Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នឹងធ្វើនៅថ្ងៃទី ២៧ វិច្ឆិកា ខាងមុខនេះ

បានផុស

នៅ

យុទ្ធនាការ ១៦ ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ក្រោម​ប្រធានបទ “​រួមគ្នា​បញ្ឈប់​អំពើ​ហិង្សា​តាម​បច្ចេកវិទ្យា​ឌីជីថល​លើ​ស្ត្រី និង​ក្មេង​ស្រី​” នៅ​ខេត្ត​សៀមរាប សម្រាប់​ឆ្នាំ ២០២៥ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយ​អង្គការ​មជ្ឈមណ្ឌល​ធនធាន​ស្ត្រី សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​យុទ្ធនាការ​នេះ កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី ម៉ននី រង្សី អភិបាល​រង​ខេត្ត បាន​បង្ហាញ​ថា យុទ្ធនាការ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើន និង​លើក​កម្ពស់​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់ និង​ឆ្លើយតប ចំពោះ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ខាង​សាសនា សិល្បៈ វិស័យ​ឯកជន​នានា។ យុទ្ធនាការ​នេះ ក៏​ជា​ការ​លើក​កម្ពស់​ឥរិយាបថ​វិជ្ជមាន​របស់​សាធារណជន និង​អ្នកផ្ដល់​សេវា​ចំពោះ​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ កៀរគរ​ការ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ពី​មន្ទីរ​ស្ថាប័ន ម្ចាស់​មូលនិធិ អង្គការ​ដៃគូ​ជាតិ​-​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ដើម្បី​រួម​គ្នា​ពន្លឿន​ការ​អនុវត្ត​សកម្មភាព និង​អនុវត្ត​ច្បាប់​ជាតិ អន្តរជាតិ ព្រមទាំង​ផែនការ​សកម្មភាព​ជាតិ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​តាម​បែប​បច្ចេកវិទ្យា​ឌីជីថល លើ​ស្ត្រី និង​ក្មេង​ស្រី។

លោកស្រី ម៉ននី រង្សី លើក​ឡើង​ថា យុទ្ធនាការ​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជា​សកម្មភាព​មួយ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ទប់ស្កាត់​អំពី​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​ដែល​កើតមានឡើង​តាមរយៈ​ការ​ផ្ដល់​នូវ​សារ​គន្លឹះ​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អវិជ្ជមាន​ទៅលើ​ក្មេង​ស្រី និង​ស្ត្រី។

លោកស្រី​បន្ត​ថា សម្រាប់​យុទ្ធនាការ​នេះ ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន លុះត្រាតែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ មន្ទីរ​អង្គភាព បណ្ដា​អង្គការ ជាពិសេស​កិច្ចសហការ​ល្អ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី​រក្សា​នូវ​សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​យុទ្ធនាការ។

សូម​ជម្រាប​ថា យុទ្ធនាការ ១៦ ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ខេត្ត​សៀមរាប ឆ្នាំ ២០២៥ នឹង​រៀបចំឡើង​នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ចំហៀង​ខាងលិច​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោយ​នឹង​មាន​ការ​ចូលរួម​ពី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម