Connect with us

ព័ត៌មានជាតិ

កម្ពុជាផ្សព្វផ្សាយច្បាប់ប្រឆាំង Online Scam ដល់បណ្ដាអង្គទូតបរទេស

បានផុស

នៅ

ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលទើបត្រូវបានប្រមុខរដ្ឋស្ដីទី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ គឺត្រូវបានយកមកផ្សព្វផ្សាយដល់បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយនេះគឺបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការធ្វើបទបង្ហាញដោយលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្តីការក្រសួងការបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការបរទេសកម្ពុជា ព្រមទាំងបណ្តាអង្គទូតបរទេសចំនួន២៨ប្រទេស និងអង្គការអន្តរជាតិចំនួន៨ ដែលប្រចាំនៅកម្ពុជា។ តាមរយៈកិច្ចប្រជុំនេះ មន្ត្រីជំនាញរបស់កម្ពុជា បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរួមមាន បទល្មើសថ្មីចំនួន៥ និងនីតិវិធីពិសេសថ្មីនៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានកំណត់នៅក្នុងមាត្រា ២១។

គួរកត់សម្គាល់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន​៥ជំពូក និង​២៤​មាត្រា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ​បន្ទាប់ពីច្បាប់​នេះ​ ត្រូវ​បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ២០២៦ និង​ត្រូវ​បាន​អនុម័តដោយរដ្ឋសភាជាតិកាលពីថ្ងៃទី៣០ ​ខែមីនា ​ហើយទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដែលមានភាពចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

តាម​រយៈច្បាប់​នេះ​ បទ​ល្មើស​ព្រហ្មទណ្ឌថ្មី​ចំនួន​៥​ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​​ប្រសិទ្ធភាព​អនុវត្តន៍ គឺរួមមាន ១.បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ២.បទរៀបចំឬ​ដឹក​នាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៣.បទ​ជ្រើសរើស​ឬ​បណ្ដុះ​បណ្ដាល​អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្តអំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ៤.បទ​ប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ឬ​ឯកសារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នានា​របស់​អ្នក​ដទៃ​ និង​៥.ការ​បង្កើត​ទម្រង់​ពិសេស​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​។

បទ​ល្មើស​ទាំង​នេះ​ បានកំណត់ដាក់ទោស​ជនល្មើស​ត្រូវប្រឈមនឹងការ​ជាប់​ពន្ធនាគារ​​ខ្ពស់​បំផុត​ដល់​១​ជីវិត​ និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​១០០០លានរៀល​ ថែម​ទាំង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​ផងដែរ​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម