ព័ត៌មានជាតិ
ក្រៅពីខេត្តពោធិ៍សាត់ និងកំពង់ធំ អាជ្ញាធរខេត្តកំពង់ចាមកំពុងដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិគ្រោងឲ្យរួចរាល់នៅឆ្នាំ ២០២៦
អាជ្ញាធរខេត្តកំពង់ចាម បានកំពុងអនុវត្តការងារដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ ៦ និងលេខ ៧ ហើយដែលតាមផែនការនឹងជំរុញឲ្យរួចរាល់នៅឆ្នាំ ២០២៦។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅព្រឹកនេះថា ការងារបានចាប់ផ្ដើមអនុវត្តបណ្តើរៗចាប់ពីស្រុកបាធាយព្រំប្រទល់ខេត្តកណ្ដាលដល់រង្វង់មូលស្គន់តាមផ្លូវជាតិលេខ ៦ និងចាប់ពីរង្វង់មូលស្គន់ដល់ស្រុកតាំងគោកព្រំប្រទល់ខេត្តកំពង់ធំ។


«តាមផែនការរបស់ថ្នាក់ដឹកនាំខេត្តនឹងជំរុញឲ្យចប់រួចរាល់ក្នុងឆ្នាំ ២០២៦»។ នេះបើតាមលោក ស្រី សុភ័ក្រ្ត។
ពាក់ព័ន្ធប្រភពថវិកាសម្រាប់ការអនុវត្តការងារនេះ លោក ស្រី សុភ័ក្រ្ត បានបញ្ជាក់ថា មួយផ្នែកគឺបានមកពីកញ្ចប់ថវិការដ្ឋ និងក៏មានការចូលរួមចំណែកពីសប្បុរសជនមួយចំនួនផងដែរ។
ក្រៅពីរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម អាជ្ញាធរខេត្តក៏គ្រោងរៀបចំនៅតាមផ្លូវជាតិលេខ ៧ ដែលកំពុងស្ថាបនាពង្រីកពីរង្វង់មូលស្គន់ដល់ក្រុងកំពង់ចាម ខណៈកំណាត់ផ្លូវជាតិមួយខ្សែនេះកំពុងចាក់ក្រាលកៅស៊ូនឹងរួចរាល់នៅមុនពិធីចូលឆ្នាំខ្មែរ។
សរុបមកគម្រោងនេះត្រូវបានធ្វើឡើងជាជំហានៗទៅតាមកញ្ចប់ថវិកាដែលមាន ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរក្នុងខេត្តកំពង់ចាម។ លោក ស្រី សុភ័ក្រ្ត បន្ថែម។
តាមបណ្តាខេត្តមួយចំនួន អាជ្ញាធរបានកំពុងបើកយុទ្ធនាការរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់មុខមាត់ខេត្ត។
នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ អាជ្ញាធរខេត្តបានកំពុងអនុវត្តការតម្លើងបង្គោលភ្លើងបំភ្លឺនៅលើកំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជាង ៩០ គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបង ហើយដែលគ្រោងឱ្យរួចរាល់ទាំងស្រុងមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ នេះបើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសចុះត្រួតពិនិត្យកន្លែងក្រុមការងារធ្វើការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនៅបរិវេណសាលាខេត្ត។
លោក ខូយ រីដា បានបញ្ជាក់ថា ដំណាក់កាលទី១ ចាប់ពីចំណុចនិមិត្តសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះខាងកើតផ្តិលតាមផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរបានបញ្ចប់រួចរាល់ ខណៈដំណាក់កាលទី២ ពីក្រុងពោធិ៍សាត់ឆ្ពោះទៅកាន់ទីរួមស្រុកបាកាន និងដំណាក់កាលទី៣ ពីទីរួមស្រុកក្រគរទៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង បានកំពុងដំណើរការបន្តទៅតាមផែនការ។
លោកអភិបាលខេត្តបានចាត់ទុកការអនុវត្តកិច្ចការនេះ មានសារៈសំខាន់ណាស់សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។


ដោយឡែកខេត្តកំពង់ធំ អាជ្ញាធរខេត្តបានបង្ហាញពីវឌ្ឍនភាពនៃការរៀបចំបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ ៦ ដែលមកដល់ពេលនេះសម្រេចបានប្រមាណ ៨០ ទៅ ៩០%។
ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មី លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំបានគូសបញ្ជាក់ថា ការងារនេះនៅបន្តិចបន្តួចទៀតដូចជានៅស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក។
បើតាមលោក អ៊ុន បុត្ត គោលដៅរបស់អាជ្ញាធរខេត្តមិនត្រឹមតែអនុវត្តតាមបណ្ដោយផ្លូវជាតិប៉ុណ្ណោះទេ តែថែមទាំងគ្រោងរៀបចំនៅតាមទាំងទីប្រជុំជន តាមដងផ្លូវបេតុង និងនៅតាមបណ្តាសង្កាត់នានានៅក្នុងក្រុងស្ទឹងសែនទៀតផង៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


