Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ទស្សនកិច្ច​ពិនិត្យពីវឌ្ឍនៈភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង

បានផុស

នៅ

កោះកុង ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីពិនិត្យមើលវឌ្ឍនៈភាពរីកចម្រើន ក្រោយពីមន្ទីរពេទ្យនេះ បានទទួលជ័យលាភីលេខ១ផ្តល់សេវាសុខាភិបាល។

ក្រោយអញ្ជើញបើកអង្គសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នៅសាលមហោស្រពខេត្តកោះកុង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បន្តទស្សនកិច្ចក្នុងបរិវេនមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្លែងជួបសំណេះសំណាល និងពិនិត្យវឌ្ឍនៈភាពមន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្ដម​ឧបនាយករដ្ឋមន្រ្តី​ថ្លែង​នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា មន្ទីរពេទ្យខេត្តកោះកុង បានជាប់ជ័យលាភីលេខ១ផ្នែកសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ប្រចាំឆ្នាំ២០២៤ គ្រាកាលពីឆ្នាំ២០១៩ធ្លាប់ជ័យលាភីលេខ១លើកដំបូងម្តងហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏​បាន​កោតសរសើរ​ពីវឌ្ឍនៈភាពដ៏លេចធ្លោរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយ​ស្នើ​ដល់​មន្ទីរពេទ្យដែលមិនទាន់ទទួលបានជ័យលាភីអង្គភាពគំរូមកសិក្សាស្វែងយល់ ព្រោះថា មន្ទីរពេទ្យ​បង្អែកខេត្ត បាន​អនុវត្តការងារប្រកប​ដោយភាពជោគជ័យ​ឆ្លើយតប​នឹងលក្ខណៈនានារបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋទូទៅ។

ទោះយ៉ាងណា ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជំរុញដល់មន្ទីរពេទ្យបន្ត​រៀបចំ​ដឹកនាំអភិវឌ្ឍន៍​បាន​ល្អប្រសើរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យក្រសួងសុខាភិបាលដាក់ចេញ​ឱ្យអនុវត្ត។ ជាក់ស្តែង បន្តយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យព្យាបាលជូនអ្នកជំងឺគ្រប់ស្រទាប់វណ្ណៈ លើកសោភ័ណ្ឌភាព បរិស្ថានអនាម័យ រីឯក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ​ក៏​ត្រូវបានអនុវត្តទៅការណែនាំនានាឱ្យត្រឹមត្រូវ។

ដោយឡែកលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែល​ចំណាយពេលវេលាដ៏មានតម្លៃ​អញ្ជើញចុះទស្សនកិច្ចនៅមន្ទីរពេទ្យរបស់លោក។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងបុគ្គលិក ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ចេញនូវគោលនយោបាយជាតិ លើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តតាមចក្ខុវិស័យ ដោយមានការលើកកម្ពស់ទំនើប ភាវូបនីយកម្ម ប្រព័ន្ធផ្តល់សេវាសុខភាព ឆ្ពោះទៅសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង រំលឹក​ដែរ​ថា ការ​ដែល​ធ្វើឱ្យមន្ទីរពេទ្យបង្អែក​របស់លោក បន្តជាប់ជ័យលាភីលេខ១ផ្នែកសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ប្រចាំឆ្នាំ២០២៤ ក៏ព្រោះលក្ខខណ្ឌចំនួន៨នោះគឺ ទី១ ការផ្តល់សេវាសាធារណ ទី២ ការផ្តល់សេវាសុខាភិបាល ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុ ទី៤ការអភិវឌ្ឍន៍ធនធានមនុស្ស ទី៥ការរៀបចំសោភណ្ឌបរិស្ថាន ទី៦ ចុះផ្តល់ពិនិត្យព្យាបាលនៅតាមសហគមន៍ ទី៧ដោះស្រាយសំណូមពររបស់អ្នកជំងឺ និងទី៨ គំនិតច្នៃប្រឌិតក្នុងអង្គភាពផ្ទាល់តែម្តង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម