Connect with us

ព័ត៌មានជាតិ

ក្រសួងដែនដី ឲ្យពលរដ្ឋដែលកំពុងរស់នៅក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ រកទីកន្លែងស្នាក់នៅថ្មី

បានផុស

នៅ

នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការចាត់វិធានការ បញ្ចៀសគ្រោះថ្នាក់ចំពោះសំណង់អគារ អតីតសាលាបឋមសិក្សាបដិវត្តន៍ បើយោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និង មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួង  បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់ បេតុងនិងសរសៃដែក ភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិង លទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើត មានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុង អគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដឺកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែង ស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្កើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” នៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដួនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការ៖ មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ , ធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារខាងលើ និងសាធារណជនមេត្តាជ្រាបនិងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីប្រុង ប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម