ព័ត៌មានជាតិ
សាលាបឋមសិក្សាចំនួន ២ ជាប់ព្រំដែនថៃ ផ្អាកការសិក្សាបណ្ដោះអាសន្ន ក្រោយយោធាថៃផ្ទុះអាវុធបាញ់ប្រហារលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់
សាលាបឋមសិក្សាចំនួន ២ ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន ដោយសារតែយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែររងរបួសចំនួន ៣ នាក់ និងស្លាប់ម្នាក់ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បង្កឲ្យសិស្សសាលាភ័យស្លន់ស្លោ ទ្រហោយំ ទាំងអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងពលរដ្ឋជម្លៀសពីសាលា និងលំនៅឋាន ទៅទីសុវត្ថិភាពនានា។


លោក ឈូ ប៊ុនរឿន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យកម្ពុជាថ្មីដឹងកាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ក្រោយមានការផ្ទុះអាវុធពីសំណាក់យោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មន្ទីរអប់រំខេត្ត បានសម្រេចចាប់ពីថ្ងៃទី ១៣ ម្សិលមិញ ផ្អាកការសិក្សាបណ្ដោះអាសន្នទៅលើសាលាចំនួន ២ ដែលកំពុងប្រឈមខ្លាំងពីការផ្ទុះអាវុធរបស់ភាគីថៃ។ សាលាទាំងពីររួមមាន ៖ សាលាបឋមសិក្សាជោគជ័យ និងសាលាបឋមសិក្សាព្រៃចាន់ ដែលសាលាទាំងពីរនេះ មានសិស្សចូលរៀនចំនួន ៥៨៨ នាក់ ក្នុងនោះ ស្រី ២៨៧ នាក់ គ្រូ ១៩ នាក់ និងថ្នាក់រៀនសរុប ២០ ថ្នាក់។


ដោយឡែក លោក គុយ វណ្ណី នាយកសាលាបឋមសិក្សាព្រៃចាន់ បានបញ្ជាក់ថា សាលារបស់លោកគឺមានថ្នាក់រៀនចំនួន ៧ ថ្នាក់ និងសិស្សសរុប ១៦២ នាក់ ស្រី ៦៤ នាក់ ព្រមទាំងគ្រូបង្រៀន ៥ នាក់ ផងដែរ។ មូលហេតុដែលសាលាត្រូវបានផ្អាកដំណើរការសិក្សាដោយសារតែកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានការផ្ទុះអាវុធពីសំណាក់យោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ចម្ងាយពីសាលាប្រមាណជា ១ គីឡូម៉ែត្រ ត្រង់ចំណុចដែលថៃបានហ៊ុមព័ទ្ធដាក់បន្លាលួសយកផ្ទះរបស់ពលរដ្ឋខ្មែរបណ្ដាលឲ្យស្លាប់ម្នាក់ របួស ៣ នាក់ ជាហេតុធ្វើឲ្យសិស្សសាលាយំរត់ស្លន់ស្លោ។ បន្ទាប់មកក៏មានអាជ្ញាធរ និងសមត្ថកិច្ចដែលប្រចាំការនៅតំបន់ភូមិព្រៃចាន់ បានឲ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងលោកផង ជម្លៀសខ្លួនចេញអស់ពីភូមិព្រៃចាន់យ៉ាងប្រញាប់ទៅរកទីសុវត្ថិភាពស្ថិតនៅវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ភ្លាមៗ ទាំងរសៀល បន្ទាប់ពីផ្ទុះអាវុធ។


លោកបន្តទៀតថា សាលារបស់លោកទើបតែបានបើកដំណើរការរៀនក្រោយពីបើកបវេសនកាលឆ្នាំសិក្សាថ្មីបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានឈប់សម្រាកក្នុងឱកាសបុណ្យអុំទូក លុះពេលចូលមកវិញក៏មានហេតុការណ៍ផ្ទុះអាវុធធ្វើឲ្យផ្អាកការសិក្សានេះបន្តទៀត។ ការឈ្លានពានយាយីគ្រប់រូបភាពពីសំណាក់យោធាថៃមកលើកម្ពុជា ជាពិសេសនៅភូមិព្រៃចាន់នេះតែម្ដង បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងបង្កការភ័យខ្លាចព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃជានិច្ច ទាំងប្រជាពលរដ្ឋ ក៏ដូចជារូបលោកផ្ទាល់ សង្ឃឹមថា ប្រទេសមានសន្តិភាពហើយក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដោយមានប្រធានាធិបតីអាមេរិកជាសាក្សី បែរជានៅតែមានការផ្ទុះអាវុធបែបនេះ។


លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជាគោលការណ៍ បិទសាលាតែមួយទេ គឺសាលាព្រៃចាន់ តែដោយសារសាលាបឋមសិក្សាជោគជ័យ ពុំមានសិស្សទៅរៀន ក៏បានបិទបណ្ដោះអាសន្នតែម្ដងទៅ។ មកដល់ពេលនេះ លោកកំពុងតែស្នើទៅថ្នាក់លើ ដើម្បីឲ្យសិស្សបានចូលរៀនវិញហើយ។ ជាគោលការណ៍នៅរសៀលថ្ងៃនេះ គឺកំពុងតែឲ្យពួកគាត់ត្រឡប់ទៅវិញសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តត្រឡប់ទៅលំនៅឋានវិញ។

សូមបញ្ជាក់ថា ការផ្ទុះអាវុធរបស់ភាគីថៃដែលបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ មិនត្រឹមតែធ្វើឲ្យមានការបិទសាលារៀន និងពលរដ្ឋចេញពីលំនៅឋានមករកទីសុវត្ថិភាពនោះទេ សូម្បីតែព្រះសង្ឃគង់នៅវត្តព្រៃចាន់ ក៏ត្រូវបានជម្លៀសព្រះកាយទៅកាន់ទីសុវត្ថិភាពនានាផងដែរ៕
អត្ថបទ ៖ អ ពៅ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


