ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងកម្មវិធីប្រកាស លោក ប៉ឹក គីមសាន ឱ្យចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ ជំនួស លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ដែលបានចូលនិវត្តន៍។

មានប្រសាសន៍ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តការងារឱ្យបានល្អ ជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ត្រូវយកចិត្តទុកដាក់សហការ ចេះកៀរគរធនធាន ព្រមទាំងចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានមានស្រាប់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទប្រកបដោយសេចក្តីគោរព ក្រមសីលធម៌វិជ្ជាជីវៈ លើការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពប្រសើរឡើងស្របតាមគោលនយោបាយសុខាភិបាលជាតិស្ដីពីការប្រតិបត្តិគ្លីនិកពិធីសារ នៃការពិនិត្យព្យាបាល ស្តង់ដារគុណភាព ផែនការយុទ្ធសាស្ត្រសុខាភិបាល មគ្គុទ្ទេសក៍ក្នុងការបម្រើប្រជាពលរដ្ឋ និងបទដ្ឋានបច្ចេកទេសនានា ជាពិសេសស្របតាមគោលនយោបាយស្ដីពីការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លើកឡើងថា វិស័យសុខាភិបាលខេត្តទទួលបានការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់។ ក្នុងនោះ ត្រូវបានកែលម្អ ពង្រីក និងលើកកម្ពស់ជាប្រចាំក្នុងការផ្តល់សេវាសុខាភិបាលនៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក ដែលរួមមាន សេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក-កុមារ ក៏ដូចជាសេវាអន្តរាគមន៍សុខភាពសាធារណៈផ្សេងៗ ទៀត កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានជំរុញឱ្យកាន់តែខិតជិតដល់មូលដ្ឋាន ជាពិសេសគម្រោងមូលនិធិសមធម៌សុខាភិបាល និងគម្រោងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក៏ត្រូវបានអនុវត្តបាន ១០០% ដែលនេះធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលមានចំនួនកើនឡើង។

ជាមួយនេះ លោក ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំថ្មី បានប្ដេជ្ញាដោយលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ ក្នុងនាមមន្ទីរសុខាភិបាលខេត្តកំពង់ធំ នឹងស្មោះត្រង់ជានិច្ចចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត , បន្តយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមច្បាប់ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត , ខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីអនុវត្តការងារតាមតួនាទីភារកិច្ចប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដោយមិនរើសអើង , ខិតខំកែលម្អរាល់ចំណុចខ្វះខាត ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ផ្នែកសុខាភិបាលឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាក្តីរំពឹងរបស់ប្រជាពលរដ្ឋ , រក្សាឱ្យបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត និងបន្តរៀនសូត្រអនុវត្តតាមគំរូដឹកនាំល្អផងដែរ៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


