Connect with us

ព័ត៌មានជាតិ

ឧប. ហ៊ុន ម៉ានី៖ គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារអាចទៅប្ដូរប៉ុស្តិ៍បង្រៀនថ្មីឡើងវិញបាន ត្រឹមខែវិច្ឆិកានេះ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  ឱ្យដឹងថា គណៈកម្មការចំពោះកិច្ចបានសម្រេចឱ្យបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មិនថាជាបេក្ខជនជាប់ជាស្ថាពរ ឬជាប់បម្រុងដែលបានជ្រើសរើសប៉ុស្តិ៍បង្រៀនរួចហើយអាចប្ដូរប៉ុស្តិ៍បង្រៀនទៅប៉ុស្ដិ៍ផ្សេងបាន ប៉ុន្តែត្រូវឆ្លងកាត់ការពិភាក្សា ការយល់ព្រមទៅលើកិច្ចសន្យាមួយចំនួនជាមុនសិន ហើយការប្ដូរនេះអាចធ្វើឡើងត្រឹមតែក្នុងខែវិច្ឆិកានេះប៉ុណ្ណោះ ចូលដល់ខែធ្នូបេក្ខជនមិនបានប្ដូរបានឡើយ។ ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង នៅគ្រឹះស្ថានបឋមសិក្សា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖«បើសិនជាបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារណាមួយមិនថាជាប់ជាស្ថាពរ ឬជាប់បម្រុងដែលជ្រើសរើសប៉ុស្តិ៍បង្រៀនរួចហើយ  ហើយមានបំណងក្នុងការប្ដូរទៅកន្លែងមួយផ្សេងទៀត ត្រូវទៅពិភាក្សាគ្នា ឯកភាពគ្នា ផ្អែកទៅលើការងារស្ម័គ្រចិត្ត ហើយអាចផ្លាស់ប្ដូរ ក៏ប៉ុន្តែនៅក្នុងរយៈពេលត្រឹមខែវិច្ឆិកានេះទេ ចូលទៅខែធ្នូ គឺមិនអនុញ្ញាតនោះទេ។»។  

ការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រៀងការងារបានរៀបចំឡើងនៅថ្ងៃទី២៥ ខែតុលា និងបានធ្វើកំណែវិញ្ញាសារួចរាល់ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២៨ ខែតុលា និងដំណើរការចាប់ប៉ុស្តិ៍បំពេញការងាររបស់បេក្ខជនជាប់ជាស្ថាពរ បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា។ បន្ទាប់មកបេក្ខជនជាប់ជាស្ថាពរដែលបានចាប់ប៉ុស្តិ៍រួច បានទៅបង្ហាញខ្លួននៅគ្រឹះស្ថានបឋមសិក្សាសាធារណៈនៅថ្ងៃទី៣ ខែវិច្ឆិកា និងចាប់ផ្ដើមបង្រៀននៅថ្ងៃទី៧ ខែវិច្ឆិកា ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ក្រោយពីបើកបវេសនកាលថ្មី គណៈកម្មការបានកត់សម្គាល់ឃើញថា ចំនួនសិស្សានុសសិស្សដែលចុះឈ្មោះចូលរៀនថ្មី បានគឺមានចំនួនច្រើនលើសលប់ ដែលទាមទារឱ្យត្រូវបង្កើតថ្នាក់ថ្មី រើសគ្រូបង្រៀនបន្ថែម។

ឯកឧត្ដម ក៏បានឱ្យដឹងដែរថា គណៈកម្មការបានចាប់ផ្ដើមចាប់ប៉ុស្ដិ៍ឱ្យបេក្ខជនជាប់បម្រុង ពីការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបម្រើការនៅតាមប៉ុស្តិ៍ដែលមានតម្រូវការនៅចំនួន ១ ៩២៤នាក់ ក្នុងគោលដៅចំនួន៩៨៦  ដើម្បីបំពេញតម្រូវការគ្រូបង្រៀនបន្ថែម ឆ្លើយតបទៅនឹងចំនួនសិស្សជាក់ស្ដែងក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម