ជីវិតកម្សាន្ដ
ទីបំផុត ភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» នឹងចាក់បញ្ចាំងតាមការសន្យា
ភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» ស្នាដៃនិពន្ធរបស់ លោក សុខ ចាន់ផល ដែលផលិតចេញពីប្រលោមលោកមនោសញ្ចេតនាដ៏ល្បី និងទទួលបានការគាំទ្រខ្លាំងកាលពី ៥ឆ្នាំមុន នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គ្រប់រោងភាពយន្តទាំងអស់។ សម្រាប់ភាពយន្តលើកនេះ លោកមិនត្រឹមតែជាអ្នកនិពន្ធប៉ុណ្ណោះទេ ថែមទាំងជាផលិតករ ទៀតផង។


ការប្រកាសដំណឹងនៃភាពយន្តមនោសញ្ចេតនាមួយនេះ បានធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះសាច់រឿងប្រលោមលោកមួយនេះ បានឆក់យកអារម្មណ៍អ្នកអានជាច្រើន និងនៅតែទទ្ទឹងចាំមើល ថាតើ សាច់រឿងដែលផលិតទៅភាពយន្តនេះ នឹងល្អខ្លាំងដូចប្រលោមលោកដែរឬយ៉ាងណា។
តាមរយៈបទសម្ភាសជាមួយកម្ពុជាថ្មី លោក សុខ ចាន់ផល បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» ត្រូវអូសបន្លាយពេលដល់ពេលនេះ ក៏ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ និងបញ្ហាបច្ចេកទេសមួយចំនួន ដែលត្រូវដោះស្រាយ។ ឯហេតុផល ដែលលោកជ្រើសយកសាច់រឿងមនោសញ្ចេតនានេះ មកផលិតជាភាពយន្ត ក៏ព្រោះតែកាលណោះ វិស័យកុននៅកម្ពុជា មិនសូវជាមានប្រភេទរឿងបែបមនោសញ្ចេតនា បង្កប់តម្លៃនៃការអប់រំច្រើនបែបនេះប៉ុន្មានឡើយ។

ជាមួយគ្នានេះ លោកលើកឡើងថា ការផលិតភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» មិនត្រឹមជាឱកាសធ្វើអ្វីដែលខ្លួនស្រឡាញ់ តែក៏ជាក្តីស្រមៃរបស់លោក ដែលចង់ធ្វើជាផលិតករ ហើយសមិទ្ធផលនៃភាពយន្តនេះ ក៏ជាចំណងដៃមួយ បន្ទាប់ពីលោកឃ្លាតពីសង្គមសិល្បៈមួយរយៈ។ លោកបន្ថែមថា “លើកនេះអាចថាជាឱកាសចុងក្រោយ តែក៏អាចជាការចាប់ផ្តើមមួយ ក្នុងវិស័យភាពយន្តសម្រាប់លោក បើសិនជាមានសន្ទុះនៃការគាំទ្រ”។
មួយវិញទៀត នេះក៏ជាបំណងរបស់លោក ដែលចង់ឱ្យភាពយន្តខ្មែរ ផ្តោតលើការតែនិពន្ធ ដកស្រង់រឿងល្អៗចេញពី សៀវភៅប្រលោមលោក ក្នុងន័យដើម្បីឱ្យភាពយន្តខ្មែរ កាន់តែមានខ្លឹមសារ និងអត្ថន័យ បន្ថែមលើការទាក់ទាញ ចំណាប់អារម្មណ៍ពីទស្សនិកជន។
ចំពោះក្តីរំពឹងថាតើ ភាពយន្តនេះនឹងទទួលបានការគាំទ្រខ្លាំង ដូចសៀវភៅប្រលោមលោកដែរឬទេ ក្នុងនាមជាអ្នកនិពន្ធ និងជាផលិតករផ្ទាល់ លោកមានអារម្មណ៍ភ័យអរ ក៏ព្រោះតែលោកបានបាត់មុខមួយរយៈដែរ ក្នុងវិថីសិល្បៈ ដូច្នេះ ជំហានដំបូង លោកក៏មិនច្បាស់ថា រឿងនេះនៅមានអ្នកចាំ និងនៅមានអ្នកគាំទ្រដែរឬយ៉ាងណានោះទេ។
ប៉ុន្តែលោកបែរជាទទួលភាពភ្ញាក់ផ្អើលពីអ្នកគាំទ្រវិញ ដោយសារថា ក្រោយពេល Poster រឿង បានផ្សព្វផ្សាយលើ បណ្តាញទំនាក់ទំនងសង្គម សូម្បីលោកជាផលិតករផ្ទាល់ ក៏មិននឹកស្មានថា នៅតែមានអ្នកទទ្ទឹងចាំមើលភាពយន្តនេះ បើទោះបីជាច្រើនឆ្នាំក៏ដោយ។

ទន្ទឹមនេះ មានមតិអ្នកគាំទ្រខ្លះលើកឡើងតាមការវិភាគផ្ទាល់ខ្លួនថា ពេលវេលានៃការចាក់បញ្ចាំងភាពយន្តនេះ អាចជាចេតនារបស់អ្នកនិពន្ធ ដើម្បីចង់ឱ្យត្រូវពេលវេលានៃសាច់រឿង តាមឈុតដែលតួស្រីបង្ហាញថា “ជួបគ្នាជាថ្មី នៅពេលដែលខ្ញុំរឹងមាំ” ។ យ៉ាងណាមិញ នៅថ្ងៃទី១៩ តុលា ខាងមុខនេះ លោករំពឹងថា ភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» នឹងអាចអង្រួនបេះដូងអ្នកទស្សនាម្តងទៀត។
លោក សុខចាន់ផល ជាកវីនិពន្ធ និងអ្នកនិពន្ធ ដ៏មានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ ដោយមានស្នាដៃនិពន្ធជាច្រើន មិនថាទំនុកច្រៀងសម្រាប់ផលិតកម្មល្បីនៅកម្ពុជា ប្រលោមលោក រឿងខ្លី និងភាពយន្តជាដើម ហើយក្នុងចំណោមស្នាដៃនិពន្ធរឿងល្បីៗជាច្រើនរបស់លោក ភាពយន្តខ្នាតខ្លីមួយចំណងជើងថា «កាបូបលុយ» ស្នាដៃឆ្នាំ២០១៧ ត្រូវបានចាត់ទុកថា ជាភាពជោគជ័យធំបំផុត ដែលមានអ្នកទស្សនាដល់រាប់សិបលានដង៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


