ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាស្នងការរងបន្ទាយមានជ័យនាំកូនប្រុស ស៊ីវ ជ័យសិដ្ឋមកទទួលទោស ខណៈអង្គភាពជំនាញដាក់ឈ្មោះក្នុងបញ្ជីខ្មៅមិនឱ្យចេញពីកម្ពុជា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី៣១ ខែមីនា បានបញ្ជាឱ្យស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច នាំខ្លួនកូនប្រុស ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ នេះបើតាមការឱ្យដឹងដោយលោក រ៉េន រតនៈ អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី៣១ ខែមីនា នេះ។

បទបញ្ជារបស់លោក ស សុខា កើតមានឡើង បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមសម្តែងការព្រួយបារម្ភថាជនដែលបើកបររថយន្តម៉ាក MERCEDES BENZ ពាក់ផ្លាកលេខកម្ពុជា C.S.6168 ដែលមានឳពុកជាស្នងការរងអាចរួចខ្លួន មិនទទួលទោសតាមច្បាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស៦នាក់រួមទាំងទារកក្នុងផ្ទៃម្ដាយបាត់បង់ជីវិត។

បើតាមអ្នកនាំពាក្យ នៅថ្ងៃទី៣១ ខែមីនា នេះ លោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ លោក ស សុខា ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា។
គួររម្លឹកថា របាយការណ៍របស់សមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង១០៖៤០នាទីយប់ថ្ងៃទី២៧ ខែមីនា ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឱ្យមនុស្សចំនួន៦នាក់រួមទាំងទារកក្នុងផ្ទៃម្ដាយបានបាត់បង់ជីវិត និងរបួសកុមារាម្នាក់។ ហេតុការណ៍នោះបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ទិសដៅពី ភ្នំពេញឆ្ពោះទៅបាត់ដំបង លុះដល់ចំណុចកើតហេតុខាងលើក៏ទៅបុកម៉ូតូចំនួន២គ្រឿង ដែលបើកបរនៅលើគន្លងម៉ូតូ។

ក្រោយកើតហេតុបណ្ដាលឱ្យមនុស្សស្លាប់ ជនបើករថយន្ត បានរត់គេចខ្លួន ប៉ុន្តែនៅថ្ងៃទី៣០ ខែមីនា សមត្ថកិច្ចបានប្រកាសពីការកំណត់អត្តសញ្ញាណអ្នកបើកបរបាន និងកោះហៅឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលគេស្គាល់ថាជាកូនប្រុសរបស់ឈ្មោះ ស៊ីវ សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១ ខែមេសា នៅស្នងការខេត្តបាត់ដំបង។

ជុំវិញករណីនេះ ជុំវិញករណីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែមីនា បានអះអាងពីការ ចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ថា ការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


