ព័ត៌មានជាតិ
កម្ពុជាបណ្ដេញជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង១ម៉ឺននាក់ ក្នុងពេល២ឆ្នាំចុងក្រោយ
រយៈពេលជាង២ឆ្នាំមកនេះ ជនបរទេសយ៉ាងហោចណាស់ជាង១៥ ០០០នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសអនឡាញ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេសជាបន្តបន្ទាប់។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។

ការអនុវត្តនីតិវិធីបណ្ដេញជនបរទេសទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថា បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ ដែលដឹកនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ទៅលើកិច្ចការងារបទល្មើសអនឡាញ។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងបែបនេះនៅក្នុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចការបង្ក្រាបបទល្មើសអនឡាញ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដោយការកត់សម្គាល់ថា គឺមិនមែនតែនៅក្នុងប្រទេសកម្ពុជានោះទេ ដែលជាទីផ្សារសម្រាប់ក្រុមឧក្រិដ្ឋជន ក៏ប៉ុន្តែបទល្មើសអនឡាញនេះ គឺកំពុងរីកសាយភាយពេញពិភពលោក។ ក្នុងន័យនេះ លោកស្នើឱ្យបណ្ដាប្រទេសទាំងអស់ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមពួតដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ។

ចំពេលដែលបទល្មើសតាមប្រព័ន្ធអនឡាញ គឺបាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខទាំងក្នុងពិភពលោក និងតំបន់ រួមទាំងការជ្រៀតចូលប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីខែកក្កដា ឆ្នាំ២០២៥បានប្រកាសបើកយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញនៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន។

អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី អាជ្ញាធរមានសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយបានឃាត់ខ្លួនជនល្មើសរាប់សិបនាក់ ដែលភាគច្រើនជាជនបរទេស។
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនបរទេសដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់នេះផងដែរ៕
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


