ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ពលរដ្ឋ
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានគាំទ្រចំពោះក្រុមហ៊ុន METRA BCCP Co.,Ltd ដែលបានបើកដំណើរការគម្រោងអភិវឌ្ឍនលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក ទេព ធន ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនផ្សេងទៀតឱ្យបើកដំណើរការគម្រោងអភិវឌ្ឍនលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋនេះឱ្យបានច្រើនផងដែរ។

ការលើកឡើងរបស់លោក ទេព ធន នេះ ធ្វើឡើងនៅក្នុងក្នុងពិធីបើកការដា្ឋនសាងសង់គម្រោងអភិវឌ្ឍនលំនៅឋានរបស់ក្រុមហ៊ុន METRA BCCP Co.,Ltd ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចម្ងាយត្រឹមតែ១២គីឡូម៉ែត្រពីវត្តភ្នំ។ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូដ៍សំខាន់បំផុតដែលមិនអាចខ្វះបានក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតការងារ ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារក្នុងតំបន់ និងសកលលោក។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានដាក់បញ្ចូល “ការអភិវឌ្ឍ វិស័យឯកជន និងការងារក្នុងបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកំណត់ជារបៀបវារៈ គោលនយោបាយសំខាន់សម្រាប់ជំរុញកំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល ២៥ឆ្នាំខាងមុខ។

លោក ទេព ធន អះអាងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដាក់ចេញនូវទិសដៅការងារចំនួន១៥ ចំណុច សមរភូមិចំនួន៨ ដើម្បីរក្សាសន្តិសុខនយោបាយ សន្តិសុខ និងសុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពនៃការកាន់កាប់ដី ផ្ដល់ទំនុកចិត្តនិងការជឿជាក់លើកម្ពុជា។ គម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន METRA BCCP នេះ ជាការចូលរួមចំណែកក្នុងការអនុវត្តនូវសមរភូមិទី៤ “កិច្ចការលំនៅឋាន” ដែលអាចឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យជា“ទ្រនំសុភមង្គល” ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយផ្តោតលើក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម លើកកម្ពស់សុវត្ថិភាពកាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុ ងវិស័យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងបង្កើនការទទួលបានគេហសេវាចាំបាច់នានា ដែលជាការរួមចំណែកដ៏សំខាន់ដល់ការដោះស្រាយបញ្ហារៀបចំក្រុង និងនគរូបនីយកម្ម។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងនូវអំណរគុណចំពោះក្រុមហ៊ុន METRA BCCJP Co.,Ltd ដែលបានរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិតាមរយៈការអភិវឌ្ឍវិស័យអចលនទ្រព្យនៅលើកទឹកដីកម្ពុជា។ លោកក៏សរសើរថា លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន METRA BCCJP Co.,Ltd នេះ បំពេញទៅតម្រូវការនៃរស់នៅ គឺមានបរិស្ថានស្អាត សំណង់មានគុណភាព និងមានប្រសិទ្ធភាពក្នុងការរស់ ជាពិសេស តម្លៃសមរម្យដែលអាចឱ្យប្រជាជនមានចំណូលទាប និងមធ្យមក៏អាចជាវរស់នៅបាន។

ចំណែក លោក Kenn Yeo នាយកប្រតិបត្តិក្រុមហ៊ុន Metra BCCJP Co, Ltd ដែលជាអ្នកអភិវឌ្ឍន៍ Metra Estate Legacy បានអះអាងថា METRA BCCP Co.,Ltd ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងសិង្ហបុរី-ជប៉ុន ប្តេជ្ញាចិត្តក្នុងការផ្តល់នៅលំនៅឋានដែលមានគុណភាព និងតម្លៃសមរម្យ សម្រាប់គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលមធ្យម។ លោកថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់បង្កើតលំនៅឋានមានគុណភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងគម្រោងនេះ និងក្លាយជាការពិត ដោយបង្កើតស្តង់ដាថ្មីសម្រាប់លំនៅឋានដែលផ្តល់នូវ គុណភាព តម្លៃសមរម្យ បរិយាកាសល្អ និងមានលទ្ធភាពក្នុងការចូលរួមភាពរីកចម្រើនរបស់គ្រួសារកម្ពុជា ទោះបីជាពួកគាត់មានប្រាក់ចំណូលមធ្យមក៏ដោយ ក៏អាចមានលំនៅឋានផ្ទាល់ខ្លួនសម្រាប់រស់នៅបានផងដែរ។

បើតាមលោក Kenn Yeo ការស្រាវជ្រាវរបស់អង្គការJICA បង្ហាញថា រាជធានីភ្នំពេញតែមួយត្រូវការលំនៅឋានប្រហែល ៨០០០ យូនីតជារៀងរាល់ឆ្នាំ។ ដូច្នេះហើយលោកថា Metra អាចផ្តល់ជូនផ្ទះដែលមានការរចនាល្អ គុណភាព និងតម្លៃសមរម្យ សម្រាប់អ្នករស់នៅចម្រុះ ដែលជៀសវាងការរើសអើងសង្គម ដែលជារឿយៗទាក់ទងនឹងលំនៅដ្ឋានដែលមានតម្លៃទាប។ លោកបន្ថែមថា Metra មានគោលបំណងលើកកម្ពស់សហគមន៍ដ៏រស់រវើកមួយដែលបំពេញតាមការរំពឹងទុក និងតម្រូវការរបៀបរស់នៅរបស់អ្នករស់នៅតាមរយៈការផ្តល់កន្លែងបៃតងបែបធម្មជាតិផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


