ព័ត៌មានជាតិ
ស្វែងយល់ពីសក្តានុពល និងផែនការអភិវឌ្ឍក្នុងខេត្តរតនគិរី
ខេត្តរតនគិរីមានចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៧៨ និង ៧៦ ត្រូវចំណាយពេលប្រហែល ៧ ទៅ ៨ ម៉ោង។
ខេត្តនៅតំបន់ភូមិភាគឦសាននេះ មានវិសាលភាពផ្ទៃដីធំទូលាយរហូតដល់ទៅទំហំ ១០ ៧៨២ គីឡូម៉ែត្រការ៉េ។ រចនាសម្ព័ន្ធរដ្ឋបាលរបស់ខេត្តមានស្រុកចំនួន ៨ ក្រុង ១ គឺក្រុងបានលុង និងបែងចែកជា ៤៦ ឃុំ ៤ សង្កាត់ និង ២៤៣ ភូមិ។


ប្រជាជនមានចំនួនប្រហែល ២៤ ម៉ឺននាក់ ដែលក្នុងនោះ ៦០% ជាជនជាតិដើមភាគតិច ដូចជា ទំពួន ភ្នង គួយ កាវែត កាចក់ ជាដើម។ បច្ចុប្បន្ន ស្ថានភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត មានការប្រែប្រួល និងការអភិវឌ្ឍន៍មិនដូចសម័យមុនឡើយ។
ខេត្តមានព្រំដែនជាប់ប្រទេសវៀតណាមប្រវែង ២២០ គីឡូម៉ែត្រ និងជាប់ប្រទេសឡាវប្រវែង ១៧០ គីឡូម៉ែត្រ។
តាមរយៈការផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលដែនដីខេត្តរតនគិរី។

វិស័យសេដ្ឋកិច្ច និងកសិកម្ម
ដំណាំកសិកម្មជាវិស័យបង្គោលដ៏សំខាន់ ដែលក្នុងនោះស្វាយចន្ទីមានការដាំដុះលើផ្ទៃដី ១០ ម៉ឺនហិកតា និងកៅស៊ូ ៨ ម៉ឺនហិកតា។ ក្រៅពីនេះមាន ស្រូវ (៤ ម៉ឺនហិកតា) កាហ្វេ (៦០០ ហិកតា), កាកាវ (៥០ ហិកតា), ម្រេច (៥០០ហិកតា) និងធុរេន (ជាង ១ ពាន់ហិកតា)។
នៅក្នុងខេត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ២៧ ក្រុមហ៊ុន (វៀតណាម ១៣, ចិន ៣, ឥណ្ឌា ១ និងក្នុងស្រុក ១០)។ រដ្ឋបាលខេត្តកំពុងជំរុញឲ្យក្រុមហ៊ុនទាំងនោះពន្លឿនការអភិវឌ្ឍន៍លើដីដែលទទួលបាន។
ថាមពល
ខេត្តគ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០ មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីដែលមានអានុភាព ១១០ មេហ្កាវ៉ាត់នៅក្បែរព្រំដែនប្រទេសឡាវ។ បច្ចុប្បន្នខេត្តប្រើប្រាស់អគ្គិសនីប្រហែល ២០ មេហ្កាវ៉ាត់ និងមានបណ្តាញអគ្គិសនីបានតភ្ជាប់ទៅដល់ ៩៦% នៃភូមិសរុបទូទាំងខេត្ត។
វិស័យទេសចរណ៍
ខេត្តមានរមណីយដ្ឋានទេសចរណ៍សរុប ៣០ កន្លែង (ធម្មជាតិ ២២, វប្បធម៌ ២ និងកែច្នៃ ៦)។ គោលដៅទាក់ទាញទេសចរណ៍សំខាន់ៗរួមមាន បឹងយក្សឡោម បឹងកន្សែង ទឹកធ្លាក់កាចាញ ទឹកធ្លាក់កាទៀង និងឧទ្យានជាតិវីរជ័យ។
សណ្ឋាគារក្នុងខេត្តមានចំនួន ១៦ កន្លែង ផ្ទះសំណាក់ចំនួន ៣៣ កន្លែង រួមទាំងអាហារដ្ឋាន ខារ៉ាអូខេ និងបៀហ្គាដិន ដើម្បីផ្តល់សេវាដល់ទេសចរមកកម្សាន្ត។

អប់រំ
ក្នុងខេត្តមានសាលារៀនសរុប ៥០៨ កន្លែង ខណៈឆ្នាំ ២០២៥ សិស្សក្នុងខេត្តដែលមានអត្រាជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) សម្រេចបាន ៨៥.៣% ដែលខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។
សុខាភិបាល
មន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបតម្លៃជាង ៣ លានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
វិស័យសង្គមកិច្ច
ពាក់ព័ន្ធវិស័យទឹកស្អាត និងអនាម័យ ៨០% នៃប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងបញ្ហាអនាម័យបានក្លាយជាខេត្តដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
វិស័យឧស្សាហកម្ម
ក្នុងខេត្តមានរោងចក្រឧស្សាហកម្មធំៗចំនួន ៧ ដែលមានក្រុមហ៊ុនកែច្នៃកៅស៊ូចំនួន ៣ ក្រុមហ៊ុនកែច្នៃផ្លែឈើចំនួន ៣ និងក្រុមហ៊ុនកែច្នៃដំឡូងមីចំនួន ១ ជាមួយដើមទុនសរុបជាង ៤៦០ លានដុល្លារ។
សហគ្រាសធុនតូច និងមធ្យមមានចំនួន ៣៣២ មូលដ្ឋាន មានដើមទុនជាង ១១ លានដុល្លារ។ ថ្មីៗនេះមានក្រុមហ៊ុនក្តារបន្ទះចំនួនពីរ វិនិយោគពីប្រទេសចិនដែលបានចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មផលិតក្តារបន្ទះនាំចេញទៅក្រៅប្រទេស។
ហេដ្ឋារចនាមសម្ព័ន្ធ
ខេត្តបានស្ថាបនាផ្លូវជាច្រើនខ្សែ ក្នុងនោះបានស្ថាបនាផ្លូវ DBST ទៅរមណីដ្ឋានទឹកធ្លាក់តាអ៊ុង និងផ្លូវកៅស៊ូទៅស្រុកវ៉ឺនសៃ និងទៅស្រុកតាវែង រួមទាំងផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែទៀត។
ដោយឡែកក្រុងបានលុង ត្រូវបានចាត់ទុកជាទីក្រុងដែលមានអភិវឌ្ឍផ្លូវភ្លោះក្នុងក្រុងច្រើនជាងគេនៅក្នុងខេត្តភាគឦសាន។
សន្តិសុខ និងកិច្ចការព្រំដែន
ភូមិឃុំមានសុវត្ថិភាពត្រូវបានយកចិត្តទុកដាក់ ដោយមានកម្លាំងប្រជាការពារជិត ៥,០០០ នាក់។ ព្រំដែនជាមួយប្រទេសវៀតណាម មានកិច្ចសហប្រតិបត្តិការល្អ ទាំងការបោះបង្គោលព្រំដែន (សម្រេចបានភាគច្រើនដោយបោះបង្គោលមេបានចំនួន ៣០ បង្គោល និងនៅសល់ចំនួន ១០ បង្គោលទៀត) និងការជួយស្វែងរកធាតុពលទាហានវៀតណាម។
ចំពោះផ្លូវក្រវាត់ព្រំដែនប្រវែង ១១៥ គីឡូម៉ែត្រ សាងសង់សម្រេចបានជាង ៦៣ គីឡូម៉ែត្រ។
ផែនការទៅថ្ងៃខាងមុខ
ខេត្តគ្រោងពង្រីកច្រកអន្តរជាតិអូរយ៉ាដាវដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់ជាមួយប្រទេសវៀតណាម នៅលើផ្ទៃដីទំហំ ២០ ហិកតា ក្រោមការគាំទ្រពីធនាគារពិភពលោក។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានឯកភាពសាងសង់ព្រលានយន្តហោះថ្មីមួយ ដែលបច្ចុប្បន្នកំពុងសិក្សាទីតាំង និងរំពឹងថានឹងរួចរាល់ក្នុងរយៈពេលប្រហែល ៣ ឆ្នាំខាងមុខ ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍ក្នុងខេត្តភូមិភាគឦសាននេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


