោះវាអាចផ្តល់កម្លាំងចិត្តឲ្យយើង ប្រៀបដូចផ្តល់អាហារដែលមានសារជាតិចិញ្ចឹមល្អៗសម្រាប់ខួរក្បាលដូច្នោះដែរ។ ជាពិសេសយើងនឹងអាចបង្កើនចំណេះដឹងកាន់តែច្រើន អាចយកវាមកអនុវត្តឬធ្វើជាដំណោះស្រាយសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃតាមរយៈតម្លៃអប់រំពីសៀវភៅនិងរឿងទាំងនោះ។
៥. ហាត់ប្រាណរាល់ថ្ងៃ
ហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន ១០ នាទីរាល់ថ្ងៃ វាដូចជាតិចមែន តែបើអាចអនុវត្តជាប្រចាំ នោះក៏ប្រសើរជាងមិនបានធ្វើសូម្បី១នាទីដែរ។ នៅពេលយើងហាត់ប្រាណបានទៀទាត់ រាងកាយនឹងបានបញ្ចេញជាតិពុល សុខភាពរឹងមាំ និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ។
៦. ធ្វើអ្វីដែលយើងស្រឡាញ់ចូលចិត្ត
ចំណាយពេលខ្លះដើម្បីធ្វើតាមបេះដូងរបស់យើង ធ្វើរឿងណាដែលយល់ថាខ្លួនឯងស្រឡាញ់ចូលចិត្តបំផុតដូចជា ដើរស្រូបរកខ្យល់អាកាស លេងកីឡា អានសៀវភៅ គូររូប និងលេងតន្ត្រីជាដើម។ ទម្លាប់សាមញ្ញៗទាំងនេះអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយទុក្ខកង្វល់ និងកាន់តែមានកម្លាំងថាមពលសម្រាប់ជីវិតរាល់ថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!
ចុចអាន៖ អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ»