Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ នឹងផាកពិន័យជាទឹកប្រាក់ចំពោះពលរដ្ឋចោលសំរាម គ្មានសណ្ដាប់ធ្នាប់

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ នឹង​ធ្វើការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ លោក ឃឹម ស៊ុន​សូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ចុះ​ដើរ​ប្រមូល​សំរាម​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន ជាពិសេស​លើ​ដង​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ក្រោយ​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន មិន​បាន​អនុវត្ត​ការ​រក្សា​អនាម័យ​បរិស្ថាន​បាន​ត្រឹម​ត្រូវ។

លោក ពៅ ប៊ុនរី ប្រធាន​សណ្ដាប់ធ្នាប់​សង្កាត់​ភ្លើង​ឆេះ​រទេះ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​យក​សំរាម​មក​ចោល​លើ​កំណាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ស្ថិត​នៅ​ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ដោយ​មិន​បាន​ដាក់​ធុងសំរាម​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ បរិស្ថាន។ ក្នុង​នោះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក​អភិបាល​ខណ្ឌ និង​លោក ស៊ិន វុទ្ធី ចៅសង្កាត់​ភ្លើង​ឆេះ​រទេះ បញ្ជា​ឲ្យ​លោក សហការ​ជាមួយ​រថយន្ត​​ក្រុមហ៊ុន​ប្រមូល​សំរាម ចុះ​សម្អាត​ទីតាំង​ខាង​លើ និង​ដាក់​បិទ​ស្លាក​ហាម​យក​សំរាម​មក​ចោល​ទីនេះ​ទៀត។ ក្នុង​ករណី​ប្រជាពលរដ្ឋ​ណា​មិន​អនុវត្ត​តាម រដ្ឋបាល​សង្កាត់ នឹង​ចាប់​ផាក​ពិន័យ​ចំនួន​ទឹក​ប្រាក់ ២០០.០០០ រៀល។

អាជ្ញាធរ ជឿជាក់​ថា ប្រជាពលរដ្ឋ នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​សង្កាត់​ភ្លើង​ឆេះ​រទេះ ដើម្បី​បរិស្ថាន​ស្អាត និង​សោភ័ណភាព​ទីក្រុង​ទាំងអស់​គ្នា៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម