Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី​ បើកយុទ្ធនាការសម្អាតផ្លូវជាតិស្វាគមន៍ភ្ញៀវទេសចរ នាឱកាសបុណ្យអុំទូក

បានផុស

នៅ

អាជ្ញាធរស្រុកអូររាំង ខេត្តមណ្ឌលគិរី បើកយុទ្ធនាការសម្អាតផ្លូវជាតិលេខ ៧៦ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងខិតចូលមកដល់ក្នុងខែវិច្ឆិកាខាងមុខនេះ។ យុទ្ធនាការសម្អាតផ្លូវជាតិនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង
ឃុំសែនមនោរម្យ ស្រុកអូររាំង ជាមួយនឹងការផ្សព្វផ្សាយអប់រំដល់ខ្នងផ្ទះពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិឱ្យទុកដាក់សំរាមត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់អនាម័យបរិស្ថាន និងសុខភាពសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃន់ អូន អភិបាលរងស្រុកអូររាំង បានប្រាប់«កម្ពុជាថ្មី»ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានបានដឹកនាំក្រុមការងារ មន្រ្តីដែនជម្រកសត្វព្រៃកែវសីមា និងសហគមន៍អណ្តូងក្រឡឹង បានបើកយុទុ្ធនាការសម្អាតតាមដងផ្លូវជាតិ៧៦ ចាប់ពីចំណុចព្រំប្រទល់ភូមិអណ្តូងក្រឡឹង ដល់ចំណុចអូរងើយ តាមយុទ្ធសាន៍សរបស់ក្រសួងបរិស្ថាន(ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក)។យុទ្ធនាការនេះ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់អនាម័យបរិស្ថានស្អាតតាមទីធ្លាសាធារណៈ ជាពិសេស​​តាមដងផ្លូវជាតិឱ្យមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ ស្របពេលឱ្យកាសពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ។

លោកបញ្ជាក់ថា៖« ខេត្តមណ្ឌលគិរី មានទេសភាពអំណោយផលជាមួយអាកាសធាតុ ពោរពេញទៅដោយសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ហើយស្រុកអូររាំងជាផ្នែកមួយផងដែរ ដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ជាច្រើននោះរួមមាន ទឹកជ្រោះអូររាំង វាលស្មៅខៀវខ្ចី ចំការស្រល់ អណ្ដូងស្នេហ៍ ទំនប់អូរទេធិបតី និងរមណីយដ្ឋានផ្សេងៗជាច្រើនទៀត»។

លោក ឃន់ អូន អភិបាលរងស្រុកអូររាំង

លោកអះអាងថា ដូច្នេះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមការងារចុះសម្អាតតាមផ្លូវសាធារណៈជាប្រចាំ ពោលមិនធ្វើតែមួយឆាវៗនោះទេ និងបានអប់រំដល់ប្រជាពលរដ្ឋឱ្យទុកដាក់សំរាមត្រឹមត្រូវ។ ក្នុងនាមរដ្ឋបាលស្រុកអូររាំង អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៦ នៅពេលចុះចត ឬបរិភោគអាហាផ្សេងៗ សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយវិចខ្ចប់ឱ្យបានល្អ កុំបោះចោលពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពតាមផ្លូវ។

ដើម្បីស្វាគមន៍ភ្ញៀវទេសចរធ្វើដំណើរកម្សានទៅលេងខេត្តមណ្ឌលគិរី នៅភូមិភាគឦសានដែលសម្បូរទៅដោយព្រៃភ្នំ អូរ និងជ្រោះទឹកធ្លាក់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់រីសត មួយចំនួន បានសម្រេចបញ្ចុះឈ្មោះតម្លៃសេវាកម្មស្នាក់នៅតាមទីតាំងរៀងៗខ្លួន៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម