Connect with us

ព័ត៌មានជាតិ

ប្រភពថាមពលអគ្គិសនីអនុភាពប្រមាណ ១ ០០០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុង​ផែនការ​​ជំរុញ​សាងសង់ក្នុងខេត្តរតនគិរី

បានផុស

នៅ

​ប្រភព​ថាមពល​អគ្កិសនី​ដែល​មាន​អនុភាព​ប្រមាណ ១០០០ មេហ្គាវ៉ាត់ ស្ថិត​នៅក្នុង​គម្រោង​សាងសង់​ក្នុង​ខេត្ត​រតនគិរី​ដែល​នឹង​ក្លាយ​ជា​ប្រភព​ថាមពល​ថ្មី​បន្ថែម​ចាក់​ចូលទៅ​​ក្នុង​បណ្ដាញអគ្គិសនី​​ជាតិ។

លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ខេត្ត​រតនគិរី​មាន​ការ​អភិវឌ្ឍ​ជាពិសេស​លើ​​ហេដ្ឋារចនាសម្ព័ន្ធថាមពល​អគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើកឡើង​ពី​គម្រោង​អភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី​ថ្មី​បន្ថែម​​ ដែលមាន​អនុភាព​ប្រមាណ ១ ០០០ មេហ្គាវ៉ាត់​ នៅ​ស្រុក​លំផាត់​បាន​បញ្ចប់​ការ​សិក្សា​រួចរាល់ ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន Royal Group។

លោកថា គម្រោង​នេះ​រួម​បញ្ចូល​គ្នារវាង​​វារីអគ្គិសនី​ដែល​អាច​ផលិត​បាន ៣៥០ មេហ្គាវ៉ាត់ និង​ប្រភព​ថាមពល​សូឡា​ជាង ៤០០ មេហ្គាវ៉ាត់​ទៀត ដែលបូក​បញ្ចូល​គ្នា​ទៅ​មាន​ទំហំ​ជាង ៩០០ មេហ្គាវ៉ាត់។

«តាមការ​សិក្សា​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ២ ភូមិ។ ប៉ុន្តែ​ក្រុមហ៊ុនមាន​ទីតាំង​ថ្មី​សម្រាប់​ប្តូរ​ជូន​ប្រជាពលរដ្ឋ ដោយ​ក្រុមហ៊ុន​នឹង​ជួយ​ទូទាត់​សំណង​លើ​ផ្ទះ​សម្បែង ដីចម្ការ ដីស្រែ និង​ដំណាំ​ផ្សេងៗ ហើយ​ថែម​ទាំង​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​អគ្គិសនី​ក្នុង​តម្លៃ​អនុគ្រោះ​ទៀត​ផង»។ លោក ញ៉ែម សំអឿន បញ្ជាក់​។

បន្ថែមពីនេះ លោក​អភិបាល​ខេត្ត​ក៏​​បង្ហើប​​ពី​ប្រភព​ថាមពល​អគ្គិសនី​ផ្សេង​ទៀត​​ ដែលកំពុង​សិក្សា​នៅ​ព្រែក​ល្អាង ១ និង​ព្រែក​ល្អាង ​២ នៅ​ខាងជើង​ស្រុក​អណ្ដូង​មាស​ដែល​មាន​ទំហំ ១១០ មេហ្គាវ៉ាត់ ​សរុប​ទាំង​អស់​ក្នុង​ខេត្ត​​គ្រោង​ផលិត​ប្រមាណ​ជាង ១ ០០០ មេហ្គាវ៉ាត់ ដែលអនាគត​នឹង​​ធ្វើ​ឱ្យ​ខេត្ត​ភាគ​ឦសាននេះ​ក្លាយ​ជា​ធុង​អាគុយ​ប្រភព​ផលិតថាមពល​​​​អគ្គិសនី​ ដែល​​​​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ទូទាំង​ប្រទេស។

ខេត្ត​រតនគិរី​ស្ថិត​នៅ​ភូមិ​ភាគ​ឦសាន មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ប្រមាណ ២៤ ម៉ឺននាក់។ រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត​មាន​ក្រុង​ចំនួន១ គឺ​ក្រុង​បានលុង ស្រុក​ចំនួន ៨ សង្កាត់​ចំនួន ៤ និង​ឃុំ​ចំនួន​៤៦ និង​មាន​ភូមិ​ចំនួន ២៤៣។ ស្ថានភាព​នៃ​ការប្រើប្រាស់​អគ្គិសនី​បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត ​នៅ​ក្នុង​ចំណោម​ភូមិ​សរុប​ទាំង ២៤៣ ភូមិ មាន ២៣៤ ភូមិ (ស្មើនឹង ៩៦.៥៦%) មាន​អគ្គិសនី​ប្រើប្រាស់។

លោក​ ញ៉ែម សំអឿន រំពឹង​ថា ភូមិ​ដែល​សេសសល់​ចំនួន ៩ ភូមិ​ទៀត នឹង​មាន​អគ្គិសនី​ប្រើប្រាស់​ទាំងអស់​នៅ​ពេល​គម្រោង​​វារីអគ្គិសនី​សាងសង់​រួចរាល់៕

បន្តចុចអាន៖ ស្វែងយល់ពីសក្តានុពល និងផែនការអភិវឌ្ឍក្នុង​ខេត្ត​រតនគិរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម