Connect with us

ព័ត៌មានជាតិ

ប្រតិកម្មតបទៅថៃ ក្រសួងការបរទេសកម្ពុជា ថា ប្រាសាទព្រះវិហារ មិនមែនជាមូលដ្ឋានយោធានោះទេ

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា បានចេញមកបដិសេធចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ថៃ ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ក្នុងការចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារ ជាទីតាំងយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យជាតិ និងទឹកដីរបស់កម្ពុជា នាពេលថ្មីៗមកនេះ ថៃបានប្រើអាវុធធន់ធ្ងន់ ជាមួយនឹងការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់មកលើប្រាសាទព្រះហារ និងនៅតំបន់ជុំវិញនោះ ដែលបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ ក៏ប៉ុន្តែ ថៃបែរជាចោទប្រកាន់មកលើកម្ពុជា ថា បានយកប្រាសាទព្រះវិហារនេះ ធ្វើជាទីតាំងយោធាទៅវិញ។

ការចោទប្រកាន់បែបនេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ នៅថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៦ អះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ កម្ពុជា សង្កត់ធ្ងន់ថា «ទីតាំងនេះពុំដែលត្រូវបានរៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ»

តាមសេចក្ដីថ្លែងការណ៍ដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

ចំពោះវត្តមានរបស់ឆ្មាំសន្តិសុខកម្ពុជា ដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ ត្រូវបានក្រសួងការបរទេស ពន្យល់ថា មិនអាចទុកជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ ដោយការគ្រប់គ្រងនៅទីតាំងនេះ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិល ដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ។

ដោយឡែក ការប៉ុនប៉ងចោទប្រកាន់ថា ប្រាសាទព្រះវិហារជាទីតាំងយោធា ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាការមិនអើពើលើតថភាពច្បាប់ ដែលមានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ តាមការអះអាងរបស់ក្រសួងការបរទេស កម្ពុជាតែងប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូលរួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។

ជាការបញ្ជាក់ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ភាគីថៃ ថា ប្រាសាទព្រះវិហារ នៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុងគោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម