ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ណែនាំអាជ្ញាធរពង្រឹងសណ្ដាប់ធ្នាប់ និងបិទផ្សាយ តម្លៃសេវាចំណតយានយន្តឲ្យច្បាស់លាស់នៅច្រកចូលក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯក
អភិបាលរងខេត្តសៀមរាប ណែនាំអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងដាក់ស្លាកសញ្ញាបិទផ្សាយតម្លៃសេវាចំណតយានយន្តឲ្យបានច្បាស់លាស់នៅគ្រប់ច្រកចូល ចៀសវាងការឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុ ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី ២ នៅខេត្តសៀមរាប ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ។


ការណែនាំនេះ ក្នុងឱកាស លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំព្រឹត្តិការណ៍ខាងលើនេះ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក លី សារី លើកឡើងថា ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតីយុវជនឲ្យឈ្វេងយល់ពីមរតកដូនតា ដោយជំរុញសិស្សានុសិស្ស និងយុវជន មកទស្សនា ឲ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាសិល្បៈ នៃការធ្វើខ្លែងខ្មែរ កុំបាត់បង់។

លោក លី សារី បានបន្តថា ក្រៅពីការបង្ហោះខ្លែង ក៏មានការចូលរួមពីចលនា”ភូមិ ១ ផលិតផល ១” និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់។ បុណ្យខ្លែងឯក ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ ទន្ទឹមនេះ លោក ក៏បានជំរុញឲ្យមានការត្រួតពិនិត្យ និងបង្ការការលួចលាក់ផ្ទុកអាវុធជាតិផ្ទុះគ្រប់ប្រភេទ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុ។ ជាពិសេសត្រូវមានការបិទផ្សាយតម្លៃចំណតយានយន្តឲ្យបានច្បាស់លាស់នៅច្រកចូល ដើម្បីការពារការយកតម្លៃលើសកំណត់ ដែលអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ និងរៀបចំឲ្យមានសោភ័ណភាពស្អាតជានិច្ច ទាំងក្នុង និងជុំវិញតំបន់ប្រារព្ធពិធី។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឲ្យដឹងថា មកទល់ពេលនេះ ខ្លែងដែលចុះឈ្មោះមានចំនួន ៨៥ ខ្លែង ក្នុងនោះ ខ្លែងឯក ៥៦ ខ្លែង ខ្លែងសេរី ២៩ ខ្លែង។ ជាមួយនេះ ចំពោះអ្នកដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី ចូលរួមប្រកួតបង្ហើរ សូមមេត្តាអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេស នៃការបង្ហើរខ្លែងឯកខ្មែរ មានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។

ពិធី“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី ២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ២០ ដល់ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយក្រៅពីកម្មវិធីបង្ហើរខ្លែង ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគំតន្ត្រីបុរាណ និងសម័យ នាពេលរាត្រីជាដើម។

ពិធីនេះ ត្រូវបានរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិតផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


