Connect with us

ព័ត៌មានជាតិ

ជួបសម្ដេចធិបតី, ឯកអគ្គរដ្ឋទូត គីម ឆាងយ៉ុង សន្យានឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងកាន់តែខ្លាំងក្លា

បានផុស

នៅ

ក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បួង បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសទៅលើទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការពារជាតិ និងសន្តិសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ឆាងយ៉ុង (KIM Chang Yong) បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ លោក ថា បច្ចុប្បន្ន ទំនាក់ទំនង​ប្រទេសទាំងពីរ​បាននិងកំពុងត្រូវបានបន្តពង្រឹងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។

ដោយនៅឆ្នាំ២០២៧ខាងមុខ ជាខួប៣០ឆ្នាំនៃការភ្ជាប់ចំណងការទូតឡើងវិញរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ស្ថានទូតកូរ៉េប្រចាំកម្ពុជាគ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។លោក គីម ឆាងយ៉ុង បានប្ដេជ្ញាចិត្តថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ លោកនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលោក គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាពេលនេះ ហើយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាងប្រទេស​ទាំងពីរ។

សម្តេចធិបតី បានរំលឹកពីការដំឡើងកម្រិតទំនាក់ទំនងរបស់ប្រទេសទាំងពីរ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលាយថែមទៀត។

សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការពារជាតិ និងសន្តិសុខ គឺជាវិស័យដ៏មានសារៈសំខាន់ ដែលសម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត បានលើកមកពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម