ព័ត៌មានជាតិ
ឆាប់ៗនេះ អាជ្ញាធរអគ្គិសនីនឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស ដែលសាក៣០នាទីអាចប្រើបាន៤រយគីឡូម៉ែត្រ
អាជ្ញាធរអគ្គិសនី នឹងទម្លាក់កញ្ចប់ថវិការទ្រង់ទ្រាយធំ ដើម្បីដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ដែលមានសមត្ថភាពបញ្ជូលថាមពលយានយន្តរយៈពេលត្រឹម៣០នាទីអាចបើកបរបានពី៣រយទៅ៤រយគីឡូម៉ែត្រ។ ទន្ទឹមនេះ កម្ពុជានឹងទម្លាក់តម្លៃបញ្ជូលថាមពលមកទាបជាមុន ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី កាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈជះផលប៉ះពាល់បរិស្ថានខ្ពស់។ នេះបើតាមការឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំបៃតង និងចីរភាពសកលឆ្នាំ២០២៥។

រដ្ឋមន្ត្រីរ៉ែ និងថាមពល កែវ រតនៈ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖« នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល និងរាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេសរបស់យើង តាមផ្លូវសំខាន់ៗ គឺមានស្ថានីយ៍សាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន ព្រោះឥឡូវយើងសាកតាមផ្ទះ៦ ទៅ៧ម៉ោងទើបពេញ តែបើសិនថ្ងៃក្រោយយើងទៅផឹកកាហ្វេតាមផ្លូវជាតិ យើងសាកតែ២០នាទី កន្លះម៉ោង យើងអាចរត់បាន៣ ទៅ៤រយគីឡូម៉ែត្រ។ »។

រដ្ឋមន្ត្រី កែវ រតនៈ ពន្យល់ថា មូលហេតុដែលរដ្ឋសម្រេចដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនបែបនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈដែលមានកម្រិតបំពុលបរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។ លោកបន្ថែមថា ការសម្រេបបែបនេះ គឺរដ្ឋាភិបាលកម្ពុជាគិតគូរអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឱ្យចំណាយប្រាក់លើការប្រើប្រាស់យានយន្តតិចជាងមុន ព្រោះផ្អែកតាមការសិក្សាស្រាវជ្រាវ គឺការប្រើប្រាស់យានយន្តអគ្គិសនី គឺចំណាយតិចជាង ហើយចំណេញបាន៥ដង នៃការប្រើប្រាស់យានយន្តដែលចាក់ប្រេងឥន្ធនៈ ដោយសារតែរថយន្តអគ្គិសនីចំំណាយលើការបញ្ចូលថាមពល ការជួសជុលតិចជាងរថយន្តដែលចាក់ប្រេងឥន្ធនៈ។ ម្យ៉ាងទៀត រដ្ឋមន្ត្រីរ៉ែ និងថាមពល ថា ការសម្រេចបែបនេះ គឺគិតគូរដល់ការចូលរួមថែរក្សាបរិស្ថានទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងពិភពលោកជារួមតែម្ដង។

លោក កែវ រតនៈ សង្កត់ធ្ងន់បែបនេះ៖« ដូច្នេះ ផែនការរបស់ក្រសួងរ៉ែ និងថាមពល គឺត្រូវទម្លាក់ថ្លៃសាករថយន្ត ដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្ន ១៦០០រៀល,១៧០០រៀល ឬក៏២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមហ្នឹង។ ការពង្រាយប្រព័ន្ធនេះឱ្យកាន់តែច្រើន ដើម្បីឱ្យបងប្អូនយើងធ្វើដំណើរទៅណាក៏អត់ខ្លាចថាគ្មានកន្លែងសាកអាគុយយានយន្តដែរ។ ដូច្នេះពេលវេលាខាងមុខ យើងនឹងបានផល គឺយកអគ្គិសនីបៃតងរបស់យើងទៅឱ្យផលក្នុងវិស័យដឹកជញ្ជូន។»។
រដ្ឋមន្ត្រី កែវ រតនៈ គូសបញ្ជាក់បន្ថែមថា ការគិតគូរលើវិស័យនេះ គឺមិនត្រឹមតែចំពោះអ្នកប្រើប្រាស់យានយន្តអគ្គិសនីលក្ខណៈគ្រួសារប៉ុណ្ណោះទេ ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរទៅលើវិស័យដឹកជញ្ជូនទំនិញ ឬភស្តុភាកម្ម និងវិស័យកសិកម្មដូចគ្នាដែរ។

សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៥ បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល គិតគូរពីការដាក់ពង្រាយបន្ថែមទៀត នូវស្ថានីយសាកថ្មរថយន្តអគ្គិសនី ប៉ុន្តែត្រូវធានាឱ្យបាន នូវស្តង់ដារគុណភាព និងសុវត្ថិភាព។
ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២ ២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


