Connect with us

ព័ត៌មានជាតិ

ឱកាសការងារ៣ម៉ឺនកន្លែងកំពុងរងចាំអ្នកស្វែងរកការងារធ្វើ នៅពិពរណ៍ការងារ និងផលិតភាពជាតិ រៀបចំឡើងដើមខែក្រោយ

បានផុស

នៅ

ឱកាសការងារជាង ៣ ម៉ឺន កន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ កំពុងរងចាំយុវជន សិស្សនិសិ្សត និងអ្នកស្វែងរកការរងារ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥  ក្រោមប្រធានបទ«វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»ដែលរៀបចំឡើងនាថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅអគារពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ឱ្យដឹងថា ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០  មកពីវិស័យសំខាន់ៗ វិស័យហិរញ្ញវត្ថុ  ធនាគារ មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រង  វិស័យព័ត៌មានវិទ្យា វិស័យសំណង់ ឧស្សាហកម្មយានយន្ត រោងចក្រសហគ្រាស ផ្នែកកម្មន្តសាល ផ្នែកកាត់ដេរ និងស្ថាប័នផ្សេងទៀតៗដែលត្រូវការបុគ្គលិក។

លោក អះអាងថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

អ្នកនាំពាក្យចាត់ទុកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ជាវេទិកាសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ អាចរកបានការងារដែលស្របនឹងសមត្ថភាពជំនាញ និងក្ដីស្រឡាញ់របស់ខ្លួននៅមួយកន្លែងជាមួយនឹងជម្រើសការងារសម្បូរបែប ចំណែកក្រុមហ៊ុនដែលកំពុងខ្វះបុគ្គលិកអាចផ្សព្វផ្សាយតម្រូវការបុគ្គលិករបស់ក្រុមហ៊ុន អំពីសក្ដានុពលរបស់ខ្លួន ដើម្បីជ្រើសរើសបានជ្រើសរើសបានធនធានមនុស្សដែលសំខាន់ៗ មានសមត្ថភាពយកទៅបំពេញការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួនស្របតាមតម្រូវការជាក់ស្ដែង។

អ្នកនាំពាក្យបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី១៥នេះ រៀបចំឡើង ដើម្បីបន្តផ្សព្វផ្សាយអំពីកំណើនផលិតភាពការងាររបស់កម្ពុជា និងបន្តបង្កើតឱ្យមានការយល់ដឹង និងបណ្ដុះផ្នត់គំនិតឱ្យយុវជនកម្ពុជាយល់ដឹងថា យុវជនគឺជាផ្នែកមួយដ៏សំខាន់ នៃកម្លាំងពលកម្មដែលបាននិងកំពុងជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចរបស់ជាតិ។

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ស.ស.យ.ក រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។

លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។

លោក លី តិកហេង តំណាងសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។

លោកបន្តថា ពិព័រណ៍ការងារ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជុំវិញប្រធានបទផលិតភាពពីសំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ។


តំណាងក្រុមហ៊ុន ដែលនឹងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ បានអំពាវនាវទៅកាន់យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ  កុំភ្លេចចូលរួមឱ្យបានកុះករ និងត្រៀម CV ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ https://careerfair.nea.gov.kh/ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម