Connect with us

ព័ត៌មានជាតិ

«ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

បានផុស

នៅ

គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយសម្ដេច ហ៊ុន សែន រហូតដល់សម្ដេច ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហា​ដោយ​សន្តិវិធី​ តាមរយៈការចរចាតាមផ្លូវការទូត និងផ្លូវច្បាប់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ពិសេស គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ​

​ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារ​អធិបតេយ្យ​ភាពជាតិ និងបូរណ ភាពទឹកដីរបស់ខ្លួន។ ​​ការផ្ទុះសង្គ្រាមទាំងពីរលើកមិនមែនជាជម្រើសរបស់កម្ពុជាទេ ប៉ុន្តែ កម្ពុជាក្នុងនាមជាអ្នករងគ្រោះ បានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាន។

នៅទីបំផុត បទឈប់បាញ់ក៏កើតមានជាថ្មី និងក៏បានធ្វើឱ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរ ដូចមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី២និងទី៣នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ រស់ឡើងវិញ។

​អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ បទឈប់បាញ់នេះមិនត្រឹមតែមិនប៉ះពាល់​ដល់ដំណើរ​នៃការ​វាស់​វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យក្រុមការងារ JBC ត្រូវដំណើរការវាស់​វែងខ្សែ​ព្រំដែន​ជាបន្ទាន់ទៀតផង។ ​ក្រៅពីនេះ ក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង ១៨​នាក់ ​ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៧២ ម៉ោងផងដែរ។ ​

តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ យើងអាចយល់បានថា គោលជំហររបស់​រដ្ឋាភិបាល​កម្ពុជានៅតែរក្សាបានយ៉ាងល្អ​ ពោលគឺដំណោះស្រាយបញ្ហាព្រំដែន​ត្រូវតែផ្អែក​លើ​ការចរចាដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។

​កម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ ហើយការឈរជើងរបស់កងទ័ព តាមរយៈ​ការ​ប្រយុទ្ធគ្នា​ក៏មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែននោះដែរ។ ដូច្នេះ សង្គ្រាមទាំងពីរលើក​ដែល​សរុបមានរយៈពេល ២៦ថ្ងៃ ហើយដែលកម្ពុជាមិនចង់ឃើញទាល់តែសោះនោះ គ្មានបានផលអ្វីក្រៅពីការខូចខាតឡើយ ពោលគឺជម្រើសសង្គ្រាមដែលថៃចង់បានគឺជាជម្រើស «ចាញ់ ចាញ់» ផ្ទុយស្រឡះពីជម្រើស «ឈ្នះ ឈ្នះ» របស់កម្ពុជា។

​ទីបំផុត ដំណោះស្រាយបានវិលទៅរកជម្រើស «ឈ្នះ ឈ្នះ» ដដែល ប៉ុន្តែ គួរឱ្យសោក​ស្តាយដែល​ភាគីថៃបានជ្រើស​រើសផ្លូវសង្គ្រាម។ យ៉ាងណា ជំហរសន្តិភាពនិយមរបស់ថ្នាក់ដឹកនាំ​កម្ពុជាបានវិលវិញហើយ។ ឈប់បាញ់ ឈប់បង្ហូរ​ឈាម និងឈប់បង្កការភ័យខ្លាច​និយាយជារួមគឺបញ្ឈប់ការខាតបង់ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ នេះជាតម្លៃនៃបទឈប់បាញ់។

តើមានប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលចង់បានការបាញ់គ្នាបន្ត? គឺប្រាដកជាគ្មានឡើយ ជាពិសេសសម្រាប់កងទ័ពជួរមុខរឹតតែមិនចង់ឃើញសង្គ្រាមទេ ថ្វីត្បិតតែពួកគេមានឯកសណ្ឋានជាអ្នកប្រយុទ្ធក៏ដោយ។ ហេតុដូច្នេះហើយបានជាមេដឹក​នាំកម្ពុជា​ទាំងសម្ដេច ហ៊ុន សែន និងសម្ដេច ហ៊ុន ម៉ាណែត ពុះពារគ្រប់យ៉ាងដើម្បីនាំសន្តិភាពមកវិញ។ នយោបាយបែបនេះពិតជាទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។

​អ្នកសន្តិភាពនិយមតែងនិយាយថា ពេលមានសង្គ្រាមទើបគេយល់ពីតម្លៃសន្តិភាព។ នេះជាការពិតមិនអាចប្រកែកបាន ពីព្រោះ ឮក្នុងអំឡុងពេលការប្រយុទ្ធគ្នាពេញបន្ទុកបានកើតឡើង ពលរដ្ឋខ្មែរគ្រប់ទិសទីបាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារសន្តិភាព​និងប្រឆាំងការរំលោភ​បំពានពី​សំណាក់​កងទ័ពថៃ។

ព្រឹត្តិការណ៍នេះបង្ហាញច្បាស់ថា ពលរដ្ឋខ្មែរក៏ដូចជាមនុស្សជាតិ​នៅលើភព​ផែនដី​ទាំងមូលពិតជាស្អប់ខ្ពើមភ្លើងសង្គ្រាមណាស់។ ដូច្នេះ បើមានសន្តិភាពក្នុងដៃហើយ​ត្រូវតែ​រក្សា ជាពិសេសប្រទេសមួយអាចចាត់ទុកថាមានសំណាងបើសិនជាមានមេដឹកនាំ​ដែល​មាន​បេះ​ដូងសន្តិភាព និងធ្វើអ្វីៗដើម្បីសន្តិភាព។

សរុបមកវិញ កម្ពុជាបានស្គាល់សន្តិភាពពេញលេញរយៈពេលជិត ៣០ ឆ្នាំចុងក្រោយគឺដោយសារតែមានមេដឹកនាំដែលស្រឡាញ់សន្តិភាព និងការពារសន្តិភាព។ ពេលមានសន្តិភាព ការអភិវឌ្ឍប្រទេសពិតជាមានល្បឿនលឿនយ៉ាងខ្លាំង។ ប៉ុន្តែ ក្នុងសង្គ្រាម ២៦ថ្ងៃចុងក្រោយនេះ ការបំផ្លិចបំផ្លាញមានសភាពធ្ងន់ធ្ងរណាស់។

នេះគឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ថា ទោះដោយតម្លៃណាក៏ដោយ យើងត្រូវចាប់យកសន្តិភាពមុនគេ។ បន្ទាប់មក រឿងអ្វីផ្សេងអាចដោះស្រាយបានតាមក្រោយ។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាពហើយ រឿងអ្វីក៏មិនអាចដោះស្រាយបានដែរពោលគឺមានតែក្តីវិនាសអន្តរាយតែមួយមុខគត់។

​តើមានអ្វីថ្លៃថ្លាជាងសន្តិភាពទៀត? ជាពិសេសសន្តិភាពដែលបើកផ្លូវទៅរកការជជែកគ្នាដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះ ដូចបទឈប់បាញ់ដែលយើងកំពុងមានក្នុងដៃពេលនេះ។ មានតែមនុស្សប្រទូសរាស្តនឹងសន្តិភាពទេ ទើបទោម​ន​ស្សជាមួយបទឈប់បាញ់ដែលរកបានដោយលំបាកបែបនេះ។ ប្រជាពលរដ្ឋខ្មែរពិតជាយល់ច្បាស់ពីបញ្ហានេះ និងយល់កាន់តែច្បាស់អំពីតម្លៃដ៏បរិសុទ្ធ និងអត្ថន័យដ៏ ជ្រាលជ្រៅនៃពាក្យ «អរគុណសន្តិភាព»៕

​ដោយ វង្ស មករា ​សាស្ត្រាចារ្យ ​និងជាអ្នកវិភាគ​សង្គមនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម