Connect with us

ព័ត៌មានជាតិ

រយៈពេល៥ឆ្នាំ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងដល់ ១១១ក្បាល

បានផុស

នៅ

ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៥ ចំនួនសត្វផ្សោតទន្លេមេគង្គ បានកើនឡើងរហូតដល់ ១១១ក្បាល ហើយនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ពុំមានសត្វផ្សោតណាមួយ បានស្លាប់ឡើយ នេះគឺជាភាពជោគជ័យមួយគួរជាទីមោទនៈ ក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអាជ្ញាធរខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២ មកទល់បច្ចុប្បន្ន។

ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជាបានទទួលស្វាគមន៍ កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោត សរុបនៅកម្ពុជានាពេលបច្ចុប្បន្ន កើនឡើងដល់ ១១១ក្បាល។

លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដ៏វិសេសវិសាលនេះ មានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផល ជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេ ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្រៅពីនេះក៏មានផងដែរ ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែ សហការផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសត្វផ្សោត និងការធ្វើនេសាទខុសច្បាប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម