Connect with us

ព័ត៌មានជាតិ

ទោះរកបានចំណូលតិចតួចក្តី ប៉ុន្តែសហគមន៍ជនជាតិដើមភាគតិចតស៊ូត្បាញកន្សែង ក្រមា លក់ ដើម្បីរក្សាអត្តសញ្ញាណ

បានផុស

នៅ

គ្រួសារជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមានជំនាញតម្បាញ ព្យាយាមត្បាញកន្សែង ក្រមា និងសម្លៀក បំពាក់លក់ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចផង ក៏ដូចជារកថវិកាជួយដោះស្រាយជីវភាពប្រចាំថ្ងៃ បើទោះបីជាមុខរបរមួយនេះទទួលបានប្រាក់ចំណូលតិចតួចក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកគ្រួសារតម្បាញមួយរូបមានអ្នកស្រី គ្រើង ចាន់ទី អាយុ២៤ឆ្នាំ រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់កម្ពុជាថ្មី សព្វថ្ងៃខ្លួនមានមុខរបរធ្វើស្រែចម្ការជាមួយស្វាមីនិងកូនមួយនាក់ ហើយទំនេរពីការងារគ្រួសារផ្ទាល់ខ្លួន រូបគាត់តែងជួយតម្បាញម្ដាយបង្កើត។ អ្នកស្រីនិយាយថា៖«ការចេះជំនាញតម្បាញនេះគឺបន្តតពីម្ដាយបង្កើត ចាប់តាំងពីឆ្នាំ២០១៥មកម្លេះ មានរយៈពេល១០កន្លងមកហើយ។ សព្វថ្ងៃខ្ញុំចេះត្បាញជាច្រើនមុខដូចជា កន្សែង សំពត់ អាវ ប៉ឹង និងការបូបស្ពាយ ជាដើម»។

បើតាមស្រ្តីតម្បាញជនជាតិដើមភាគតិចរូបនេះ​ មួយថ្ងៃអាចត្បាញបានតែកន្សែងមួយប៉ុណ្ណោះ ហើយពេលបានគ្រប់ចំនួនម្ដងៗយកទៅបោះឱ្យឈ្មួញកណ្តាលយកទៅលក់បន្តនៅឯរមណីដ្ឋានទឹកជ្រោះប៊ូស្រា។ សម្រាប់កន្សែងបង់កខ្នាតតូចលក់ទៅឱ្យឈ្មួញមួយតម្លៃ ៥ ០០០ រៀល និងកន្សែងខ្នាតធំជាងនេះបន្តិចគឺបានតម្លៃ ៧ ០០០រៀល។ អ្នកស្រីបានរៀបរាប់ពីជំនាញនេះថា ការអង្គុយតម្បាញសម្លៀកបំពាក់និងកន្សែងទាំងអស់នេះមិនមែនជាការងាយស្រួលទេ ពោលគឺមានការលំបាកខ្លាំងណាស់ ត្រូវអង្គុយត្បាញពីព្រឹករហូតដល់ល្ងាចទើបបានកន្សែងមួយលក់តម្លៃ ៥ ០០០រៀល។

ទោះការងារនេះមានការលំបាក និងទទួលបានប្រាក់កម្រៃតិចតួច ប៉ុន្តែអ្នកស្រី ប្រឹងប្រែងតស៊ូដើម្បីរកចំណូលខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងថែរក្សាប្រពៃណីជនជាតិដើមភាគតិច។ អ្នកស្រីថា៖« ជាងនេះទៅទៀត កន្សែងនិងសំពត់អាវផ្សេងៗគឺជាអត្តសញ្ញាណតជំនាន់ពីដូនតាតាំងពីយូរលង់មកហើយ និងដើម្បីចង់ថែរក្សាវប្បធម៌ប្រពៃណីកុំឱ្យបាត់បង់ទៅថ្ងៃអនាគត ទើបខ្ញុំនិងបងប្អូននៅក្នុងសហគមន៍បន្តតម្បាញរហូតមកពេលបច្ចុប្បន្ននេះ»។ ជនជាតិដើមរូបនេះបានបញ្ជាក់ថា ដោយឡែកសម្រាប់កន្សែងដែលតម្បាញមួយចំនួនទទួលបានការឧបត្ថម្ភគាំទ្រពី មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី ដូចជាការផ្គត់ផ្គង់អំបោះជាដើម។

ជាមួយគ្នានេះ អ្នកស្រី ម៉ៅ ជាអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ថ្លែងប្រាប់កម្ពុជាថ្មីថា កន្សែងបង់កក៏ដូចជាសម្លៀកបំពាក់ផ្សេងៗដែលលក់ជូនភ្ញៀវទេសចរជាប្រចាំ គឺគាត់ទទួលទិញពីបងប្អូនជនជាតិដើមភាគតិចព្នងដែលតម្បាញនៅក្នុងសហគមន៍ផ្ទាល់តែម្ដង មិនបានទទួលយកពីខាងក្រៅនោះទេ។

ជាមួយនឹងការលក់ក្នុងតម្លៃសមរម្យ អ្នកស្រី ម៉ៅ អំពាវនាវទៅដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជួយគាំទ្រផលិតផលដូចជាកន្សែង សំពត់អាវ កាបូបស្ពាយនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលសុទ្ធសឹងតែជារបស់ជនជាតិដើមភាគតិច។ អ្នកស្រីថា៖«ការគាំទ្រទាំងអស់នេះគឺជាការគាំទ្រផ្ដល់ការងារឱ្យបងប្អូនជន​ជាតិ​ដើមភាគតិចនៅក្នុងសហគមន៍ឱ្យមានការងារធ្វើជាប្រចាំ ហើយពួកគេអាចរកចំណូលបានសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាប្រចាំថែមទៀតផង៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម