Connect with us

ព័ត៌មានជាតិ

យប់ឆ្លងឆ្នាំនេះទៅ សេវាទូរសព្ទជំនាន់ទី ៥ (5G) នឹងផ្តើម​ដាក់​ឲ្យប្រើប្រាស់​​ជា​ផ្លូវការ​នៅ​កម្ពុជា​

បានផុស

នៅ

ចាប់ពីវេលា​ម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែល​ជា​យប់ឆ្លងឆ្នាំសកល​ កម្ពុជានឹងដាក់​ឲ្យដំណើរការ​ជា​ផ្លូវការ​ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅរាជធានី​ភ្នំពេញ និង​តាម​គោលដៅ​ខេត្តក្រុង​មួយ​ចំនួន។

បើយោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍​នៅរសៀលថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ស្របពេលនឹងការអបអរសាទរការឆ្លងឆ្នាំចាស់​ឈានចូលឆ្នាំថ្មីឆ្នាំសកល​ អ្នកប្រើប្រាស់សេវារបស់ប្រតិបត្តិករទូរសព្ទចល័ត​របស់​​ក្រុមហ៊ុន​ទូរសព្ទ​ចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ​នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បានចាប់ពីម៉ោង ០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែល​នៅដំណាក់កាលដំបូងគឺនៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។ ខណៈ​ជំហានៗបន្តទៀត វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងពង្រីកឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងទៅកាន់គ្រប់បណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេស។

កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី ៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍​ បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍និងបំពាក់ឧបករណ៍ផ្តល់សេវា 5G។

សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង​គោល​នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយ​តប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថលជាដើម។ សេវា 5G មិនមែនត្រឹមតែមាន “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែសេវានេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម