ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ជំរុញអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ និងទប់ស្កាត់ឱ្យបានរាល់ការសាងសង់ខុសច្បាប់
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការ ត្រួតពិនិត្យសំណង់ ជាពិសេស ការទប់ស្កាត់ឲ្យបាននូវរាល់ការសាងសង់សំណង់ខុសច្បាប់ ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ដែលកើតមាននៅក្នុងខេត្ត។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។
បន្ថែមពីលើនេះ លោកអភិបាលខេត្ត ថា អាជ្ញាធរពាក់ព័ន្ធត្រូវចេញវិធានការឱ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ តាមរយៈ ការពង្រីកការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ ឱ្យបានយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។ ទន្ទឹមនេះ លោកថា រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ និង ការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ របៀប រៀបរយ និងសោភណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋានរបស់ខេត្ត ។

ក្នុងឱកាសនោះ លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៥រួមមាន៖ ១-ក្នុងការងាររដ្ឋបាលដីធ្លី សូមបន្តយកចិត្តទុកដាក់លើការងារចុះបញ្ជីដីទាំងដីរដ្ឋ ដីឯកជន ដោយខិតខំបង្កើនល្បឿន នៃការចុះបញ្ជីដី បណ្ណកម្មសិទ្ធិដី ដោយជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ សំដៅពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ពង្រឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគិន ក៏ដូចជាបង្កើនប្រភពចំណូល របស់ប្រជាពលរដ្ឋផងដែរ។ ២- ក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម សូមខិតខំធ្វើបច្ចុប្បន្នភាពទិន្នន័យការងាររៀបចំដែនដីនិង នគរូបនីយកម្មដោយសហការជាមួយអន្តរមន្ទីរជំនាញក្នុងខេត្ត និងក្រុមការងារបច្ចេកទេសក្រសួងដើម្បីរៀបចំការប្រើប្រាស់ដីថ្នាក់ក្រុងស្រុកឱ្យបានចប់សព្វគ្រប់ព្រមទាំងផែនទីកំណត់ព្រំប្រទល់ខេត្ត ស្របតាមដំណើរនៃការអភិវឌ្ឍរបស់ខេត្ត។ ៣- ការងារសំណង់ សូមបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយត្រូវអនុវត្តវិធាន ការច្បាប់ឱ្យបានម៉ឺងម៉ាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមសហការជួយទប់ស្កាត់ឱ្យបាននូវរាល់បាតុភាព អវិជ្ជមាននានាដែលបាននិងកំពុងកើតឡើងមាន ពិសេសសំណង់គ្មានលិខិតអនុញ្ញាត សំណង់ខុសច្បាប់អនុញ្ញាត ដើម្បីធានា ឱ្យបាននូវគុណភាពនៃសំណង់ ចូលរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈក៏ដូចជាសោភណភាពទីក្រុង និងទីប្រជុំជន។

ទី៤- ក្នុងការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច សូមបន្តខិតខំចុះស្រង់ទិន្នន័យសំណង់បណ្តោះ អាសន្នលើដីសាធារណៈរបស់រដ្ឋ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដើម្បីដាក់ជូនអាជ្ញាធរខេត្ត មានមូលដ្ឋានក្នុងការដោះស្រាយរកដីធ្លីជូនពួកគាត់ឱ្យបានសមរម្យ ដោយតាមសារាចរលេខ០៣ ស្តីពីការដោះ ស្រាយសំណង់បណ្តោះអាសន្ននៅតាមទីក្រុង និងទីប្រជុំជន និងអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច។ ៥-ទាក់ទិននឹងការពង្រឹងការងារផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ សូមឱ្យមន្ត្រីគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវផ្លាស់ប្តូរអាកប្បកិរិយាការងាររបស់ខ្លួនពីអ្នកគ្រប់គ្រងមកធ្វើជាអ្នកផ្តល់សេវាគួរជាទីគោរព និងស្រលាញ់របស់ប្រជាពលរដ្ឋវិញ ដោយត្រូវបន្តខិតខំបំពេញភារកិច្ច របស់ខ្លួនប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព៕
ដោយ៖ភក្ដី




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


