Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ប្រាប់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីទង្វើយោធាថៃចាក់សម្លេងឮខ្លាំងៗរំលោភសិទ្ធិពលរដ្ឋខ្មែរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ ឧបនាយករដ្ឋមន្ត្រី  Ahmad Zahid bin Hamidi រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ី អំពីហេតុការណ៍យោធាថៃចាក់សម្លេងខ្មោច  និងសម្លេងផ្សេងៗតាមធុងបាស់ឮសូរខ្លាំងៗនាពេលរាត្រី រំខានដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។  នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែងក្រោយជំនួបរវាងសម្ដេចតេជោ  និងឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ចប់ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា សម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា មិនត្រូវការឲ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជាថ្កោលទោសភាគីជម្លោះណាមួយទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺមិត្តរបស់កម្ពុជា ជួយជំរុញឱ្យថៃ និងកម្ពុជា គោរពបទឈប់បាញ់ដែលកំពុងតែផុយស្រួយឱ្យមានប្រសិទ្ធភាព និងស្វែងរកដំណោះស្រាយ សម្រាប់ស្ដារសន្តិភាព និងទំនាក់ទំនងឡើងវិញ។

គួរឱ្យដឹងថា បន្ទាប់​ពី​ព្យាយាម​ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់​ និង​ភូមិ​ជោគ​ជ័យ​មិន​បាន​សម្រេច​ យោធាថៃ និងជនជ្រុលនិយមនៅថៃ បានធ្វើសកម្មភាពចាក់សម្លេងខ្មោច និងសម្លេងផ្សេងទៀតឮសូរខ្លាំង  ចាប់តាំងពីយប់ថ្ងៃទី១០ រហូតមកដល់យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រំខានដល់ពលរដ្ឋកម្ពុជា​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​សង្កេត​ការណ៍​ដោយ​ក្រុម​អ្នកអង្កេត​ការណ៍​អន្តរកាល IOT ក៏ដោយ​។ តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មេ​គំនិត​នៃ​ការ​ចាក់​សំឡេង​រំខាន​នេះ កាន់ ចមផ្លាំង ថា​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ថៃ ហើយ​ការ​ចាក់​នេះ​ក៏​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ស្រះកែវ និង​យោធ​ភូមិភាគ១​របស់​ថៃ​អនុញ្ញាត​ផង​ដែរ​។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក Volker Turk ដើម្បី​រាយការណ៍​ពី​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​របស់​ថៃ​មក​លើ​ពលរដ្ឋ​កម្ពុជា ក៏​ដូចជា​អញ្ជើញ​លោក Volker មក​មើល​ដោយ​ផ្ទាល់​ផង​ដែរ​។ ស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​ ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ អំពាវនាវ​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ដែល​គំរាម​កំហែង​ផ្លូវ​ចិត្ត​ប្រជាជន​កម្ពុជា ធានា​ការពារ​និង​ការ​ផ្ដល់​ជំនួយ​វេជ្ជសាស្ត្រ​និង​ផ្លូវ​ចិត្ត​ចាំ​បាច់​ដល់​ជន​រងគ្រោះ​ និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សន្ទនា​តាម​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។

ជុំវិញសកម្មភាពរបស់ថៃ  សមាជិកព្រឹទ្ធសភាប្រទេសថៃ  លោកស្រី Angkhana Neelapaijit ដាស់តឿនរាជរដ្ឋាភិបាលថៃ ថាគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬ ប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ លោកស្រី បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម