Connect with us

ព័ត៌មានជាតិ

ផ្លូវ​មួយ​ខ្សែ​នៅ​​ឃុំក្រញូងសែនជ័យ ពិបាក​ធ្វើដំណើរ ខណៈ​សិស្ស​ត្រូវ​ជិះ​​កាត់ភក់​ ​ផ្លូវ​លិចទឹក​​ទៅ​សាលា​រៀន

បានផុស

នៅ

ផ្លូវលំមួយខ្សែទៅកាន់ចំណុចស្ពានបាក់នៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានរងការខូចខាតយ៉ាងខ្លាំង ខណៈ​ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សនៅតំបន់នោះ​បានស្នើសុំឲ្យមានការជួសជុលឡើងវិញដើម្បីផ្ដល់ភាពងាយ​ស្រួល​ទៅសាលារៀន។

ផ្លូវលំមួយខ្សែនេះមានចម្ងាយប្រមាណជាមួយគីឡូម៉ែត្រ​ចាប់ពីផ្លូវជាតិនៅចំណុចផ្សារ ១១៥ រហូតទៅដល់ទីតាំងស្ពានបាក់។ ស្ថានភាពផ្លូវ​រង​ការ​ខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានជង្ហុកធំៗនិងលិចទឹកភក់ច្រើន ដែលបង្កផលលំបាក និង​ផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះមានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ដែលបានប្រើប្រាស់សម្រាប់​ធ្វើ​ដំណើរ​ចេញចូល ជាពិសេសសិស្សានុសិស្សដែលត្រូវ​ធ្វើដំណើរទៅរៀននៅសាលាបឋមសិក្សា ក៏ដូចជាអនុវិទ្យាល័យនៅឃុំក្រញូងសែនជ័យជា​រៀងរាល់ថ្ងៃ​។

ប៉ុន្តែនៅពេលនេះគឺមានផលលំបាក​ថែម​ទៀត​ក្រោយពីស្ពានបាឡេត៍នៅចំណុចអូរឆ្លូងស្ថិតនៅក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបាក់កាលពីថ្ងៃម្សិលម៉ិញ ដោយសាររថយន្តធុនធំដឹកផ្ទុកដំឡូងមី ធ្វើឱ្យមានការកកស្ទះនៅក្នុងការធ្វើដំណើរចេញចូលទៅភូមិ ពិសេសនោះគឺសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅកាន់សាលារៀន ត្រូវចំណាយពេលវេលាច្រើនម៉ោងជិះផ្លូវវាងទៅភូមិផ្សេងទៀត ដើម្បីធ្វើដំណើរទៅកាន់សាលា ដែល​អ្នកខ្លះត្រូវធ្វើដំណើរចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រ ឯណោះ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ កន្លងទៅការធ្វើដំណើររបស់សិស្សានុសិស្សមានផលលំបាកក្នុងការធ្វើដំណើរ យឺតយ៉ាវ ត្រូវបើកបរដោយប្រុងប្រយ័ត្នបំផុត និងយឺតៗ ហានិភ័យគ្រោះថ្នាក់ ផ្លូវរអិល ជង្ហុក និងទឹកលិច មើលផ្លូវមិនឃើញ​ដួល​ម៉ូតូ ឬការធ្វើដំណើរមានភាពយឺតយ៉ាវ។ បើទោះបីជាយ៉ាងណា បើស្ពានមិនទាន់បាក់អាចធ្វើដំណើរតាមផ្លូវនេះ​បាន​ ទោះ​វាលំបាកក៏ចម្ងាយ​ផ្លូវជិតជាងទៅតាមផ្លូវវាង បច្ចុប្បន្នត្រូវជិះផ្លូវវាងចំណាយពេលកាន់តែច្រើនម៉ោង ហើយសិស្សអាចប្រឈម​ការខកខាននៅក្នុងការសិក្សារៀនសូត្រទៀតផង។

នៅរសៀលថ្ងៃទី៣០ ខែតុលា ម្សិលមិញនេះ គេសង្កេតឃើញមានគ្រឿងចក្រទៅធ្វើការកាយប្រឡាយតាមផ្លូវទឹករំដោះទឹកចេញពីតាមផ្លូវលំមួយខ្សែនេះ ប៉ុន្តែយ៉ាងណានៅមិនទាន់ដឹងថា គ្រឿងចក្រនោ ត្រូវជួសជុលផ្លូវនេះ ឬក៏គ្រាន់តែកាយរំដោះផ្លូវទឹកនោះទេ។

លោក សាម ណាល់ អភិបាលស្រុកស្នួលបានឱ្យដឹងថា ស្ពានបេឡេត៍ដែលរងការបាក់ស្រុតដោយសាររថយន្ត V1 ដឹកដំឡូងមីមួយគ្រឿងនិងផ្លូវមួយខ្សែនោះ គឺខាងក្រុមហ៊ុនវិនិយោគនៅតំបន់នោះជាអ្នកធ្វើ ប៉ុន្តែក្រោយមកបានប្រគល់ឱ្យថ្នាក់ខេត្ត ខាងថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ពេលនេះមន្ត្រីជំនាញរបស់មន្ទីរបានសហការជាមួយអាជ្ញាធរស្រុកស្នួល ចុះទៅពិនិត្យទីតាំងកន្លែងស្ពានបាក់ ហើយក៏បានហៅអ្នកបើកបររថយន្តបង្កមកសួរនាំ។

លោកប្រធានមន្ទីរបានបន្តថា ចំពោះផ្លូវមួយខ្សែខាងលើ ដែលរងការខូចខាងនោះ​ស្ថិត​នៅក្រោមថែទាំរបស់មន្ទីសាធារណការខេត្ត ហើយមន្ទីរបានជួសជុលថែទាំជាប្រចាំរាល់ឆ្នាំ ហើយកាលពីម្សិលម៉ិញនេះ ក្រុមការងារថែទាំផ្លូវក៏បានយកគ្រឿងចក្រចូលទៅដើម្បីជួសជុលស្ថានាផ្លូវនោះផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម