ព័ត៌មានជាតិ
អន្តរសាសនានៅកម្ពុជា ចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដោយនិយាយថា ‘ទេ’ ចំពោះផ្លាស្ទិក”
ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាជជែកពិភាក្សាស្តីពី«សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា ‘ទេ’ ចំពោះផ្លាស្ទិក”» នៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាជជែកពិភាក្សាពិសេសនេះ ត្រូវបានរៀបចំឡើងដោយមានតំណាងសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជាចូលរួមជជែកពិភាក្សា ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារបរិស្ថាន។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាពិសេស បញ្ហាកាកសំណល់ផ្លាស្ទិក ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ សុខភាពមនុស្ស និងជីវិតសត្វទាំងឡាយ។ អ្នកសម្របសម្រួលកម្មវិធីជជែកពិសេសនេះ គឺលោក កែវ ពិសិដ្ឋ បានអះអាងឱ្យដឹងថា ការជ្រើសរើសប្រធានបទ “អន្តរសាសនា”នេះ គឺបង្ហាញឲ្យឃើញថា សាសនាទាំងឡាយមានសំឡេងរួមគ្នា និងទំនួលខុសត្រូវរួម ក្នុងការថែរក្សាបរិស្ថាន ដែលជាមរតករួមរបស់មនុស្សជាតិ។

ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ថ្ងៃនេះ គឺជាឱកាសដ៏មានអត្ថន័យ និងមានតម្លៃយ៉ាងខ្លាំង សម្រាប់ព្រះសង្ឃ និងសាធារណជនទាំងអស់ ដែលបានជួបជុំគ្នានៅក្នុងវេទិកាពិភាក្សា «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក» ដែលរៀបចំឡើងដោយ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់តាមបណ្តាញសង្គម។

ព្រះអង្គបានបន្ថែមថា បញ្ហាកាកសំណល់ផ្លាស្ទិក កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុតមួយនៅលើពិភពលោកសព្វថ្ងៃនេះ។ ផ្លាស្ទិកមិនត្រឹមតែបំពុលដី ទឹក និងខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រ សត្វទឹក និងចុងក្រោយបំផុត វាក៏ត្រឡប់មកប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។ តាមរបាយការណ៍អន្តរជាតិ មានប្រទេសចំនួន ១០ ដែលត្រូវបានគេរាយការណ៍ថា បញ្ចេញកាកសំណល់ផ្លាស្ទិកចូលទៅក្នុងសមុទ្រខ្លាំងបំផុត រួមមាន៖ ហ្វីលីពីន, ឥណ្ឌា, ម៉ាឡេស៊ី, ចិន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប្រេស៊ីល, វៀតណាម, បង់ក្លាដែស និងថៃ។ ប្រទេសទាំងនេះ មានការបញ្ចេញកាកសំណល់ផ្លាស្ទិករាប់ម៉ឺនទៅរាប់សែនមេទ្រីចតោនក្នុងមួយឆ្នាំ ដែលជាសញ្ញាព្រមានយ៉ាងច្បាស់ថា បញ្ហានេះមិនមែនជាបញ្ហារបស់ប្រទេសណាមួយទេ ប៉ុន្តែជាបញ្ហារួមរបស់ពិភពលោកទាំងមូល។
បើតាមព្រះសិរីកោសល សុំ សុខា ការព្យាករណ៍ក៏បានបង្ហាញថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នោះបរិមាណកាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រ អាចនឹងកើនឡើងលើសពីបច្ចុប្បន្នដល់៣ដង នៅក្នុងឆ្នាំខាងមុខៗ។ នេះ គឺជាការព្រមានដ៏គួរឱ្យបារម្ភសម្រាប់អនាគតមនុស្សជាតិ និងជីវិតសត្វទាំងឡាយ។ សម្រាប់កម្ពុជា បញ្ហានេះក៏កំពុងកើតមានយ៉ាងច្បាស់។ តាមការលើកឡើងរបស់ក្រសួងបរិស្ថាន នៅក្រុងភ្នំពេញតែមួយ បានប្រើប្រាស់ថង់ផ្លាស្ទិកជាង ១០ លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង។

ព្រះសិរីកោសល សុំ សុខា បញ្ជាក់ថា៖ «ក្នុងទស្សនៈព្រះពុទ្ធសាសនា ការថែរក្សាបរិស្ថាន គឺជាការអនុវត្តធម៌ដ៏សំខាន់។ ការមិនបំពុលធម្មជាតិ គឺជាការមិនបង្កទុក្ខដល់សត្វទាំងឡាយ និងមនុស្សជាតិ។ សាសនាទាំងអស់ មិនថាព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឬអ៉ីស្លាមសាសនា សុទ្ធតែមានគោលការណ៍រួមគ្នា គឺការលើកកម្ពស់សីលធម៌ ទំនួលខុសត្រូវ និងការរស់នៅដោយចីរភាព»។
ចំណែក លោក អ៉ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធាន និងជាអគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ បានអះអាងថា បញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក មិនមែនជាបញ្ហាបច្ចេកទេសតែប៉ុណ្ណោះទេ ប៉ុន្តែ ជាបញ្ហាសីលធម៌ បញ្ហាវប្បធម៌ និងបញ្ហាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល។ សាសនាទាំងឡាយ បានបង្រៀនឲ្យមនុស្សមានការយកចិត្តទុកដាក់ចំពោះធម្មជាតិ មានការប្រើប្រាស់ធនធានដោយមធ្យមភាព និងមានការគិតគូរអំពីផលវិបាកចំពោះអ្នកដទៃ និងជំនាន់ក្រោយ។

សម្រាប់កម្ពុជា លោកសង្ឃឹមថា សារដែលបានលើកឡើងនៅក្នុងវេទិកានៅថ្ងៃនេះ នឹងមិនត្រឹមតែបញ្ចប់នៅក្នុងសាលប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែ អាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់វត្តអារាម សហគមន៍ សាលារៀន ស្ថាប័នសាសនា និងយុវជនទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ ការរើសយកជម្រើសដែលមិនបំផ្លាញបរិស្ថាន និងការចូលរួមថែរក្សាធម្មជាតិជាទៀងទាត់។
គួរបញ្ជាក់ថា រាល់ថ្ងៃនេះ ប្រជាជននៅទូទាំងពិភពលោកផលិតផ្លាស្ទិកច្រើនណាស់។ អង្គការសហប្រជាជាតិ បានព្រមានថា បញ្ហាកាកសំណល់ប្លាស្ទិកនេះ កំពុងក្លាយជាក្តីកង្វល់យ៉ាងខ្លាំង។ ក្នុង១ឆ្នាំៗ ពិភពលោកផលិតវាប្រមាណ៤៣០លានតោនឯណោះ។ ចំពោះនៅប្រទេសកម្ពុជាវិញ បើតាមក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញតែមួយ គឺបានប្រើប្រាស់ថង់ផ្លាស្ទិកប្រមាណ១០លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើពលរដ្ឋម្នាក់ៗមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើងៗជាមិនខានឡើយ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


