ព័ត៌មានជាតិ
ពលរដ្ឋជាង១៣០០គ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទទួលអំណោយពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា
នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកស្បៀង ស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន ប្រមាណជាង១៣០០គ្រួសារ ។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា ចំពោះបញ្ហាជំនន់ទឹកភ្លៀង នៅរដូវវស្សាឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់លើផ្ទៃដីបង្កបង្កើនផលស្រូវ ប៉ះពាល់លើភូមិដ្ឋានប្រជាពលរដ្ឋ និងខ្នងផ្ទះជាច្រើនខ្នង។ ជាការឆ្លើយតបបានទាន់ពេលវេលា និងជាយន្តការអន្តរាគមន៍ឆាប់រហ័ស ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះតាមដានលើករណីគ្រោះទឹកជំនន់ឆ្នាំ២០២៥នេះ បានរៀបចំក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយទឹកជំនន់ទឹកភ្លៀង បានទាន់ពេលវេលាក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំទាំងមូល។

លោក នួន ផារ័ត្ន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត។ ណែនាំដល់កូនចៅ និងយុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ សូមរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងារ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ត្រូវតែបរិភោគចំណីអាហារមានអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការដាំដុះ ចិញ្ចឹមសត្វ និង ប្រកបមុខរបរផ្សេងៗទៀត ទើបឱ្យជីវភាពគ្រួសារមានលក្ខណៈបានល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកសន្ទុកចំនួន ៤០៨ គ្រួសារ និងក្រុងស្ទឹងសែន ចំនួន ៩៧៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ១បាវ ទឹកសុទ្ធ ១កេស មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខ ១យួរ ផងដែរ៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


