Connect with us

ព័ត៌មានជាតិ

UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ

បានផុស

នៅ

មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានឱ្យដឹងថា អង្គការនេះ បាននិងកំពុងត្រៀមខ្លួនជាមួយលក្ខណៈបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួនដែលរងការខូចខាតធ្ងន់ធ្ងរដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមប្រព័ន្ធវីដេអូពីប្រទេសបារាំង មកកាន់កិច្ចប្រជុំពេញអង្គលើកទី៣២ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) នៅព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៥​​ លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប។ លោកថា អង្គការយូណេស្កូ ពិតជាកំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជំនួយបច្ចេកទេស និងវិធានការនានា ដើម្បីការពារដល់សម្បត្តិបេតិកភណ្ឌទាំងឡាយរបស់កម្ពុជា ទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ។

ការថែ្លងរបស់នាយកមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោករូបនេះ ធ្វើឡើងបន្ទាប់ពីកងទាហានថៃ បានប្រើអាវុធធុនធ្ងន់បាញ់បំផ្លាញប្រាសាទបុរាណខ្មែរមួយចំនួន មានដូចជា ប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម អំឡុងពេលមានជម្លោះព្រំដែនថ្មីៗនេះ។

តួយ៉ាង កាលពីថ្ងៃទី១០ ខែធ្នូ អង្គការយូណេស្កូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនៃជម្លោះព្រំដែនជាថ្មី រវាងកម្ពុជា និងថៃ រួមទាំងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកផងដែរ។

ជាមួយគ្នានេះ អង្គការយូណេស្កូក៏អំពាវនាវឱ្យភាគីទាំងអស់ មានការការពារបេតិកភណ្ឌវប្បធម៌របស់តំបន់ជាបន្ទាន់ នូវគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺកាតព្វកិច្ចគោរពច្បាប់អន្តរជាតិ អនុសញ្ញាទីក្រុងឡាអេ​ ឆ្នាំ១៩៥៤ ស្តីពី “កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ” និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម