Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបងបង្កើនការអនុវត្តភូមិឃុំសង្កាត់មានសុវត្ថិភាព រួមទាំងការបោសសម្អាត Scams

បានផុស

នៅ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងជំរុញដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យបង្កើនការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយរួមបញ្ចូលទាំងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថា ខេត្តបាត់ដំបងត្រូវខិតខំពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ មន្ទីរ អង្គភាពនានា និងកងកម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ការពារ និងបន្តថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន តាមរយៈការជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

លោកឧបនាយករដ្ឋមន្ត្រី ក៏ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ជុំវិញខេត្តបាត់ដំបងឱ្យមានការរួមគ្នាបន្តការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងការទប់ស្កាត់និងប្រឆាំងដាច់ខាតមិនឱ្យមានការលូកដៃជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ដើម្បីជំរុញនូវការអនុវត្តកម្មវិធីនយោបាយ គោលនយោបាយ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ព្រមទាំងដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានានៅក្នុងខេត្តបាត់ដំបង លោក កើត រិទ្ធ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំលើកិច្ចការសំខាន់ៗមួយចំនួនផងដែរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកខណ្ឌ និងឃុំសង្កាត់នានានៃខេត្តបាត់ដំបង សំដៅគាំទ្រដល់អាជ្ញាធរខេត្ត។

លោកបានចង្អុលបង្ហាញឱ្យក្រុមការងារត្រូវរួមគ្នាខិតខំផ្សព្វផ្សាយ អប់រំ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបន្តពង្រឹងសាមគ្គីភាពជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ម្យ៉ាងខេត្តបាត់ដំបង ក៏រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃផងនោះ លោក បានណែនាំឱ្យមានកិច្ចសហការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមគាំទ្រដល់វិធានការចាំបាច់នានា សំដៅធ្វើឱ្យមានប្រក្រតីភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជន។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានលើកពីបញ្ហាព័ត៌មានក្លែងក្លាយផងដែរ ដោយក្នុងកិច្ចប្រជុំនោះ លោកបានលើកទឹកចិត្តក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបងត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋានខិតខំគ្រប់គ្រងសាធារណមតិ តាមរយៈការបំផុសអប់រំពលរដ្ឋតាមមូលដ្ឋាននីមួយៗរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃការពិតនានាក្នុងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម