Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាបនឹងពិចារណាបើកការហោះហើរសារជាថ្មី

បានផុស

នៅ

ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប បានលើកឡើងថា  រដ្ឋបាលខេត្តសៀមរាប នឹងពិចារណារស្នើសុំបើកការហោះហើរមកកាន់ខេត្តសៀមរាបសារជាថ្មី។ ការលើកឡើងនេះធ្វើនៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ សីហា មានប្រសាសន៍ថា៖ “ប្រសិនបើបងប្អូន ជាអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា រដ្ឋបាលខេត្តសៀមរាប នឹងពិចារណារស្នើសុំបើកការហោះហើរមកកាន់ខេត្តសៀមរាបសារជាថ្មី ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត”។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក​អភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់អ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ និងជាគោលការណ៍ទប់ស្កាត់ការរីករាលដាលការឆ្លងមេរោគកូវីដ-១៩។

បើតាមការឱ្យដឹងពីលោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្តតោះតោះមកលេងសៀមរាប និងជួយសម្របសម្រួលក្នុងដំណើរការចាក់វ៉ាក់សាំងនេះបានឱ្យដឹងថា សម្រាប់ជំហានទី១នេះ មានអ្នកប្រកបរបរជាអ្នកដឹកជញ្ជូនភ្ញៀវស្ម័គ្រចិត្តមកទទួលចាក់វ៉ាក់សាំង ប្រមាណ១៧០នាក់។ តាមការប៉ាន់ស្មាន របស់លោកថា ចំនួនអ្នកពាក់ព័ន្ធមុខរបរនេះ អាចមានចំនួនច្រើនជាងនេះ រហូតដល់ខ្ទង់ពាន់នាក់ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ពួកគាត់ខ្លះបានផ្លាស់ប្តូរមុខរបរ។

បើទោះបីជាយ៉ាងនេះក្តី លោក ស៊ុន ចំណាន បញ្ជាក់ថា រដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យក្រុមការងារយុវជនស្ម័គ្រនេះ ចុះស្រាវជ្រាវធ្វើយ៉ាងណាស្វែងរកពួកគាត់ ដើម្បីមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម