Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរី ជំរុញស្រ្តីទៅសម្រាលកូននៅមណ្ឌលសុខភាព ចៀសវាងសម្រាលនៅផ្ទះ

បានផុស

នៅ

ទោះបីជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងវិស័យសុខាភិបាលនៅពេលបច្ចុប្បន្នក៏ដោយ ក៏នៅតែមានស្រ្តីជនជាតិដើមភាគតិចមួយចំនួនតូច រក្សាទម្លាប់សម្រាលកូននៅផ្ទះ និងប្រើវិធីបុរាណ។ ដោយបារម្ភអំពីសុវត្ថិភាពរបស់ម្តាយ និងទារក អាជ្ញាធរខេត្តរតនគិរី ដែលមានប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅច្រើន បានជំរុញ និងលើកទឹកចិត្តឱ្យស្រ្តីមានផ្ទៃពោះទាំងអស់ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឯកជនដែលនៅជិតគេហដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់អាជ្ញាធរ បន្ទាប់ពីអ្នកស្រី ថងលៀន ខៃ ជាជនជាតិដើមភាគតិចគ្រឹង នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បន្តសម្រាលកូននៅផ្ទះតាមបែបបុរាណ។ អ្នកស្រីប្រាប់កម្ពុជាថ្មីឱ្យដឹងថា គាត់បានសម្រាលកូននៅផ្ទះចំនួនពីរដងហើយ ដោយសារទៅមន្ទីរពេទ្យពុំទាន់ពេលវេលា។ អ្នកស្រីអះអាងថា៖«ខ្ញុំធ្លាប់សម្រាលកូននៅផ្ទះច្រើនដងហើយមិនបញ្ហាអ្វីដល់សុខភាពឡើយ ហើយចាស់ទុំក្នុងភូមិ(ឆ្មប) ជួយកាត់ទងសុកកូន»។

​ទោះបីជាស្រ្តីខាងលើអះអាងថា ពុំទាន់មានបញ្ហាដល់សុខភាព ប៉ុន្តែលោក ខាំ កាប៊ីន មេឃុំកាចូន នៅតែលើកទឹកចិត្តដល់ស្រី្តមានផ្ទៃពោះទៅសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ លើសពីនេះ លោកជំរុញឱ្យក្រុមទ្រទ្រង់សុខភាពភូមិ យកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះឱ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញឱ្យពួកគាត់ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់នៅមុនពេលសម្រាលកូន ។ លោកបន្តថា ៖«ក្រុមទ្រទ្រង់សុខភាពនេះហើយ ដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងករណីស្ត្រីមានផ្ទៃពោះមិនមានលទ្ធភាពទៅសម្រាលកូននៅមណ្ឌលសុខភាព ក្រុមទ្រទ្រង់ មេភូមិ និងអនុភូមិ ត្រូវព្យាយាមដឹកគាត់តាមម៉ូតូទៅមណ្ឌលសុខភាពសម្រាលឱ្យបានត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ»។

លោក ហ្វឿយ បុប្ផា ប្រធានស្តីទីមណ្ឌលសុខភាពកាចូន បានថ្លែងប្រាប់ថា ជារឿយៗតាមរយៈក្រុមទ្រទ្រង់សុខភាពភូមិ បានអប់រំ និងណែនាំដល់ស្រ្តីមានផ្ទៃពោះឱ្យទៅពិនិត្យ និងសម្រាលកូននៅតាមមណ្ឌលសុខភាព។ លើសពីនេះ ក៏បានជម្រាបទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះដែលមានបណ្ណសមធម៌ នឹងទទួលបានការឧបត្ថម្ភប្រាក់អំឡុងពេលពពោះ និងសម្រាលកូនរួច។

សូមជម្រាបថា គ្រួសារជនជាតិដើមភាគតិចមួយចំនួនតូច នៅបន្តអនុវត្តទំនៀមទម្លាប់ចាស់ៗពីមុនដោយប្រើឆ្មបនៅតាមភូមិជួយសម្រាលកូននៅតាមផ្ទះ និងករណីខ្លះទៀតមិនព្រមយកកូនទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺផ្សេងនោះទេ។ ទោះជាយ៉ាងណា ក្រុមទ្រទ្រង់សុខភាពភូមិនៅតែបន្តបញ្ជ្រាបសារអប់រំពាក់ព័ន្ធការសម្រាលកូនទៅតាមខ្នងផ្ទះប្រជាជន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម