ព័ត៌មានជាតិ
កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ា ចំពោះសកម្មភាពយោធាថៃ ប៉ះពាល់ដល់ការកាត់បន្ថយភាពតានតឹងតាមព្រំដែន
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ប្រទេសថៃ ចំពោះសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយភាពតានតឹង និងសន្តិសុខរបស់ពលរដ្ឋតាមព្រំដែន នេះបើយោងតាមមន្ត្រីក្រសួងបញ្ជាក់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។

កំណត់ទូតតវ៉ាជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយព័ទ្ធយកផ្ទះ និងហាងទំនិញរបស់ជនជាតិចិន នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលជាតំបន់ត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់។ កាលពីពេលថ្មីៗនេះមានជនជាតិចិន ដែលធ្លាប់ប្រកបអាជីវកម្មនៅក្នុងតំបន់នេះ បានដករបងលួសបន្លាចេញពីមុខហាងរបស់ពួកគេ។

សកម្មភាពបំពានរបស់កងកម្លាំងយោធាថៃនេះ គឺផ្ទុយនឹងចំណុច I-4 នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា «ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់របស់ខ្លួន»។
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងបរិបទនៃសកម្មភាពបន្តបំពានរបស់កងកម្លាំងយោធាថៃ ដែលអាចផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល បង្កើនការគ្រប់គ្រងយោធាលើតំបន់ដែលត្រូវបានកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង។

មន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានការណ៍នេះ អាចប៉ះពាល់មិនត្រឹមតែដល់ការវិលត្រឡប់ទៅលំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់ដំណើរការកំណត់ខណ្ឌសីមាព្រំដែនផងដែរ។
គួររំលឹកថា សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាក្របខ័ណ្ឌទូទៅ សម្រាប់កាត់បន្ថយភាពតានតឹង ការការពារពលរដ្ឋ និងការស្តារជីវភាពរស់នៅរបស់ជនស៊ីវិល នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ឲ្យវិលត្រឡប់ទៅសភាពធម្មតាឡើងវិញដោយបន្តិចម្តងៗ។
ដូច្នេះ បទបញ្ញត្តិទាំងអស់ នៃសេចក្តីថ្លែងការណ៍នេះ ត្រូវតែអនុវត្តក្នុងលក្ខណៈគាំទ្រគ្នាទៅវិញទៅមក។ ជាក់ស្តែង សេចក្តីថ្លែងការណ៍នេះ មិនមានបំណងប្រើប្រាស់ ដើម្បីបង្ហាញភាពត្រឹមត្រូវ ឬរក្សាវត្តមានយោធា នៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅនោះទេ ហើយក៏មិនមានបំណងធ្វើឲ្យស្ថានភាព ដែលកើតចេញពីការគំរាមកំហែង ឬការប្រើកម្លាំង ក្លាយជារឹងមាំជាប់លាប់ផងដែរ។
កម្ពុជា បានអំពាវនាវឲ្យថៃ អនុវត្តឲ្យបានពេញលេញ និងដោយសុចរិត នូវបទបញ្ញត្តិទាំងអស់ នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស GBC លើកទី៣ ព្រមទាំងកិច្ចព្រមព្រៀង និងស្មារតីនៃកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតដែលមានគោលបំណងកាត់បន្ថយភាពតានតឹង ស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។
កម្ពុជាបានបន្តបញ្ជាក់ឡើងវិញ ជាញឹកញាប់ អំពីការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែន និងខណ្ឌសីមាព្រំដែនជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


