Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រជាមួយមន្ទីរពេទ្យ នៃសាធារណរដ្ឋប្រជាមានិតចិន

បានផុស

នៅ

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយ លោកសាស្ត្រាចារ្យ Li Quan នាយករងមន្ទីរពេទ្យ Second Qilu Hospital នៃសាកលវិទ្យាល័យ Shandong នៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបនេះ បានពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រជាមួយមន្ទីរពេទ្យ Second Qilu នៃសាកលវិទ្យាល័យ Shandong នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាលើការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ បច្ចេកវិទ្យាសុខាភិបាល និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ខាងគណៈប្រតិភូចិន បានបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងសមិទ្ធផលការអភិវឌ្ឍវិស័យសុខាភិបាលនៅប្រទេសចិន ខណៈដែលភាគីកម្ពុជា បានលើកឡើងអំពីសារៈសំខាន់ នៃការចែករំលែកចំណេះដឹង បច្ចេកទេសវេជ្ជសាស្ត្រកម្រិតខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពស្រាវជ្រាវសុខាភិបាល។

លោករដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ មន្ទីរពេទ្យ Second Qilu Hospital នៃសាកលវិទ្យាល័យ Shandong និងតំណាងក្រុមហ៊ុន លើការស្វែងយល់ពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន ការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតវេជ្ជសាស្ត្រ ការសហការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងការជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មសុខាភិបាលនៅកម្ពុជា។

ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា។

ជំនួបពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងសុខាភិបាល និងតំណាងមន្ទីរពេទ្យ អ្នកជំនាញវេជ្ជសាស្ត្រ តំណាងក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រពាក់ព័ន្ធ នៃសាធារណរដ្ឋប្រជាមានិតចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម