ព័ត៌មានជាតិ
ស្ថានទូតឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ ចុះ MoU ជួយដល់យុវជនមានបញ្ហាផ្លូវចិត្ត
ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណង ពង្រឹងសិទ្ធិអំណាចដល់យុវជនដែលជួបបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការកសាងសមត្ថភាពអ្នកជំនាញ ដើម្បីផ្តល់សេវាសុខភាពផ្លូវចិត្តដែលមានគុណភាពខ្ពស់។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានចុះហត្ថលេខា ដោយលោកវេជ្ជបណ្ឌិត J. Bhoomikumar នាយក និងជាទីប្រឹក្សាគ្រូពេទ្យចិត្តសាស្រ្តកុមារ នៃ CCAMH និង លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ MoU នេះ ធ្វើឡើងតាមរយៈគម្រោងផ្តល់ផលរហ័ស (QIP) ដែលនឹងផ្តល់ផលប្រយោជន៍ដល់យុវជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពក្នុងការសិក្សា រួមទាំងអ្នកនៅតាមសាលារៀន និងពន្ធនាគារ ផងដែរ។
លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានលើកឡើងថា គម្រោងផ្តល់ផលរហ័ស (QIP) មានគោលបំណងពង្រឹងជំនាញរបស់អ្នកជំនាញសុខភាពផ្លូវចិត្ត នៅទូទាំងវិស័យ តាមរយៈការផ្តល់ការណែនាំអំពីវិធីសាស្រ្តសមស្របតាមវប្បធម៌ ដូចជា វិបស្សនាសមាធិ និងការកែលម្អភាពធន់នឹងសហគមន៍។ លោកបានបញ្ជាក់ថា គម្រោងនេះស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកសេវាសុខភាពផ្លូវចិត្ត ដែលមានលក្ខណៈរួមបញ្ចូល និងឆ្លើយតបចំពោះតម្រូវការរបស់យុវជនដែលងាយរងគ្រោះ។
លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកពីភាពជាដៃគូដ៏យូរអង្វែង រវាងប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ ដោយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ប្រទេសឥណ្ឌា បានគាំទ្រ CCAMH តាមរយៈការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងក្រុមគ្រូពេទ្យឥណ្ឌា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាពវិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា។ ព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការនេះ គឺការពង្រីកមជ្ឈមណ្ឌល ក្រោមមូលនិធិឥណ្ឌា-ប្រេស៊ីល-អាហ្វ្រិកខាងត្បូង (IBSA) ដែលបានពង្រឹង CCAMH ឱ្យក្លាយជាស្ថាប័នឈានមុខគេ ក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់ នៅកម្ពុជា។

ក្រោមគម្រោងផ្តល់ផលរហ័ស (QIP) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ–គង្គា ប្រទេសឥណ្ឌា បានអនុវត្តគម្រោងជោគជ័យចំនួនពីរ ជាមួយ CCAMH រួចមកហើយ។ ឥណ្ឌា នៅតែប្តេជ្ញាចិត្តគាំទ្រអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាឱ្យកាន់តែទូលំទូលាយ ក្នុងវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាព។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានមួយទៀត ក្នុងការពង្រឹងភាពជាដៃគូដ៏រឹងមាំ និងរីកចម្រើន រវាងឥណ្ឌា និងកម្ពុជា និងជាជំហានដ៏សំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់សេវាសុខភាពផ្លូវចិត្ត ដែលមានគុណភាពខ្ពស់ និងអាចចូលដំណើរការបាន សម្រាប់យុវជនកម្ពុជា៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


