Connect with us

ព័ត៌មានជាតិ

ទីប្រឹក្សាសម្ដេចតេជោ ដឹកនាំក្រុមការងារមកពីជប៉ុន នាំយកអំណោយចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការខេត្តព្រះវិហារ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ថ្មីៗ នេះ លោក ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងារមកពីប្រទេសជប៉ុន នាំយកអង្ករ តង់ សំណាញ់ សម្ភារៈសិក្សា ព្រមទាំងថវិកា ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចែកជូននេះ បានផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន ១៦ គ្រួសារ វីរកងទ័ព ៦៣ នាក់ និងសិស្សានុសិស្សជាកូនៗ របស់កងទ័ព ចំនួន ១៦ នាក់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ។

ក្នុងឱកាសនោះផងដែរ លោក ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ជូនដល់ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្ស ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ ចំពោះកងទ័ពជួរមុខ និងគ្រួសាររបស់ពួកគាត់។

លោក ហៃ វណ្ណា បញ្ជាក់ថា សន្តិភាព និងស្ថិរភាពដែលប្រទេសជាតិទទួលបានសព្វថ្ងៃ គឺកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់យ៉ាងអស្ចារ្យរបស់វីរកងទ័ព ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវីរសេនីយ៍ឯក ម៉ៅ សុវណ្ណ បញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងក្រុមការងារ ដែលបានជួយសម្របសម្រួល និងគាំទ្រការអនុវត្តបេសកកម្មនេះឲ្យប្រព្រឹត្តទៅដោយជោគជ័យ។

ជាចុងក្រោយ លោកបានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម្ភធនធាន និងសម្ភារៈផ្សេងៗ តាមរយៈសមាគម ដើម្បីរួមចំណែកគាំទ្រដល់កងទ័ព និងសហគមន៍នៅតំបន់ជួរមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម